អានតួអត្ថបទ

អាមេរិក ជឿថា លទ្ធភាព​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន នៅតែមាន

កាលពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃសៅរ៍ កងទ័ព​អ៊ីស្រាអែល​ បាន​វាយ​ប្រហារ​បន្ថែមទៀតលើ​តំបន់​ហ្កាហ្សា​ និង​បាន​បណ្តាល​ឲ្យ​ស្លាប់​ជីវិត​មនុស្ស យ៉ាង​តិច ៩០ នាក់។ នេះបើតាម​ការប្រកាស​របស់​ អាជ្ញាធរ​សុខាភិបាល​​ក្រុម​ហាម៉ាស។ ជម្លោះ​ហាម៉ាសប៉ាឡេស្ទីននិង​អ៊ីស្រាអែល នេះ​ គឺត្រូវ​ថ្នាក់ដឹកនាំ​អាមេរិក លើកឡើងជាថ្មី អំពី​​ដំណោះស្រាយ​បង្កើត​រដ្ឋពីរ។ ចំណែក ប្រមុខ​ការទូត​​សហភាពអឺរ៉ុប បង្ហាញ​ជំហរ​គាំទ្រ​ការបង្កើត​រដ្ឋ​ពីរ តែ​បាន​រិះគន់ ​អ៊ីស្រាអែល មិន​សំចៃ​មាត់​។

ជំនួបរវាង ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី​១៨ តុលា ២០២៣។
ជំនួបរវាង ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី​១៨ តុលា ២០២៣។ REUTERS - EVELYN HOCKSTEIN
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសុក្រ ទី​១៩ មករា លោកប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន ​ មាន​ប្រសាសន៍ថា រូបលោក​ នៅតែ​ជឿជាក់​អំពីលទ្ធភាព​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​នៅពេ​លខាងមុខ។ នេះគឺជាអ្វីដែល ថ្នាក់ដឹកនាំ​អាមេរិក​ បាន​ជម្រាប​ប្រាប់​តាម​​​​ទូរសព្ទ​ទៅ​កាន់ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ដែល​ជា​សម្ព័ន្ធ​មិត្ត។

ទន្ទឹម​នេះ អ្នកនាំពាក្យ​សេតវិមានអាមេរិក លោក ចន ឃឺប៊ី បាន​​បញ្ជាក់​បន្ថែមអំពី​ជំនឿជាក់ចាក់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្រោយ​ពី​ថ្នាក់ដឹកនាំ​ទាំងពីរប្រទេស​​បាន​សន្ទនាគ្នា​តាម​ទូរសព្ទរយៈពេល ​៣០-៤០នាទី​។ នេះគឺជាការ​ជជែក​គ្នា​ជាថ្មី បន្ទាប់ពីថ្ងៃទី​២៣ធ្នូមក។​

ចំពោះជម្លោះ​អ៊ីស្រាអែល-ហាម៉ាស​ប៉ាឡេស្ទីន គឺ​ លោក ចូ បៃដិន បញ្ជាក់​ប្រាប់​​ក្រុម​អ្នកកាសែត ​ទៀត​ថា អាច​មាន​ដំណោះស្រាយ​«បង្កើត​រដ្ឋ​ពីរ» ​និងថា ​«​​ប្រទេស​ជាច្រើន​ជារដ្ឋសមាជិក​របស់អង្គការ​សហ​ប្រជា​ជាតិ ដែល​គ្មាន​កងទ័ព​ផ្ទាល់​ខ្លួនទេ»។

លោក ចូ បៃដិន ក៏បាន​ទទួល​ស្គាល់ដែរថា គេ​ត្រូវ​ធ្វើកិច្ចការ​ជាច្រើន​ណាស់​ ដើម្បី​នឹង​សម្រេច​ដំណោះស្រាយ​នេះ​ទៅបាន ហើយថ្នាក់ដឹកនាំ​អាមេរិក ក៏ដឹងដែរថា​ ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន គឺជា​ដំណោះស្រាយ​ លំបាក​ធ្វើទៅបាន ល្គឹកណា លោក បេនចាមិន នេតាន់យ៉ាហ៊ូ នៅតែ​បន្ត​កាច់​​ចង្កូត​ដឹកនាំ​អ៊ីស្រាអែល។ ដ្បិត ​លោក នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​ជា​ញឹក​ញយ​ហើយ​និ​ង​បាន​ប្រាប់​យ៉ាងច្បាស់និងត្រង់​ទៅកាន់​លោក ចូ បៃដិន ថា «អ៊ីស្រាអែល ត្រូវតែ​គ្រប់​គ្រង​សន្តិសុខ​ទាំង​មូល នៅ​តំបន់​ប៉ែកខាង​លិច​ជ្រលង​ហ្ស័កដង់​»។ ​នេះគឺឃើញថា​ផ្ទុយ​អំពីដែន​អ​ធិបតេយ្យ​របស់​ប៉ាឡេស្ទីន​ស្រេច​ទៅហើយ​។

សំណុំ​រឿង​សង្គ្រាម​នៅតំបន់​​ហ្កាហ្សានេះ សហភាព​អឺរ៉ុប​ នឹង​ត្រូវ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ ទៅ​ប្រជុំ​គ្នា​ ​នៅច័ន្ទ​ខាងមុខ​។ នៅផ្នែក​ម្ខាង​ សហភាព​អឺរ៉ុប​ ចង់​រៀបចំ​ដាក់​ទណ្ឌកម្ម​បន្ថែមចំពោះ​ថ្នាក់​ដឹក​នាំ​​ចលនា​អ៊ីស្លាមហាម៉ាស់ ហើយ​នៅម្ខាងទៀត សហភាព​អឺរ៉ុប ក៏​បាន​បន្ត​រិះគន់​អ៊ីស្រាអែល។ ចំពោះ​ការ​​រិះគន់នេះដែរ កាលពីថ្ងៃ​សុក្រ ប្រមុខ​ទូត​អឺរ៉ុប លោក ហ្សូសេព បូរែល បាន​ចោទប្រកាន់​អ៊ីស្រាអែល ថាជា«អ្នក​បង្កើត​ក្រុម​ហាម៉ាស» នៅឆ្នាំ១៩៨៧ និង​បាន​​ជួយ«​ផ្គត់ផ្គង់​លុយកាក់​»ពួក​នេះ ដើម្បី​ទប់​ទល់«​បន្ថយបន្សាប​​ឥទ្ធិពល»​របស់ ពួក​​អាជ្ញាធរ​ប៉ាឡេស្ទីន។ ប៉ុន្តែ ការ​រិះគន់​ត្រង់​ចំណុច​នេះ គឺពុំ​មែន​ជារឿងថ្មីទេ ហើយរាល់លើក គឺត្រូវ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​ច្រាន​ចោល៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ