អានតួអត្ថបទ
នាវាមុជទឹក​ទេសចរណ៍

រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​ទេសចរណ៍​ ទីតាន អ្នក​ដំណើរ​​ស្លាប់ទាំង​អស់

កងឆ្មាំ​សមុទ្ទ​អាមេរិក បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ រក​ឃើញ​បំណែក​នាវា​មុជទឹក​ទេសចរណ៍ ទីតាន នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខ្មោច​នាវា​ទីតានិក។ បាត់​ខ្លួន​តាំង​ពី​ថ្ងៃអាទិត្យ​ទី ១៨​មិថុនា​ ទីតាន​ ​ទំនង​ជាត្រូវ​​បែក​ដោយមិន​អាច​ធន់​នឹង​​សម្ពាធ​ទឹកបាន ហើយ​​​អ្នក​ដំណើរ​ទាំង​៥នាក់ ក៏​ត្រូវ​ស្លាប់​ភ្លាម​ក្នុង​ពេល​នោះដែរ។

រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​ទេសចរណ៍​ ទីតាន អ្នក​ដំណើរ​​ស្លាប់ទាំង​អស់
រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​ទេសចរណ៍​ ទីតាន អ្នក​ដំណើរ​​ស្លាប់ទាំង​អស់ via REUTERS - OCEANGATE EXPEDITIONS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត ឧត្តមនាវី​ទោ​អាមេរិក ចន ម៉ូហ្គឺរ John Mauger​​ ដែល​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិការ​រុករក​សង្គ្រោះ បាន​បញ្ជាក់អំពី​ការ​​រក​ឃើញ​បំណែក​នាវា​មុជទឹក​ទេសចរណ៍​ទីតាន ចំនួន ៥​ដុំធំៗ ក្នុង​នោះ​មួយ​ផ្ទាំង​ជា​ផ្នែក​ក្បាល មួយ​ផ្ទាំង​ជា​ផ្នែក​កន្ទុយ​របស់​នាវា នៅ​ចម្ងាយ​ប្រមាណ​៥០០ម៉ែត្រ​ពី​បំណែក​ខ្មោច​នាវា​ទីតានិក និង​ក្នុង​ជម្រៅ ៣៨០០ម៉ែត្រ។ តាម​រយៈ​បំណែក​នេះ លោក ឧត្តមនាវីទោអាមេរិក បានបង្ហើប​​សេចក្តី​​សន្និដ្ឋាន​ថា នាវា ទីតាន ទំនង​​​បែក​ ដោយ​រង​សម្ពាធ​ទឹក​។ ក្នុង​ជម្រៅ​ទឹក​ជិត​បួនពាន់​ម៉ែត្រ ​សម្ពាធមាន​​ខ្លាំង​​ អ្នក​ដំណើរ​ទាំង​៥​នាក់ ទំនង​ជា​ត្រូវដាច់​ខ្យល់​​ស្លាប់​ភ្លាមតែ​ម្តង។

អ្នក​ដំណើរ​ទាំង​៥​នាក់​នោះ​គឺ​ ម្ចាស់​ក្រុមហ៊ុន​ OceanGate លោក Stockton Rush អ្នក​ជំនួញ​អង់គ្លេស Hamish Harding (៥៨ឆ្នាំ) អតីត​អ្នក​មុជទឹក​និង​យោធា​ជើង​ទឹកបារាំង Paul Henri Nargeolet ព្រមទាំង​មហាសេដ្ឋី​ប៉ាគីស្ថាន​ Shahzada Daxood និង​កូន​ប្រុស​អាយុ​១៩ឆ្នាំ​ ដែល​ក៏​មាន​សញ្ជាតិ​អង់គ្លេស​មួយ​ទៀតដែរ។ OceanGate និងកង​ឆ្មាំ​សមុទ្ទ​អាមេរិក បាន​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព ដែល​សុទ្ធ​សឹង​ជា​អ្នក​ចូល​ចិត្ត​ផ្សងព្រេង​និង​មាន​ជំនក់ចិត្ត​ក្នុង​ការ​រុក​រក​និង​អភិរក្ស​មហាសមុទ្ទ។

​គ្រាន់​តែ​មាន​ដំណឹង​រក​ឃើញ​បំណែក​ទីតាន​ភ្លាម កាសែត​អាមេរិក Wall Street Journal និង​ CNN បាន​ផ្សព្វផ្សាយ​ថា ​យោធា​​អាមេរិក​ចាប់​បាន​សញ្ញា​ដែល​សង្ស័យ​ថា​ទីតាន ​ផ្ទុះ​បែក តាំងពី​ថ្ងៃអាទិត្យ ប៉ុន្មាន​ម៉ោង​ក្រោយការ​បាត់​ដាន​នាវា​មុជទឹក​បន្តិចប៉ុណ្ណោះ។ តែ​CNNថា​ ខាង​ទាហាន​អាមេរិក​បដិសេធ ដោយ​បញ្ជាក់​ថា​ស្នូរ​នោះ​បាន​ជួយ​កំណត់​តំបន់​ត្រូវ​ស្វែង​រក។

គ្រោះ​បែក នាវា​មុជទឹក​ទេសចរណ៍​ ទីតាន ​ក្រោយ​ពី​មុជ​ចូល​ក្នុង​ទឹក​បាន​១ម៉ោង​និង​៤៥​នាទី កំពុង​បំផុស​ចំណោទ​ជា​ច្រើន​ជុំ​វិញ​បញ្ហា​សុវត្ថិភាព​ដែល​អាច​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ផ្នែក​បច្ចេកទេស​។ មា​នព័ត៌មាន​ជា​ច្រើន​ដាក់​បន្ទុក​លើ​ក្រុមហ៊ុន​OceanGate។ បើតាម​អតីត​ប្រធាន​ក្រុម​ហ៊ុន​ដែល​ត្រូវ​គេ​បណ្តាញ​ចេញ កាលពី​ឆ្នាំ​២០១៨​ ព្រោះបញ្ចេញ​ភាព​សង្ស័យ​ខ្លាំ​ង​​លើ​សុវត្ថិភាព​របស់​នាវា បង្អួច​មុខ​របស់​ទីតាន អាច​ធន់​នឹង​សម្ពាធ​ទឹក​ជម្រៅ​១៣០០​ម៉ែត្រ​ មិន​មែន​សម្រាប់​ចុះ​ក្នុង​ជម្រៅ​​៤០០០ម៉ែត្រ​ឡើយ។ ក្រៅ​អំពី​ចំណុច​ខ្សោយ​នេះ នាវា​ក៏​អាច​ផ្ទុះ​បែក​ដោយរង​សម្ពាធ​ទឹក​ដែរ បើ​​មាន​ស្នាម​ប្រេះ ឬ​ស្នាម​នៃភាព​ចាស់សឹក​ ណា​មួយ​ ដ៏​តូច​ឆ្មា​រ​ក៏​ដោយ​ចុះ​ ​នៅលើ​តួ ឬ​ នៅ​បង្អួច​។ កា​រស្រាវជ្រាវ​នឹង​អាច​បំភ្លឹ​បាន​ថ្ងៃ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ