អានតួអត្ថបទ

អាមេរិកសន្យាជួយកម្លាំងទ័ពបរទេសដែលចេញទៅបង្រ្កាបក្រុមជនពាលនៅប្រទេស​ហៃទី

នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់បញ្ហាហៃទីដែលរៀបចំឡើងដោយ​ក្រសួងការបរទេស​អាមេរិក នៅ​ក្រៅក្របខ័ណ្ឌមហាសន្និបាតអង្គការ​សហប្រជាជាតិ​កាលពីថ្ងៃសុក្រ ប្រទេស​ជាង​១០​បាន​ស្ម័គ្រចិត្តចូលរួម​ក្នុង​បេសកកម្ម​ស្តារសន្តិសុខនៅ ប្រទេស​ហៃទី។ តាមអនុរដ្ឋមន្រ្តីការបរទេស​អាមេរិក លោកស្រីVictoria Nuland ប្រទេស​ពី​១០ ទៅ១២​ប្រទេស​សន្យាចូលរួម​ក្នុងបេសកកម្មជួយហៃទីដែលដឹកនាំ​ប្រទេស​កេនយ៉ា។

សមាជិករបស់ក្រុមជនពាល"G9 and Family" ចេញមុខធានាសន្តិសុខ​ឲ្យអ្នកដែលចេញធ្វើបាតុកម្មប្រឆាំង​នាយករដ្ឋមន្រ្តីហៃទី លោក​Ariel Henry
សមាជិករបស់ក្រុមជនពាល"G9 and Family" ចេញមុខធានាសន្តិសុខ​ឲ្យអ្នកដែលចេញធ្វើបាតុកម្មប្រឆាំង​នាយករដ្ឋមន្រ្តីហៃទី លោក​Ariel Henry AP - Odelyn Joseph
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីទាមទារ​ស្នើសុំជិត​១ឆ្នាំរបស់អាជ្ញាធរហៃទី កងកម្លាំងបរទេស​ដើម្បីជួយស្តារសន្តិសុខ​ហៃទីចាប់ផ្តើម​លេចរូបរាងបណ្តើរៗ​។ នៅក្រោយ​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីប្រទេស​ពាក់ព័ន្ធដែលរៀបចំឡើង​ដោយ​ក្រសួងការបរទេស​អាមេរិកនៅទីក្រុង​ញូវយក៉ក្រៅក្របខ័ណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ អាមេរិកបាន​ប្រកាសថា មានប្រទេស​ជាង​១០​ស្ម័គ្រចិត្តចូលរួមក្នុង​បេសកកម្ម​ជួយហៃទី។

នៅចំពោះមុខនៃការកើនឡើងអំពើហិង្សាឧក្រិដ្ឋកម្ម​របស់​ក្រុមជនពាលនៅហៃទី និងសមត្ថភាពមានកំណត់​របស់ប៉ូលិស​ហៃទី នាយករដ្ឋមន្រ្តីហៃទី​និងអគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោកអង់តូនីញ៉ូ ​ហ្គុយទែរស៍បាន​អំពាវនាវ​ស្វែងរកជំនួយពីកងកម្លាំងអន្តរជាតិ ។ ប៉ុន្តែ រហូតមកដល់ពេលនេះ គ្មានប្រទេស​ណាស្ម័គ្រចិត្ត​បញ្ជូន​កម្លាំងទ័ពរបស់ខ្លួនទៅជួយហៃទី ដោយសារ​តែបទពិសោធន៍កន្លងមកបង្រៀនឲ្យដឹងថា គេងាយនឹងធ្លាក់ជាប់ក្នុង​វិបត្តិហៃទីដែលរួបរឹតដោយបញ្ហា​សេដ្ឋកិច្ច ភាពក្រីក្រ បញ្ហាអនាម័យ ហើយនិង​ជម្លោះផ្ទៃក្នុង​រវាងអ្នកនយោបាយហៃទី។

ប៉ុន្តែ នៅ​ខែ​កក្កដា​កន្លងទៅ កេនយ៉ាដែល​បាន​ស្ម័គ្រចិត្ត​ដឹកនាំ​កងកម្លាំងបរទេស​នៅហៃទី បាន​ស្នើបញ្ជូន​កងកម្លាំងកេនយ៉ា​ប្រមាណ ១០០០នាក់ ដើម្បីទៅជួយ​បណ្តុះបណ្តាល និង​កៀកស្មាជាមួយប៉ូលិស​ហៃទីដើម្បីបង្ក្រាបក្រុមជនពាលនៅ​ហៃទី។ ជាអន្តរការីដើម្បី​វិបត្តិហៃទី​ដែលជួបវិបត្តិអសន្តិសុខដ៏ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​ក្រុមជនពាល​ រដ្ឋបាលអាមេរិក​តាមរយៈ​រដ្ឋមន្រ្តីការបរទេស​អង់តូនី ប្លីងកិន​ប្រកាសបញ្ជូន​ជំនួយថ្នាំពេទ្យ កន្លែងស្នាក់នៅ ការដឹកជញ្ជូន​តាមផ្លូវអាកាស ប៉ុន្តែ មិន​បញ្ជូន​មនុស្ស​ផ្ទាល់ទៅ​ហៃទី។

យ៉ាងណាក៏ដោយ កងកម្លាំងអន្តរជាតិ​ដើម្បីជួយប៉ូលិស​ហៃទី​អាច​ចេញរូបរាងទៅបានលុះត្រា​មានការបោះឆ្នោត​ ផ្តល់​ភ្លើងខៀវ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

នៅមហាសន្និបាតអង្គការ​សហប្រជាជាតិកាលពីថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី​ហៃទី លោក Ariel Henryបាន​ទទូចសុំសាជាថ្មី​ឲ្យ​ពិភពលោក ជាពិសេស​ក្រុមប្រឹក្សា​សន្តិសុខ​ស្តាប់​សំឡេងទួញទុក្ខ​របស់​ប្រជាជន​ហៃទីដែល​លែង​អាចរស់នៅដោយ​ស្ងប់សុខ ដោយសារ​តែ​អំពើហិង្សា ការឆក់ប្លន់​ប្រដាប់អាវុធ មនុស្សឃាត ការចាប់រំលោភ និង​ការចាប់ជំរិតរបស់​ក្រុមជនពាល​​​ដែលកំពុង​គ្រប់គ្រង​ស្ទើរទាំងស្រុង ​Porte au prince រដ្ឋធានីរបស់​ហៃទី។

ធ្លាក់ក្នុងវិបត្តិនយោបាយ ដោយសារ​​ឃាតកម្មសម្លាប់​​ប្រធានាធិបតី ហៃទី​ដែលជាប្រទេស​ក្រីក្រជាងគេបំផុត​នៅ សមុទ្រ​ការ៉ាអ៊ីប​ ធ្លាក់ខ្លួន​ក្នុងអំពើហិង្សាបង្កឡើងដោយក្រុមជនពាល និង​ខកខាន​មិនបាន​រៀបចំការបោះឆ្នោត​តាំងពី​ឆ្នាំ ២០១៦។

តាម​អង្គការសហប្រជាជាតិ អំពើឧក្រិដ្ឋរបស់​ក្រុមជនពាល​បាន​សម្លាប់មនុស្ស​ជាង​២៤០០នាក់​គិតចាប់តាំងពីដើមឆ្នាំនេះ ពោលគឺ​កើនឡើង​ប្រមាណ ៣០%​បើប្រៀបធៀបនឹង​ឆ្នាំមុន។ អង្គការសហប្រជាជាតិធ្លាប់បញ្ជូនក្រុមរក្សា​សន្តិភាព​ទៅ​បំពេញបេសកកម្ម​នៅហៃទី ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៧ មុននឹង​ត្រូវ​ចាកចេញដោយ​បង្ខំ​ពីហៃទី ដោយសារ​ជំងឺរាតត្បាត​អាសន្នរោគ​ដែលឆ្លង​និង​សម្លាប់បុគ្គលិក​របស់អង្គការសហប្រជាជាតិ​ជាច្រើននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ