អានតួអត្ថបទ
បារាំង-ឥណ្ឌា

បារាំង​ចាប់​ផ្តើម​បញ្ជូន​​​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ទៅ​ឱ្យ​ឥណ្ឌា

យន្តហោះ​ចម្បាំង​រ៉ាហ្វាល់ Rafale បិទ​​ទង់​ជាតិ​ឥណ្ឌា បៃតង​ស​និង​លឿងទុំ​ បើក​បញ្ជា​ដោយ​កង​កម្លាំង​យោធាជើង​អាកាសឥណ្ឌា Indian Air Force ​ចំនួន​៥​គ្រឿង ដំបូង បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង ហោះ​សំដៅ​ទៅ​ប្រទេស​ឥណ្ឌា​ហើយ​ នៅ​ថ្ងៃ​ចន្ទទី ២៧​កក្កដា ២០២០។ ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​យោធាជើង​អាកាសឥណ្ឌាយន្តហោះ​ចម្បាំង​នេះ​នឹង​ត្រូវ​ចេញ​ធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ឆាប់​រហ័ស​ ពោល​គឺ​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​​ឧប្បត្តិហេតុ​នៅ​តាម​ព្រំដែន​ជាមួយ​ចិន។

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ឥណ្ឌា Rajnath Singh សាកយន្តហោះរ៉ាហ្វាល់ ​ថ្ងៃទី ២០ កក្កដា ២០២០
រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ឥណ្ឌា Rajnath Singh សាកយន្តហោះរ៉ាហ្វាល់ ​ថ្ងៃទី ២០ កក្កដា ២០២០ © Indian Ministry of Defence
ផ្សាយពាណិជ្ជកម្ម

រ៉ាហ្វាល់​ត្រូវចុះ​ចត​​នៅ​​មូលដ្ឋាន​ទ័ព​បារាំង​នៅប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​ និង​​​ត្រូវ​ចាក់​សាំងពេល​កំពុង​ហោះហើរ​ជា​ច្រើន​ដង​​ មុន​នឹង​ដល់ប្រទេស​ឥណ្ឌា ដើម្បី​​ចូលតម្រង់​ជួរនៅ​ថ្ងៃពុធ​ទី២៩កក្កដា២០២០ ​ក្នុង​មូលដ្ឋាន​កងទ័ព​អាកាស​ អំបាឡា Ambala ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស ចម្ងាយ​ប្រមាណ​តែ​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ប៉ាគីស្ថាន​​និង​ចិន។

បញ្ជា​ទិញនៅ​ឆ្នាំ​២០១៦​ពី​បារាំង ​ ចំនួន​៣៦​គ្រឿង​ ឥណ្ឌា​ត្រូវ​ចាប់​ផ្តើម​ទទួល​យន្តហោះ​រ៉ាហ្វាល់ប៉ុន្មាន​គ្រឿង​ដំបូង នៅ​ខែ​​តុលា ២០១៩​ តែ​យន្តហោះ​ទាំង​៥​គ្រឿង ព្រមទាំង​ក្រុម​ការងារ​ត្រូវ​ស្ថិត​នៅ​ប្រទេស​បារាំង​សិន​ដើម្បី​បាន​ទទួល​ការ​បំពាក់បំប៉ន។ ​ទីបំផុត ទោះ​បី​មាន​វិបត្តិកូវីដ១៩​ក្តី ក៏​បារាំង​គ្រប់​កិច្ចសន្យាបាន​យ៉ាង​ត្រឹមត្រូវ។ អ្នក​បើក​បរ​រ៉ាហ្វាល់ និង​អ្នក​បច្ចេកទេស ព្រម​ទាំង​បុគ្គលិក​សម្របសម្រួល​នៅ​លើ​ដី  បាន​ទទួល​ការ​បំពាក់​បំប៉ន ពី​របៀបប្រើប្រាស់​បើក​និង​បញ្ជា​បាញ់​ ព្រមទាំង​ការ​ជួលជុល​ថែទាំ​យ៉ាង​ពេញ​លេញ គ្មាន​ខ្វះ​ចន្លោះ​ឡើយ​ ​ពី​ក្រុមហ៊ុន​យន្តហោះ។

យន្តហោះ​ចម្បាំង​គ្រឿង​ផ្សេង​​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​ឥណ្ឌា​បន្តិច​ៗ​ម្តងៗ រហូត​ដល់គ្រប់​ នៅ​ត្រឹម​​ឆ្នាំ​២០២២។

« លឿន រហ័ស​ ពហុ​ជំនាញ និង​ជា​យន្តហោះ​ចម្បាំងដ៏​ខ្លាំងក្លា រ៉ាហ្វាល់នឹង​មក​ពង្រឹង​​អំណាច​យោធា​ផ្លូវ​អាកាស​ឥណ្ឌា​ផង សមត្ថភាព​ការពារ​ខ្លួន​ផង និង​ក៏​ជា​និម្មិត្តរូបដ៏​អស្ចារ្យ​នៃ​ភាព​ជា​ដៃ​គូ​បារាំង-ឥណ្ឌា »។ នេះ​ជា​ប្រសាសន៍អបអរ​របស់​ឯកគ្គរដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ប៉ារីស។

សូម​បញ្ជាក់​ថា ឥណ្ឌា​រង់ចាំ​​បំពាក់​​រ៉ាហ្វាល់​ខ្លាំង​ណាស់ ដើម្បី​អាច​ធ្វើ​ទំនើបកម្ម​កងទ័ព​អាកាស​របស់​ខ្លួន ដែល​មាន​តែ​​​យន្តហោះ​ចម្បាំង​កញ្ចាស់ៗ​ និង​ដើម្បី​អាច​ដំឡើង​សាច់​ដុំ​ដាក់​ឥណ្ឌា​និ​ងប៉ាគីស្ថាន ដែល​តែង​មាន​ភាព​តាន​តឹង​ព្រំដែន​ជា​ញឹកញយ​ដាក់​គ្នា។

កាលពី​ខែ​កុម្ភៈ​២០១៩ ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ប៉ះទង្គិច​គ្នា​​មួយ​ប្រាវ​ តាម​ផ្លូវ​អាកាស​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ផ្ទុះ​សង្គ្រាម​នឹង​ជា​ថ្មី។ នៅ​ថ្ងៃទី ១៥​មិថុនា​២០២០ ឥណ្ឌា​បាន​ប៉ះទង្គិច​យោធា​ជាមួយ​ចិន​ ជាលើក​ទី​មួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​មក ស្លាប់​ទាហាន​ឥណ្ឌា​យ៉ាង​ហោច​២០នាក់។

ចំណែក​ខាង​បារាំង​អ្នក​ផលិត​យន្តហោះ​ ដែល​មាន​ឥណ្ឌា​ជា​អតិថិជន​បរទេស​ទី​មួយ តាំង​ពី​ឆ្នាំ​១៩៥៣​មក​នោះ សង្ឃឹម​ថា​នឹង​អាច​លក់​រ៉ាហ្វាល់​​បាន​បន្ថែម​ទៀត​ទៅ​ឱ្យ​ញូវដេលី។ មហាយក្សឥណ្ឌា​ធ្លាប់​បាន​មូល​ពាក្យ​ធ្វើ​សំណើ​ផ្លូវការ​ម្តង​កាលពី​ខែ​ឧសភា​២០១៧ សុំ​ព័ត៌មាន​ចង់​ទិញ​យន្តហោះ​ចម្បាំង​សម្រាប់​ទៅ​បំពាក់​ឱ្យ​កងទ័ព​ជើង​ទឹក​ចំនួន ៥៧គ្រឿង និង​ម្តង​ទៀត​នៅ​ខែ​កក្កដា​២០១៨ ដើម្បី​រក​ទិញ​យន្តហោះ​ចម្បាំង ១១០​គ្រឿង​ ទៅ​បំពាក់​ឱ្យ​​កងទ័ព​អាកាស Indian Air Force​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ