អានតួអត្ថបទ
ហៃទី

នាយករដ្ឋមន្រ្តីហៃទី ត្រូវ​រដ្ឋអាជ្ញាកោះហៅ ក្នុងសំណុំរឿង​ឃាតកម្ម​សម្លាប់​ប្រធានាធិបតី

នៅប្រទេស​ហៃទី ២ខែ​ក្រោយ ឃាតកម្ម​ដោយ​អាថ៌កំបាំង សម្លាប់ ប្រធានាធិបតី លោក​ហ្សូវឺណែល ម៉ូអ៊ីស៍ រដ្ឋអាជ្ញា​បានចេញ​លិខិត នៅថ្ងៃ​សុក្រ កោះហៅ នាយករដ្ឋមន្រ្តីឲ្យទៅបង្ហាញ​ខ្លួន​នៅ អាយ្យការ នៅថ្ងៃ​អង្គារ ទី ១៤ កញ្ញា។ នៅ​ថ្ងៃសៅរ៍ម្សិលមិញ នាយករដ្ឋមន្រ្តីហៃទី លោក អារីយែល អង់រី បាន​ប្រតិកម្ម ព្រមានរាល់ការប៉ុនប៉ង​បង្វែរ​សាច់រឿង​ស៊ើបអង្កេត​របស់​តុលាការ។

នាយករដ្ឋមន្រ្តីហៃទី លោក​អារីយែល អង់រី ក្នុងពិធី​ចុះ​កិច្ចព្រមព្រផង សន្តិភាព​ជាមួយ​បក្ស​ប្រឆាំង ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុង​កាលៈទេសៈ​ជួបវិបត្តិ នៅក្រោយ​ប្រធានាធិបតី​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ដោយ​អាថ៌កំបាំង កាលពីថ្ងៃទី ៧​ខែ កក្កដា ឆ្នាំ ២០២១
នាយករដ្ឋមន្រ្តីហៃទី លោក​អារីយែល អង់រី ក្នុងពិធី​ចុះ​កិច្ចព្រមព្រផង សន្តិភាព​ជាមួយ​បក្ស​ប្រឆាំង ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុង​កាលៈទេសៈ​ជួបវិបត្តិ នៅក្រោយ​ប្រធានាធិបតី​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ដោយ​អាថ៌កំបាំង កាលពីថ្ងៃទី ៧​ខែ កក្កដា ឆ្នាំ ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត កាលពីថ្ងៃ​សុក្រ រដ្ឋអាជ្ញាហៃទី លោក Bed Ford Claude បាន​កោះហៃ លោកនាយករដ្ឋមន្រ្តី អារីយែល អង់រី ឲ្យទៅឆ្លើយបំភ្លឺ នៅថ្ងៃអង្គារ ពោល​គឺ​នៅបន្ទាប់ អាយ្យការ​មាន​ព័ត៌មាន​ថា លោកនាយករដ្ឋមន្រ្តី​អារីយែល អង់រី មាន​និយាយ​ទូរស័ព្ទ ជាមួយ​ជនសង្ស័យ​ម្នាក់​ដែល​តុលាការ កំពុង​តាមរក ចាប់ខ្លួន នៅក្នុង​ឃាតកម្ម​សម្លាប់​ប្រធានាធិបតី ហៃទី លោក ​ហ្សូវឺណែល ម៉ូអ៊ីស៍ កាលពីថ្ងៃទី ៧ ខែ​កក្កដា​កន្លង​ទៅ។

តាម រដ្ឋអាជ្ញា​ហៃទី គេ​ចង់​ឲ្យ​លោកនាយករដ្ឋមន្រ្តី ពន្យល់​ពី​កិច្ចសន្ទនា តាមទូរស័ព្ទ ដែលលោក​បាន​ធ្វើ​ជាមួយ ជនសង្ស័យ ឈ្មោះ Joseph Felix Badio នៅយប់​ថ្ងៃ​ទី ៧កក្កដា ពោល​គឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ប្រធានាធិបតី​លោក ហ្សូវឺណែល ម៉ូអ៊ីស៍ ត្រូវ​ឃាតករ​បាញ់សម្លាប់។ តាម អាយ្យការ​ហៃទី ជនសង្ស័យ Badio អតីត​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលប៉ូលិស​កំពុង​តាមរកចាប់ខ្លួន ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់ប្រធានាធិបតី  បាន​ទូរស័ព្ទ ទៅ​លោកនាយករដ្ឋមន្រ្តី​អង់រី ដល់​ទៅ ពីរដង នៅ​ម៉ោង ៤ និង​៣​នាទី និង​នៅ​ម៉ោង ៤ និង​២០នាទី។ នៅវេលា​ទូរស័ព្ទ​ទៀតសោត គេ​កំណត់​ឃើញ​ទីតាំង​ទូរស័ព្ទ​របស់​ជនសង្ស័យ Badio នៅ​ក្បែរ​វិមានប្រធានាធិបតី នៅយប់​ថ្ងៃ​កើតហេតុ។

ប្រតិកម្ម បរិហាររិះគន់ នៅថ្ងៃ​សៅរ៍ លោក​នាយករដ្ឋមន្រ្តី​ហៃទី អារីយែល អង់រី បាន​ចាត់ទុក ដីការ​កោះហៅ​ថា ជា​វិធីសាស្រ្ត​បង្វែររឿង ដើម្បី​បង្កើតការភ័ន្តច្រលំ និង​បន្ទុចបង្អាក់ មិន​ឲ្យ​តុលាការ​ធ្វើការ​ដោយ​រលូន។ សម្រាប់​លោក អ្នកដែល​មាន​ទោសកំហុស​ពិតប្រាកដ មេខ្លោង អ្នករៀបចំ និង​អ្នកបញ្ជា​ឲ្យសម្លាប់​ប្រធានាធិបតី​នឹងត្រូវ​គេវែកមុខ​ឲ្យឃើញ និង​ត្រូវ​ចាប់​មក​ផ្តន្ទាទោស​នៅ​តុលាការ។

គួររំលឹកជូនថា លោក​​ហ្សូវឺណែល ម៉ូអ៊ីស៍ ត្រូវ​ឃាតករ​ចូល​សម្លាប់​ដល់​ក្នុង​វិមានប្រធានាធិបតី នៅ​យប់​ថ្ងៃទី ៧​កក្កដា ក្នុងពេល​ដែល​ប៉ូលិស អង្គរក្ស ការពារ​សន្តិសុខ​ឲ្យ​លោក គ្មាន​រងរបួស ស្លាប់​ម្នាក់សោះ។ នៅ ៥ថ្ងៃ​ក្រោយ​ឃាតកម្ម សម្លាប់ប្រធានាធិបតី ប៉ូលិស​ហៃទី បាន​ចាប់​ខ្លួន​ជនជាតិ​អាមេរិក​ដើមកំណើត​ហៃទី​ម្នាក់​ឈ្មោះ​គ្រីស្យង់ អេម៉ានុយអែល សាណុង​ដែល​ជា​មេខ្លោង​រៀបចំ​ផែនការ​សម្លាប់​លោក​ម៉ូអ៊ីស៍។ ចំណែក មនុស្ស​៤៣នាក់ ផ្សេងទៀត ដែល​នៅក្នុង​នោះ មាន ១៨នាក់​ជា​ជនជាតិ​កូឡុំប៊ី ដែល​ជាទាហាន កងកុម្ម៉ង់ដូរ ស៊ីឈ្នួល ត្រូវ​បាន​ប៉ូលិស​ហៃទី ចាប់ឃុំខ្លួន។

ដោយសារ ចៅក្រមស៊ើបអង្កេត ត្រូវ​បាន​ជ្រើសរើសរួចហើយ សម្រាប់​ការស៊ើបអង្កេត លើ​សំណុំរឿង​ឃាតកម្ម​សម្លាប់ប្រធានាធិបតី រដ្ឋអាជ្ញាហៃទី គ្មានអំណាចផ្លូវច្បាប់ ដើម្បី អាច​កោះហៃ មន្រ្តីរដ្ឋាភិបាល​មកសាកសួរនោះទេ។ ម្យ៉ាង រាល់ការកោះហៃ មន្រ្តីរដ្ឋាភិបាល​ទៅ​សាកសួរ​នៅ​តុលាការ គឺត្រូវ​ឆ្លងកាត់​ការអនុញ្ញាត​របស់​ប្រធានាធិបតី។ ប៉ុន្តែ នៅក្រោយ ឃាតកម្ម​សម្លាប់​លោក​ហ្សូវឺណែល ម៉ូរីស៍ ហៃទី កំពុង​ជួបវិបត្តិគ្មាន​ប្រធានាធិបតី។

សម្រាប់ រដ្ឋអាជ្ញា​ហៃទី លោក Bed Ford Claude គេ​រំពឹង​ទៅលើ​ការស្ម័គ្រចិត្ត​ចូលខ្លួន របស់​លោក​នាយករដ្ឋមន្រ្តី អង់រី តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ