អានតួអត្ថបទ
ដូណាល់ ត្រាំ

លោក​ដូណាល់ ត្រាំ និងមនុស្សជំនិត១៨នាក់រងការចោទប្រកាន់ពីតុលាការពីបទចង់ផ្លាស់ប្តូរលទ្ធផលឆ្នោត

លោក​ដូណាល់ ត្រាំរងការចោទប្រកាន់ពីតុលាការជាលើកទី៤ ក្នុងរយៈពេលតែ៦ខែអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និង​ទីប្រឹក្សា មនុស្សជំនិតរបស់លោកដូណាល់ត្រាំចំនួន១៨នាក់ត្រូវរដ្ឋអាជ្ញាក្នុងរដ្ឋចរចាចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃចន្ទ ក្នុងបទប៉ុនប៉ង​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងរដ្ឋគន្លឹះមួយនេះ កាលពីឆ្នាំ ២០២០។ នេះជាលើកទី៤ ក្នុងរយៈពេល​៦ខែ ដែល​អតីតប្រធានាធិបតីអាមេរិក​រងការចោទប្រកាន់ជាផ្លូវការនៅតុលាការ​ក្នុងសំណុំរឿងទាក់ទង​នឹង​ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដែល លោកដូណាល់ ត្រាំទទួលបរាជ័យឆ្នោត នៅចំពោះមុខ​គូប្រជែង លោក​ចូ បៃដិន។

លោកដូណាល់ ត្រាំនិងមនុស្សជំនិត១៨រូបត្រូវរដ្ឋអាជ្ញារដ្ឋចរចាចោទប្រកាន់រួមគ្នាជាក្រុមប្រព្រឹត្តបទឧក្រិដ្ឋ​ដើម្បីកែប្រែលទ្ធផលឆ្នោតនៅរដ្ឋចរចា នៅឆ្នាំ ២០២០
លោកដូណាល់ ត្រាំនិងមនុស្សជំនិត១៨រូបត្រូវរដ្ឋអាជ្ញារដ្ឋចរចាចោទប្រកាន់រួមគ្នាជាក្រុមប្រព្រឹត្តបទឧក្រិដ្ឋ​ដើម្បីកែប្រែលទ្ធផលឆ្នោតនៅរដ្ឋចរចា នៅឆ្នាំ ២០២០ REUTERS - STAFF
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសីទកាសែត​កាលពីថ្ងៃ​ចន្ទ រដ្ឋអាជ្ញា​ក្នុងរដ្ឋចរចា លោកស្រី Fani Willisបានប្រកាស​ចោទប្រកាន់ជាផ្លូវការលោកដូណាល់ ត្រាំ និង​មនុស្សជំនិតរបស់លោកចំនួន​១៨នាក់ផ្សេងទៀតពីបទប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

លោកដូណាល់ ត្រាំ និង​មនុស្សជំនិតរបស់លោកចំនួន​១៨នាក់ ត្រូវ​រងបទចោទប្រកាន់ចំនួន​៤១ ដែលមានដូចជា ផ្សព្វផ្សាយព័ត៌មានមិនពិត ការបន្លំឯកសារ ការដណ្តើមអំណាចមន្រ្តីសាធារណៈ និងការដាក់សម្ពាធ​លើ​សាក្សីជាដើម។ ការស៊ើបអង្កេត​ប្រឆាំង​លោកដូណាល់​ត្រាំ នៅ​រដ្ឋចរចា​ចាប់ផ្តើមឡើង បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទនៅ​ខែ​មករា​ឆ្នាំ ២០២១ ដែលនៅក្នុងនោះ លោកដូណាល់ ត្រាំ​បាន​បញ្ជា​ឲ្យ​អ្នកទទួលខុសត្រូវ​ក្នុងរដ្ឋរចរចា​រកសន្លឹកឆ្នោតជាង​១ម៉ឺន២ពាន់ដែលគ្រប់គ្រាន់សម្រាប់ឲ្យលោកទទួលជ័យជំនះ​នៅរដ្ឋ​ចរចា។

តាមរដ្ឋអាជ្ញាក្នុងរដ្ឋចរចា បទចោទប្រកាន់បង្ហាញថា ជាជាងគោរពនីតិវិធីតុលាការរបស់រដ្ឋចរចាទាក់ទងនឹងជម្លោះប្តឹងផ្តល់ក្នុងពេលបោះឆ្នោត ជនសង្ស័យ​បាន​រួមផ្សំគំនិតគ្នា​ជាក្រុមប្រព្រឹត្តបទឧក្រិដ្ឋក្នុងគោលដៅកែប្រែលទ្ធផលឆ្នោតនៅ​រដ្ឋ​ចរចាដែលជា​រដ្ឋគន្លឹះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

រងការចោទប្រកាន់នៅក្រោមច្បាប់ដែលអាជ្ញាធររដ្ឋចរចាតែងប្រើសម្រាប់ប្រឆាំងក្រុមជនពាលដែលប្រព្រឹត្តបទឧក្រិដ្ឋជាក្រុម លោកដូណាល់ ត្រាំ និងបក្សពួកអាច​ប្រឈមនឹង​ការផ្តន្ទាទោសជាប់ពន្ធនាគារពី ៥ ទៅ​២០ឆ្នាំ។ តាមរដ្ឋអាជ្ញា លោកដូណាល់ ត្រាំ​មានរយៈពេល​ដល់ថ្ងៃទី​២៥​សីហា ដើម្បីបង្ហាញខ្លួននៅមុខតុលាការក្នុងរដ្ឋចរចា។

នៅក្នុង​សារតាមបណ្តាញសង្គមរបស់​លោក Truth Social លោកដូណាល់ ត្រាំ បាន​ប្រតិកម្ម​ចាត់ទុកការចោទប្រកាន់របស់​រដ្ឋអាជ្ញានៅរដ្ឋចរចាថា ជាការប្រមាញ់ចាប់មេធ្មប់ ពីព្រោះថា វាធ្វើឡើង​នៅក្នុងពេលដែលលោក​កំពុងធ្វើការឃោសនា សម្រាប់ការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ២០២៤។

ការចោទប្រកាន់​របស់​រដ្ឋអាជ្ញាក្នុងរដ្ឋចរចា ជាការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌទី៤ ប្រឆាំងអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅក្នុងរយៈពេលតែ​៦ខែ។ កំពុងលេចធ្លោ នាំមុខគេនៅក្នុង​ការស្ទង់មតិស្តីពីបេក្ខជនប្រធានាធិបតីរបស់គណបក្ស​សាធារណរដ្ឋ លោកដូណាល់​ត្រាំទើបត្រូវ​រដ្ឋអាជ្ញារដ្ឋសហព័ន្ធចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌទាក់ទង​នឹង​អំពើហិង្សា ការសម្រុកចូលវិមានកាពីតូលដើម្បីរំខានមិនឲ្យសភាបោះឆ្នោតទទួលស្គាល់ជ័យជំនះរបស់លោកចូ បៃដិនជាប្រធានាធិបតី។ លោកដូណាល់ ត្រាំ​នឹងត្រូវ​តុលាការអាមេរិកបើកការជំនុំជម្រះផងដែរ នៅខែមីនា និង​ខែ​ឧសភាឆ្នាំ ២០២៤ ក្នុងសំណុំរឿងសូកលុយបិទមាត់តារាភាពយន្តអាសអាភៀស និង​ការធ្វេសប្រហែសរបស់លោកក្នុងការគ្រប់គ្រងឯកសារសម្ងាត់ជាតិ ដែលលោកបានដឹកនាំយកទៅទុកដាក់​នៅក្នុងគេហដ្ឋានឯកជន ក្នុងរដ្ឋ​Florida៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ