អានតួអត្ថបទ
ឃាតកម្មបេក្ខជនប្រធានាធិបតី

បេក្ខជនប្រធានាធិបតីអេក្វាទ័រ​ត្រូវគេធ្វើឃាតនៅក្នុងពេលធ្វើការឃោសនាបោះឆ្នោត

នៅអេក្វាទ័រ លោកប្រធានាធិបតីហ្គីយ៉ែម៉ូ ឡាសូប្រកាស​ដាក់ប្រទេស​ក្នុងភាពអាសន្ន​ ចំនួន​៦០ថ្ងៃ នៅបន្ទាប់ពី​បេក្ខជនប្រធានាធិបតីមួយរូបត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់​នៅក្នុង​ពេល​ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃ​ពុធ ទី ៩​សីហា។ ប្រធានាធិបតី​អេក្វាទ័រប្រកាស​កាន់ទុក្ខជាតិ៣ថ្ងៃ​សម្រាប់​ជនរួមជាតិ លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ វ៉ាឡង់ស្យា ដែលត្រូវគេធ្វើឃាតកាលពីថ្ងៃពុធ ប៉ុន្តែ ប្រធានាធិបតីប្រកាស​មិនផ្លាស់ប្តូរ​ថ្ងៃបោះឆ្នោតជាតិដែលត្រូវ​ប្រព្រឹត្តទៅនៅថ្ងៃទី ២០​សីហាខាងមុខ។

ប៉ូលិសនិងក្រុមសង្រ្គោះបន្ទាន់នៅកន្លែងកើតហេតុដែលបេក្ខជនប្រធានាធិបតីត្រូវគេធ្វើឃាតកាលពីថ្ងៃទី ៩សីហា ២០២៣
ប៉ូលិសនិងក្រុមសង្រ្គោះបន្ទាន់នៅកន្លែងកើតហេតុដែលបេក្ខជនប្រធានាធិបតីត្រូវគេធ្វើឃាតកាលពីថ្ងៃទី ៩សីហា ២០២៣ AP - Juan Diego Montenegro
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បាញ់សម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រកើតឡើង​នៅល្ងាច​ថ្ងៃពុធ នៅពេលដែល​ ​លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ បេក្ខជន​មួយរូបក្នុងចំណោម​បេក្ខជនប្រធានាធិបតី៨រូបរបស់អេក្វាទ័រកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត​នៅរដ្ឋធានីQuito។

វីដេអូ​ដែលគេបង្ហោះនៅលើ​បណ្តាញសង្គមកាលពីថ្ងៃពុធ​បាន​បង្ហាញលោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ ចាកចេញពីកន្លែងឃោសនា នៅក្រោមការយាមការពារ​របស់សន្តិសុខ។ នៅពេល​

​លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូចូលក្នុងរថយន្តពណ៌ស ភ្លាម គេលឺសំឡេងគ្រាប់កាំភ្លើងបាញ់ជាប់គ្នាជាច្រើនគ្រាប់។

តាមរដ្ឋអាជ្ញាអេក្វាទ័រ ​បេក្ខជនប្រធានាធិបតី លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូត្រូវគ្រាប់កាំភ្លើង និងស្លាប់នៅកន្លែងកើតហេតុ ចំណែកមនុស្ស​៩នាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះ ១នាក់ជាបេក្ខជនតំណាងរាស្រ្ត និង​២នាក់ជាប៉ូលិស។ តាម​រដ្ឋអាជ្ញាដដែល ជនសង្ស័យជា​ខ្មាន់កាំភ្លើងម្នាក់​ដែលរងរបួសនៅក្នុងការបាញ់តទល់ជាមួយកងរក្សាសន្តិសុខ ស្លាប់នៅក្នុងរថយន្តដឹកទៅមន្ទីរពេទ្យ។ ចំណែក​ មនុស្ស​៦នាក់​ដែលសង្ស័យជាប់ពាក់ព័ន្ធនឹង​ការបាញ់ប្រហារកាលពីថ្ងៃ​ពុធ ត្រូវបានប៉ូលិស​ចាប់ឃាត់ខ្លួន នៅ​ជាយក្រុងQuito។

នៅក្នុងសារវីដេអូផ្សាយតាម​បណ្តាញ​យូធូប ប្រធានាធិបតីផុតអាណត្តិរបស់អេក្វាទ័រ លោក​ហ្គីយ៉ែម៉ូ ឡាសូ​ ថ្កោលទោស និងចាត់ទុកឃាតកម្ម​ទៅលើបេក្ខជន​ប្រធាធិបតីលោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ ថាជាឧក្រិដ្ឋកម្មនយោបាយ ប្រព្រឹត្តដោយភេរវជន​ដែល​មានគោលដៅ​បំផ្លាញ​ដំណើរការបោះឆ្នោតប្រធានាធិបតីនៅអេក្វាទ័រ។

នៅថ្ងៃពុធ លោកប្រធានាធិបតី​ប្រកាស​រក្សា​ថ្ងៃ​បោះឆ្នោតដែលត្រូវរៀបចំនៅ១០ថ្ងៃ​ខាងមុខ ថ្ងៃទី​២០​សីហា និងប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្នចំនួន​៦០ថ្ងៃ ដើម្បី​អនុញ្ញាតឲ្យ កងកម្លាំងរក្សាសន្តិសុខ​អាចធានាសុវត្ថិភាព ការពារសន្តិសុខ​ដល់ពលរដ្ឋ នៅក្នុងអំឡុងពេលបោះឆ្នោត។

នៅប៉ុន្មានឆ្នាំមកនេះ អេក្វាទ័រជួបរលកអំពើហិង្សាដែលមានជាប់ពាក់ព័ន្ធនឹង​ក្រុមជួញដូរគ្រឿងញៀន។ នៅចុងខែកក្កដា ប្រធានាធិបតីប្រកាស​ស្ថានភាពអាសន្នក្នុង​ខេត្តជាប់សមុទ្រពីរ បន្ទាប់ពីមានការសម្លាប់រង្គាលនៅក្នុងពន្ធនាគារដោយសារ​ជម្លោះរវាងពួកអ្នកទោស ហើយនិងឃាតកម្មលើចៅហ្វាយក្រុង Duran។

នៅមួយសប្តាហ៍មុនត្រូវគេធ្វើឃាត បេក្ខជនប្រធានាធិបតី លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូបានជូនដំណឹងទៅប៉ូលិសថា លោកនិងក្រុមការងារបានទទួលសំបុត្រគំរាមកំហែងជីវិត២ដង ពីមេក្រុមឧក្រិដ្ឋដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយដែលកំពុងជាប់ក្នុងពន្ធនាគារ។

លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ ធ្លាប់ជា​អ្នកកាសែតដ៏ល្បីឈ្មោះដែលបានសរសេរអត្ថបទស៊ើបអង្កេតជាច្រើន ដើម្បីបរិហាការប្រព្រឹត្តអំពើពុករលួយ​របស់​អតីតប្រធានាធិបតីអេក្វាទ័រ លោករ៉ាហ្វាអែល កូរេអា ដែលកំពុងរត់គេចខ្លួននៅប៊ែលហ្សិក នៅក្រោយការសម្រេចផ្តន្ទាទោសរបស់តុលាការ។ ជាសមាជិកសភាមកពីគណបក្សកណ្តាលនិយម ដែលប្តេជា្ញលុបបំបាត់អំពើពុករលួយដែលអាចមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេង​នៅអេក្វាទ័រ លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ ជាបេក្ខជន​លេចធ្លោទី២ នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ នៅថ្ងៃអង្គារ ពោលមួយថ្ងៃមុនត្រូវគេសម្លាប់ធ្វើឃាត លោក​ហ្វែរណង់ដូ វីឡាវីសិនស្យូ បានដាក់របាយការណ៍ទាក់ទងនឹងក្រុមហ៊ុនប្រេងមួយ ទៅ​រដ្ឋអាជ្ញាអេក្វាទ័រ។ ប៉ុន្តែ របាយការណ៍របស់លោកមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ