អានតួអត្ថបទ
ហិង្សានៅអេក្វាទ័រ

ហេតុអ្វី អេក្វាទ័រធ្លាក់លង់ខ្លួនក្នុងអំពើហិង្សាប្រដាប់អាវុធ និងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន?

ប្រជាជនអេក្វាទ័រប្រមាណ​១៣លាននាក់​បានចេញទៅបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីនៅថ្ងៃអាទិត្យទី​២០​សីហា។ នៅអេក្វាទ័រដែលរងរញ្ជួយដោយអំពើហិង្សាប្រដាប់អាវុធ និងឧក្រិដ្ឋកម្មជួញដូរគ្រឿង ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ត្រូវបានរៀបចំឡើងនៅក្រោមបរិយាកាសតានតឹង និងការយាមការពារសន្តិសុខយ៉ាងតឹងរ៉ឹង នៅបន្ទាប់ពីបេក្ខជនប្រធានាធិបតីលេចធ្លោមួយរូបត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងថ្ងៃឃោសនាបោះឆ្នោតកាលពីថ្ងៃទី ៩ខែសីហា។

ទាហានអេក្វាទ័រជញ្ជូនកេសដឹកសន្លឹកឆ្នោតសម្រាប់តម្រង់ការិយាល័យបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី​២០​សីហា ២០២៣
ទាហានអេក្វាទ័រជញ្ជូនកេសដឹកសន្លឹកឆ្នោតសម្រាប់តម្រង់ការិយាល័យបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី​២០​សីហា ២០២៣ REUTERS - HENRY ROMERO
ផ្សាយពាណិជ្ជកម្ម

នៅអេក្វាទ័រ ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីត្រូវបានរៀបចំឡើងនៅក្នុងពេលដែលប្រទេស​កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន នៅបន្ទាប់ពីបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយម្នាក់គឺលោក វីឡាវីសង់ស្យូ ត្រូវខ្មាន់កាំភ្លើង​បាញ់សម្លាប់នៅក្នុងពេលឃោសនា។ នៅថ្ងៃអាទិត្យប៉ូលិស ទាហានជាច្រើនម៉ឺននាក់ត្រូវបានពង្រាយនៅគ្រប់កន្លែងក្នុងប្រទេស ដើម្បីការពារ​សន្តិសុខនៅការិយាល័យបោះឆ្នោត និងសុខសុវត្ថិភាព​របស់​បេក្ខជនអ្នកនយោបាយនៅថ្ងៃបោះឆ្នោត។

អេក្វាទ័ររៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់​នៅក្នុង​កាលៈទេសៈមួយ ដែលប្រទេស​កំពុងជួបរលកអំពើហិង្សាប្រដាប់អាវុធ​​ដ៏ធ្ងន់ធ្ងរដែលមានជាប់ទាក់ទង​នឹង​ការជួញដូរគ្រឿងញៀន មិនធ្លាប់មាននៅក្នុងប្រវត្តិរបស់ខ្លួន។ ធ្លាប់ជាប្រទេស​ស្ងប់សុខសន្តិភាព និងល្បីឈ្មោះខាងការនាំចេញផ្លែចេក បង្គារ និង​កោះធម្មជាតិស្អាតៗ អេក្វាទ័រ​នៅប៉ុន្មានឆ្នាំមកនេះ​បានក្លាយជា​គោលដៅ​របស់ក្រុមជួញដូរគ្រឿងញៀនដែលឆ្លងចេញមកពីប្រទេសជិតខាង ​កូឡុំប៊ី និង​ប៉េរូ ដែលជា​ជង្រុកផលិតគ្រឿងញៀនកូកាអ៊ីន។ ការជួញដូរគ្រឿងដែលស្ថិតក្រោមការចាត់ចែងគ្រប់គ្រង​របស់​ពួកមេឈ្មួញគ្រឿងញៀន​នៅម៉ិចស៊ិក​ បានរីកមុខកាន់តែធំ រហូតដល់ថ្នាក់អាច​គំរាមកំហែងស្ថិរភាព​ស្ថាប័នអេក្វាទ័រ និងធ្វើ​ឲ្យអេក្វាទ័រ​ធ្លាក់ក្នុងសភាពដូចកូឡុំប៊ី​កាលពីឆ្នាំ ១៩៩០ដែល​ញាំញីដោយ​អំពើហិង្សាឃាតកម្មសម្លាប់គ្នារវាងពួកឈ្មួញជួញដូរគ្រឿងញៀន។

នៅ​ឆ្នាំ ២០២២ អេក្វាទ័រ​រាប់ឃើញមានអត្រា ឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស ​២៦នាក់ ក្នុង​ចំណោម​មនុស្ស​១សែននាក់ ដែលជាអត្រាខ្ពស់ជាងម៉ិកស៊ិក ប្រេស៊ីល និងកូឡុំប៊ី។ នៅក្នុង​រដ្ឋធានី Quito អត្រាឃាតកម្មសម្លាប់មនុស្ស​បានកើនឡើង​ទ្វេដង។ គិតចាប់តាំងពីឆ្នាំ ២០២១ អ្នកទោស​ជាង​៤០០នាក់​បានកាប់ស​ម្លាប់គ្នា​នៅក្នុង​ពន្ធនាគារ នៅក្នុង​ជម្លោះសម្លាប់រង្គាលរវាងក្រុមជនពាលដែលមានជាប់ទាក់ទងនឹងការជួញដូរគ្រឿងញៀន។

សម្រាប់អ្នកជំនាញ ប្រជាជនអេក្វាទ័រ​ប្រមាណ​១៣លាននាក់​ចេញទៅបោះឆ្នោតនៅថ្ងៃ​អាទិត្យ ជាមួយ​អារម្មណ៍៣ គឺ បារម្ភខ្លាចពីបញ្ហាអសន្តិសុខ ទុទិដ្ឋនិយមពីរឿងសេដ្ឋកិច្ច និង​ការអស់ជំនឿលើអ្នកនយោបាយ។ នៅមុន​ត្រូវ​ឃាតករបាញ់​សម្លាប់ កាលពីថ្ងៃទី ៩សីហា លោក វីឡាវីសង់ស្យូ ជាបេក្ខជនប្រធានាធិបតី​លេចធ្លោទីពីរ បន្ទាប់ពី​លោកស្រី ល្វីសា ហ្កុងហ្សាឡេ Luisa Gonzalez មេធាវីនិងជាមនុស្សជំនិតរបស់​លោក រ៉ាហ្វាអែល កូរ៉េអា អតីតប្រធានាធិបតីដែលរត់ទៅបរទេសដើម្បីគេចចេញពីសំណាញ់ទោសរបស់តុលាការអេក្វាទ័រ។ លោកស្រីហ្កុងហ្សាឡេផ្ទាល់ធ្លាប់និយាយថា បើសិន​លោកស្រីឈ្នះឆ្នោត នោះលោកស្រីនឹងយកអតីតប្រធានាធិបតី រ៉ាហ្វាអែល កូរ៉េអា​ដែលត្រូវ​តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ​៨ឆ្នាំ​ពីបទប្រព្រឹត្តអំពើពុករលួយ​ឲ្យធ្វើជា​ទីប្រឹក្សា​របស់​លោកស្រី។

អ្នកជំនាញវាយតម្លៃថា ឃាតកម្ម​សម្លាប់​បេក្ខជនប្រធានាធិបតី​ គឺ​លោកវីឡាវីសង់ស្យូ បានធ្វើ​ឲ្យទិដ្ឋភាពបោះឆ្នោតនៅអេក្វាទ័រផ្លាស់ប្តូរទាំងស្រុង។ ដោយសារកើតមានរលកស្អប់លោកអតីតប្រធានាធិបតីកូរ៉េអា លោកស្រីហ្កុងហ្សាឡេដែលធ្លាប់ជាទីប្រឹក្សា​របស់​លោកកូរ៉េអាលែងទទួលសំឡេងគាំទ្រនាំមុខគេ ប៉ុន្តែ ​បេក្ខជនដែលជាអ្នកជំនួញ ដែលសន្យាលុបបំបាត់អំពើហិង្សា​ ឧក្រិដ្ឋកម្ម តាមរយៈការបង្កើនសាងសង់​ពន្ធនាគារ​ បែរជា​ចាប់លេចមុខត្រដែតទៅវិញ។ ដោយសារ​បេក្ខជនអាច​ទទួល​សំឡេងប្រហាក់ប្រហែលគ្នា អេក្វាទ័រ​នឹង​អាច​រៀបចំ​ការបោះឆ្នោតជុំទី​២​ នៅ​ខែ​តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ