អានតួអត្ថបទ

អាមេរិក៖គ្មានភស្តុតាងដែលបញ្ជាក់ថា មេរោគកូវីដ១៩ ត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍ចិនទេ

នៅ​អាមេរិក ក្រសួង​ស៊ើបការណ៍សម្ងាត់​បាន​ចេញ​មុខ​ធានា​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី២៣ មិថុនា​ថា គ្មាន​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​បង្កើត​មេរោគ​កូវីដ១៩ នៅ​ក្នុង​មន្ទីរពិសោធន៍​ចិន​ទេ។ របាយការណ៍​នេះ​បាន​ធ្លាក់​មក ៣ខែ​ក្រោយ​ពី​ក្រុម​សមាជិកសភា​អាមេរិក​បាន​សុំ​ឲ្យ​ក្រសួង​ស៊ើបការណ៍សម្ងាត់​បំភ្លឺ​បន្ថែម​ជុំវិញប្រភពដើម​មេរោគ​កូវីដ១៩។ គួរ​រម្លឹក​ថា មេរោគ​កូវីដ១៩ បាន​លេច​រូបរាង​នៅ​ចិន​នា​ដំណាច់​ឆ្នាំ ២០១៩។ តែ​មក​ដល់​សព្វថ្ងៃ គេ​នៅ​មិន​ទាន់​ដឹង​ពី​ប្រភពដើម​របស់​មេរោគ​ឆ្លង​សកល​នេះ​នៅ​ឡើយ​ទេ។

អាមេរិកថា គ្មានភស្តុងតាងដែលបញ្ជាក់ថា មេរោគកូវីដ១៩ ត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍ចិនទេ។
អាមេរិកថា គ្មានភស្តុងតាងដែលបញ្ជាក់ថា មេរោគកូវីដ១៩ ត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍ចិនទេ។ © AP - Sam McNeil / AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​បញ្ជាក់​ច្បាស់ៗ​ថា គេ​គ្មាន​ភស្តុងតាង​អ្វី​ដើម្បី​អះអាង​លើ​ព័ត៌មាន​លេច ឮ​ថ្មីៗ​ដែល​ថា ក្រុម​អ្នកវិទ្យាសាស្រ្ត​ចំនួន ៣នាក់​នៅ​មន្ទីរពិសោធន៍​ចិន​វូហាន​ប្រហែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូវីដ១៩ មុន​គេ និង​ប្រហែល​ជា​អ្នក​ដែល​បាន​បង្កើត​មេរោគ​កូវីដ១៩ ដោយ​ខ្លួន​ឯង។ តាម​របាយការណ៍​ដដែល អាមេរិក​ក៏​គ្មាន​ព័ត៌មាន​ណា​មួយ​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ពិសោធន៍​លើ​មេរោគ​កូវីដ១៩ របស់​អ្នកវិទ្យាសាស្រ្ត​ទាំង ៣នាក់​ដែរ។

របាយការណ៍​របស់​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​បាន​ធ្លាក់​មក ៣ខែ​បន្ទាប់​ពី​ក្រុម​សមាជិកសភា​បាន​ស្នើ​ឲ្យ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​ផ្តល់​ព័ត៌មាន​បន្ថែម​ដែល​មាន​ក្នុង​ដៃ​ជុំវិញ​អត្តសញ្ញាណ និង​ប្រភព​ដើម​របស់​កូវីដ១៩។ គួរ​បញ្ជាក់​ថា តាំង​ពី​កូវីដ១៩ បាន​លេច​រូបរាង​ដំបូង​នា​ដំណាច់​ឆ្នាំ ២០១៩​នៅ​ចិន​មក គេ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ចាប់​កំណើត​របស់​មេរោគឆ្លង​សកល​មួយ​នេះ​នៅ​ឡើយ​ទេ។ មាន​សម្មតិកម្ម​ចំនួន​ពីរ​ដែល​ក្រសួងស៊ើបការណ៍សម្ងាត់​អាមេរិក​ខុសៗ​គ្នា​បាន​បន្ត​លើក​ឡើង​មក​ដល់​សព្វ​ថ្ងៃ ទី១ ជា​មេរោគ​កើត​ចេញ​ពី​ធម្មជាតិ ដូច​ជា​តាម​ពពួក​សត្វព្រៃ និង​សម្មតិកម្ម​ទី២ ជា​មេរោគ​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​ចិន​វូហាន។

កន្លង​មក សម្មតិកម្ម​ទី២ ដែល​ថា​ជា​មេរោគ​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​ចិន​វូហាន​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​មិន​តិច​ទេ។ អ្វី​ដែល​ច្បាស់​មក​ដល់​បច្ចុប្បន្ន សម្មតិកម្ម​ដែល​បាន​លើក​ឡើង​នៅ​បន្ត​ជា​សម្មតិកម្ម នោះ​បើ​ទោះ​បី​ជា​កូវីដ១៩ បាន​សម្លាប់​មនុស្ស​ច្រើន​លាននាក់​នៅ​លើ​លោក និង​ហាក់​បាន​ស្ងប់ស្ងាត់​ច្រើន​ក៏​ដោយ​នៅ​ពេល​នេះ។ អ្វី​ដែល​ច្បាស់​នាចំណែក​សហគមន៍​អ្នកវិទ្យាសាស្រ្ត​ភាគច្រើន​បាន​បន្ត​ផ្តោត​លើ​សម្មតិកម្ម​ដែល​ថា កូវីដ១៩ បាន​ឆ្លង​ចេញ​ពី​សត្វព្រៃ​ទៅ​លើ​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ