អានតួអត្ថបទ
ប៉ាគីស្ថាន-អ៊ីរ៉ង់

ប៉ាគីស្ថាន ថា​​អ៊ីរ៉ង់វាយប្រហារ​ផ្លូវអាកាស​រំលោភចូលដែន​ដី​​ខ្លួន

នៅថ្ងៃ​ពុធ​ទី​១៧​មករា​២០២៤​នេះ ប៉ាគីស្ថាន​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​ទៅ​លើ​ដែន​ដី​របស់​ខ្លួន បង្ក​ឱ្យ​ស្លាប់​កុមារ​ពីរ​នាក់​។ ហេតុការណ៍​​នេះកើត​​ឡើងតែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីអ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​បំផ្លាញ​ទីតាំង​ក្រុមចារកិច្ច​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។ ដោយ​គ្មាន​បង្អង់​ ចិន​បានស្រែក​​អំពាវនាវ​​ឱ្យគ្រប់​ភាគី​អត់​ធ្មត់។

ប៉ាគីស្ថាន ថា​​អ៊ីរ៉ង់វាយប្រហារ​ផ្លូវអាកាស​រំលោភចូលដែន​ដី​​ខ្លួន
ប៉ាគីស្ថាន ថា​​អ៊ីរ៉ង់វាយប្រហារ​ផ្លូវអាកាស​រំលោភចូលដែន​ដី​​ខ្លួន © RFI
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​អ៊ីរ៉ង់​រំលោភបូរណភាព​​​ដែន​ដី​ប៉ាគីស្ថាន​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី ១៦​មករា ​ដែល​បង្ក​ឱ្យ​ស្លាប់​កុមារស្លូតត្រង់​​ពីរ​នាក់ និង​របួស​ក្មេង​ស្រី​បីនាក់ ជា​ទង្វើគ្មានហេតុផល និង​​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​​ប៉ាគីស្ថាន ដែល​ព្រមាន​ចាត់វិធានការ​តប​តវិញ និង​បាន​កោះ​ហៅ​តំណាង​អ៊ីរ៉ង់នៅទីក្រុង​អ៊ីស្លាម៉ាបាដ​​មក​​សម្តែង​ការ​ប្រឆាំង​នឹង​ទង្វើ​រំលោភ​បូរណភាព​ដែន​អាកាសប៉ាគីស្ថាន។ អាជ្ញាធរប៉ាគីស្ថាន មិន​បានបញ្ជាក់​អំពី​​ទីតាំង​រង​ការ​វាយប្រហារ​អ៊ីរ៉ង់​ទេ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ មីស៊ីល​អ៊ីរ៉ង់​បាន​បាញ់ចូល​ក្រុង​Panjgur ខេត្ត​បាលូឈីស្តង់ ប៉ែក​ខាង​លិច​នៃ​ប្រទេស​ ត្រង់​​​តំបន់​ព្រំដែន ​​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរដែលប្រវែង​ជាង​១ពាន់​គីឡូម៉ែត្រ​។

គ្មាន​សេចក្តីថ្លែងការណ៍របស់​អាជ្ញាធរ​អ៊ីរ៉ង់ជា​ផ្លូវការទេ សម្រាប់ពេល​នេះ តែ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​Nour News ការ​វាយប្រហារអ៊ីរ៉ង់​​បាន​បំផ្លាញ​ទី​បញ្ជាការដ្ឋាន​របស់​ក្រុមយោធា​​អ៊ីស្លាម​ជ្រុលនិយម​ជីហាត​ដើម្បី​យោធា Jaish al-Adl នៅ​ប៉ាគីស្ថាន។ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២ អ៊ីរ៉ង់​​បាន​ចាត់​ទុក​ក្រុម​ជីហាត​នេះ ជា​ក្រុមភេរវនិយម​ ព្រោះ​ធ្លាប់​ដឹក​នាំ​ធ្វើ​សកម្មភាព​ភេរវកម្ម​ជា​ច្រើន​លើ​ទឹក​ដី​អ៊ីរ៉ង់ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ។

អ៊ីរ៉ង់​និង​ប៉ាគីស្ថាន​ តែង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹក​ញយ​ថា​បណ្តោយ​ឱ្យ​ក្រុម​ឧទ្ទាម​​ទៅធ្វើ​សកម្មភាពទៅ​លើ​ដែន​ដី​ម្ខាង​ទៀត ប៉ុន្តែកម្រ​មាន​កម្លាំង​ផ្លូវការ​ជ្រុលជ្រួស​ទៅ​រំលោភគ្នា​​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រសួងការបរទេស​ប៉ាគីស្ថាន​ ព្រួយ​បារម្ភខ្លាំង​ នៅ​ចំពោះ​មុខ​ការ​វាយប្រហារដោយ​​ខុស​ច្បាប់​នេះ​ ទាំង​ដែល​ប៉ាគីស្ថាន​និង​អ៊ីរ៉ង់​​មាន​បណ្តាញ​ទំនាក់ទំនង​ស្ទើរ​គ្រប់​ជាន់ថ្នាក់។ មុន​ការ​វាយប្រហារ​តែ​ប៉ុន្មានម៉ោង ​នាយករដ្ឋមន្ត្រី​ស្តីទី​ប៉ាគីស្ថាន លោក អាន់វ៉ាអ៊ុយហាក កាការ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ នៅ​ដាវ៉ូស​ប្រទេស​ស្វីសផង។

ការ​វាយប្រហារ​អ៊ីរ៉ង់លើ​ប៉ាគីស្ថាន ប្រព្រឹត្ត​ទៅ​ចំពេល​ដែលអ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​លើ​អ៊ីរ៉ាក់​និង​ស៊ីរី​ ហើយតំបន់​ដើម​បូព៌ា​កំពុង​វក់​​​នឹង​សង្គ្រាម រវាង​ចលនា​ហាម៉ាស​និង​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​ផង និង​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាមស្និទ្ធ​​នឹង​អ៊ីរ៉ង់​នៅ​យេមែន​ហ៊ូទី ទៅ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​សមុទ្ទ​ក្រហម​ផង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចិន​បាន​ស្រែក​អំពាវនាវ​ភ្លាម​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់ និង​ចៀស​វាង​កុំ​បញ្ចេញ​សកម្មភាព​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​។ នៅ​ចំពោះ​អ្នក​សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​អះអាង​ថា​​ចិន​ចាត់​ទុក​អ៊ីរ៉ង់​និង​ប៉ាគីស្ថាន ជា​អ្នក​ជិត​ខាង​ដ៏​ជំនិត និង​ប្រទេស​អ៊ីស្លាម​ដ៏​សំខាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ