អានតួអត្ថបទ
ចិន-អាមេរិក

ប្រមុខការទូត​អាមេរិក​ទូរស័ព្ទ​ទៅ​សមភាគី​​ចិន មុន​ការ​​ជួបគ្នា​នៅ​ប៉េកាំង

​លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក ត្រូវ​ដំណើរ​ទៅ​ទីក្រុងប៉េកាំង នា​ពេល​ចុង​សប្តាហ៍​នេះ​ដើម្បី​សាកល្បង​បន្ធូរ​សម្ពាធ​ការ​ទូត។ មុន​ទស្សនកិច្ច​ ​លោក​ប្រមុខ​ការ​ទូត​អាមេរិក​ បាន​ជជែក​តាម​ទូរស័ព្ទនៅ​ថ្ងៃពុធ​ទី ១៤​មិថុនា​​នេះ ជាមួយ​សមភាគី​ចិន លោក ឈីង កង ដោយ​ជំរុញ​ឱ្យ​ចិន​រក្សា​បណ្តាញ​ទំនាក់ទំនង រវាង​មហាអំណាច​ទាំងពីរ នៅ​​ ចំហ​ ជា​និច្ច ដើម្បី​បញ្ចៀស​ជម្លោះដោយការ​គិត​ខុស។

ប្រមុខការទូត​អាមេរិក​ទូរស័ព្ទ​ទៅ​សមភាគី​​ចិន មុន​​ជួបគ្នា​នៅ​ប៉េកាំង
ប្រមុខការទូត​អាមេរិក​ទូរស័ព្ទ​ទៅ​សមភាគី​​ចិន មុន​​ជួបគ្នា​នៅ​ប៉េកាំង © AFP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រសួងការបរទេស​ចិន នៅក្នុង​ការ​ជជែក​តាម​ទូរស័ព្ទ លោក ឈីង កង បាន​បន្ទោស​​​ថាតាំង​ពី​ដើម​ឆ្នាំ​មក​​ទំនាក់ទំនាក់​ចិន​អាមេរិក បានធ្លាក់​ដុនដាប​​​ថ្មី។ គេ​ដឹង​ច្បាស់​ថា​នរណា​ជា​អ្នក​នាំ​ហេតុ។ ប្រមុខ​ការទូត​ចិនក៏​បាន​ពន្យល់​អំពី​ជំហរ​ដ៏ច្បាស់លាស់​របស់​ចិន ស្តីពី​តៃវ៉ាន់ ដែល​ជា​ប្រភព​នាំភាព​តានតឹង​ឱ្យ​មហាអំណាច​ទាំងពីរ​ ព្រមទាំង​កង្វល់​ចម្បងៗ​របស់​ចិន​ផ្សេង​ទៀត។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ចិន ដែល​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ ត្រូវ​តែ​គោរព​ និង​បញ្ឈប់​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​​ចិន និង​ឈប់​រំលោភ​ បំពាន​ បូរណភាព​ សន្តិសុខ​ និងផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​ ក្រោម​ផ្លាក​ប្រកួត​ប្រជែង។

ខាង​អាមេរិក​វិញ ខ្លឹម​សារ​នៃ​កិច្ចសន្ទនា មាន​លក្ខណៈ​សុទិដ្ឋនិយម​ជាង​បន្តិច។ លោក​អង់តូនីប្លីងកិន បាន​លើក​ឡើង​អំពី​ភាព​សំខាន់​នៃ​រក្សា​បណ្តាញ​ជជែក​ពិភាក្សា​គ្នា​ ឱ្យ​នៅ​ចំហ​ជា​និច្ច​ ដើម្បី​ចាត់​ចែងទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ និង​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​កា​រគិត​ខុស​នាំ​ឱ្យ​កើត​ជា​ជម្លោះ​ទាន់។

លោក​ប្លីងកិន ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អាមេរិក​នឹង​បន្ត​ជំហរ​នយោបាយ​រំលេច​ឱ្យ​ឃើញ​ពីការ​ព្រួយ​បារម្ភ​ទាំងឡាយ ព្រមទាំង​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួ​ង​ការបរទេស​អាមេរិកដដែល​។

ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នេះ ប្រព្រឹត្ត​ទៅ​តែ​បី​ថ្ងៃ មុន​ដំណើរ​​ទៅ​ដល់​ក្រុង​ប៉េកាំង ​របស់​លោក​ប្រមុខ​ការទូត​អាមេរិក។ ​​ដំណើរ​ទស្សនកិច្ច​ គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ​២០២៣ តែ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ក្រោយ​ពី​មាន​ហេតុការណ៍​បាល់ឡុង​ចារកិច្ច​ចិន​ហោះ​ចូល​ដីអាមេរិក។ ទស្សនកិច្ច​ថ្នាក់​រដ្ឋមន្ត្រីការបរទេសអាមេរិក​នៅចិន​ ដែល​អាច​ចាត់ទុក​ថា​ជា​លើក​ដំបូងគិត​ចាប់​តាំងពី​ឆ្នាំ​២០១៨មក គ្រោង​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ទី ១៨​មិថុនា ប៉ុន្តែ​មក​ទល់​ពេល​នេះ មិនទាន់​មាន​ការ​បញ្ជាក់​​ជា​ផ្លូវការ​ ពី​សំណាក់​ក្រសួងការបរទេស​អាមេរិក ឬ​ពី​ខាង​ភាគី​ចិន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ