អាល្លឺម៉ង់រឹតបន្តឹងច្បាប់ពាក់ព័ន្ធនឹងការវិនិយោគរបស់បរទេស
នៅថ្ងៃពុធ ទី១៩ ធ្នូ ឆ្នាំ២០១៨ ប្រទេសអាល្លឺម៉ង់បានសម្រេចរឹតបន្តឹងច្បាប់ស្តីអំពីការលក់ភាគហ៊ុនក្នុងស្រុកទៅឲ្យវិនិយោគិនបរទេស។ វិធានការពង្រឹងវិស័យពាណិជ្ជកម្មថ្មីនេះត្រូវបានធ្វើឡើង ដោយសាររដ្ឋាភិបាលអាល្លឺម៉ង់មានការព្រួយបារម្ភអំពីក្រុមហ៊ុនចិនដែលបានទិញយកនិងកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើននាពេលបច្ចុប្បន្ននេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣០
ច្បាប់ពាណិជ្ជកម្មថ្មីនេះអនុញ្ញាតឱ្យរដ្ឋាភិបាលអាល្លឺម៉ង់មានសិទ្ធិពិនិត្យមើលកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុននិងសហគ្រាសមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងក្រុមហ៊ុនដែលធ្វើការផ្តល់សេវាកម្ម និងទូរគមនាគមន៍។
ក្រៅពីនេះ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់រួចមក រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានសម្រេចនូវក្រឹត្យមួយផងដែរដើម្បីកាត់បន្ថយការចូលវិនិយោគរបស់ក្រុមហ៊ុនបរទេស។ នៅត្រង់ចំណុចនេះ វិធានការពាណិជ្ជកម្មរបស់ថ្មីអាល្លឺម៉ង់ កំណត់ឲ្យក្រុមហ៊ុនបរទេសអាចទិញភាគហ៊ុនពីក្រុមហ៊ុនក្នុងស្រុកបានត្រឹមចំនួនតែ១០% ប៉ុណ្ណោះ។ ចំនួននេះតិចជាងកាលពីគ្រាមុនដែលអនុញ្ញាតឲ្យអ្នកវិនិយោគបរទសអាចទិញភាគហ៊ុនរហូតដល់ចំនួន២៥%។
សូមជម្រាបជូនថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាល្លឺម៉ង់និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀតមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗអំពីវត្តមានក្រុមហ៊ុនចិនដែលកំពុងបន្តកើនឡើង ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា អាកាសចរណ៍ និងវិស័យយោធា។ល។ ជាក់ស្តែង នៅពេលថ្មីៗនះ ប្រមុខដឹកនាំអាល្លឺម៉ង់គឺលោកស្រី មែរគែល បានជួបពិភាក្សា ជាមួយប្រធានាធិបតីបារាំងគឺលោកអេម៉ានុយអែល ម៉ាក្រុង ទៀតផងដើម្បីរិះរកវិធីរាំងខ្ទប់ឥទ្ធិពលរបស់ក្រុមហ៊ុនចិនដែលកំពុងកើនឡើងច្រើនក្នុងទីផ្សារអឺរ៉ុប។
គួររំឭកជូនថា វិធានការរឹតបន្តឹងលើការវិយោគរបស់ក្រុមហ៊ុនបរទេស បានធ្វើឲ្យក្រុមអ្នកជំនួញអាល្លឺម៉ង់មួយចំនួនមិនពេញចិត្តឡើយ។ ពួកគេបានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលថាជានយោបាយការពារនិយមជ្រុល ហើយអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសបាន។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ក៏បានលើកឡើងដែរថាការកែប្រែច្បាប់ពាណិជ្ជកម្មថ្មីអាចបង្ហាញពីសញ្ញាអវិជ្ជមានមួយដល់ដៃគូបរទេសដែលរកស៊ីជាមួយក្រុមហ៊ុនអាល្លឺម៉ង់។
ឆ្លើយតបនឹងមតិរិះគន់ខាងលើ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់បាននិយាយដោយទទូចថា វិធានការថ្មីរបស់ប្រទេសនេះមិនមែនជានិន្នាការការពារនិយមនោះទេ។ តែវាជានយោបាយដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋក្នុងការការពារផលប្រយោជន៍ជាតិនិងធានាឲ្យបានសន្តិសុខរបស់ប្រទេសជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ