អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់៖​យន្តហោះ​យោធា ចិន​រំលោភ​ចូលក្នុង​តំបន់ការពារ​ដែនអាកាស​តៃវ៉ាន់ ចំនួន​៣៨០ដង នៅ ឆ្នាំ ២០២០

តៃវ៉ាន់​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា បាន​ចូល​ទៅ​រំលោភ​ដែនអាកាស​របស់ខ្លួន យ៉ាងសម្បើម កាលពី​ឆ្នាំ ២០២០។ តាម​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ យន្តហោះ​យោធា​ចិន​បានរំលោភ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដល់​ទៅ ៣៨០​ដង ក្នុង​រយៈពេល ១ឆ្នាំ ២០២០។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ វា​ជាចំនួន​ដ៏ច្រើន​មិនធ្លាប់មានទេ គិត​ចាប់តាំង​ពី ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៩០។ 

នៅក្នុង​រូបថត​ផ្តល់​ដោយ​ក្រសួងការពារ​ជាតិតៃវ៉ាន់ យន្តហោះចម្បាំង​តៃវ៉ាន់ ខាងឆ្វេង ហោះ​ក្បែរ​យន្តហោះ​របស់​ចិន ដែល​បាន​ចូល​ក្នុង​តំប់​ការពារ​ដែនអាកាស​តៃវ៉ាន់ នៅឆ្នាំ ២០១៨
នៅក្នុង​រូបថត​ផ្តល់​ដោយ​ក្រសួងការពារ​ជាតិតៃវ៉ាន់ យន្តហោះចម្បាំង​តៃវ៉ាន់ ខាងឆ្វេង ហោះ​ក្បែរ​យន្តហោះ​របស់​ចិន ដែល​បាន​ចូល​ក្នុង​តំប់​ការពារ​ដែនអាកាស​តៃវ៉ាន់ នៅឆ្នាំ ២០១៨ AP
ផ្សាយពាណិជ្ជកម្ម

ការបញ្ជូន​យន្តហោះ​យោធា ឲ្យ​ទៅ ហោះចូល​ក្នុងតំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ជា​ចំណាត់ការ​មួយទៀត របស់​ចិន សម្រាប់​ដាក់សម្ពាធ​ទៅលើ​កោះតៃវ៉ាន់ ដែល​ចិន​តែងចាត់ទុក​ជា​ខេត្ត​មួយ ដែល​ចិន​នឹង​យក​មក​គ្រប់គ្រង​វិញ ទោះបីជា​ត្រូវ​ប្រើ​កម្លាំងយោធា។

ទំនាក់ទំនងចិន និង​តៃវ៉ាន់ បាន​ធ្លាក់ចុះ​ល្អក់កករ ខ្លាំង ចាប់តាំង​ពី​ឆ្នាំ ២០១៦ នៅពេល លោកស្រី ត្សៃ អ៊ីងវេន ដែល​បដិសេធ​មិន​ទទួល​ស្គាល់​នយោបាយ​ចិន​តែមួយ បាន​ឈ្នះឆ្នោត កាន់តំណែង ជា​ប្រធានាធិបតី តៃវ៉ាន់។

សម្រាប់​អ្នកនាំពាក្យ​​របស់​ក្រសួងការពារ​ជាតិ តៃវ៉ាន់ យន្តហោះយោធា​របស់​ចិន រំលោភចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាសតៃវ៉ាន់ ដល់​ទៅ ៣៨០ដង ក្នុង​មួយឆ្នាំ ២០២០ គឺ​ជា​ចំនួន​ដ៏ច្រើន និង​ជា​គ្រោះថ្នាក់ គំរាមកំហែង​ដល់​តំបន់ និង​សន្តិសុខ​របស់តៃវ៉ាន់។

តាម​អ្នកនាំពាក្យ​ដដែល យន្តហោះយោធា​របស់​ចិន ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់ ក្នុង​ចំនួន​ដ៏ច្រើនមិនធ្លាប់មាន គឺ​ដើម្បី ធ្វើតេស្ត សមត្ថភាព ប្រតិកម្មរបស់​កងទ័ពអាកាស ហើយនិង​ដាក់​សម្ពាធ លើ​ប្រព័ន្ធ​ការពារ​ដែនអាកាស របស់​តៃវ៉ាន់។

ថ្មីៗនេះ វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​ការពារ និងសន្តិសុខ​ជាតិ​តៃវ៉ាន់​ធ្លាប់​បាន​ចេញ របាយការណ៍​មួយ ស្តីពី​កងទ័ព​រំដោះប្រជាជន​ចិន ដែលនៅក្នុង​នោះ គេ​បាន​ព្រមានថា ការគំរាមកំហែង​របស់​កងទ័ព​ចិន​មាន​កម្រិតខ្ពស់បំផុត មិនធ្លាប់ មាន គិត​ចាប់តាំង​ពី កើតមាន​វិបត្តិមីស៊ីល​រវាង​តៃវ៉ាន់ និង​ចិន នៅ​ឆ្នាំ ១៩៩៦។ សម្រាប់លោក Jeremy Hung ​អ្នកជំនាញ​តៃវ៉ាន់​ម្នាក់ ដែល​បាន​ចូលរួម​សរសេរ​របាយការណ៍​ខាងលើ យន្តហោះ​យោធា​ចិន បាន​ហោះក្បែរ ឬ​ចូលក្នុង​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់ កាន់តែ​ញឹកញយ យ៉ាងហោចណាស់ ក្នុង​ចំនួន​១១០ថ្ងៃ ក្នុង​ឆ្នាំ ២០២០។ វា​ជាចំនួន​ច្រើនលើសលុប បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ដែល​មាន​ត្រឹមតែ ៦ថ្ងៃ ឬ អាចឡើង​ដល់ ២០​ថ្ងៃ នៅ​ឆ្នាំ ២០១៧។ សម្រាប់​លោក Jeremy Hung ចិន​បាន​បង្កើនការដាក់​សំពាធ​ផ្នែក​យោធា​លើ​កោះតៃវ៉ាន់ ដើម្បី រំលឹក ព្រមាន​តៃវ៉ាន់​កុំ​ឲ្យ​រំលោភ​ខ្សែបន្ទាត់ក្រហម ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​តៃវ៉ាន់ បាន​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ និង​ទិញសព្វាវុធ សន្ធឹកសន្ធាប់​ពី​អាមេរិក។

នៅក្នុង​អាណត្តិ​ដឹកនាំ​របស់ខ្លួន លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន​បញ្ជូន មន្រ្តីជាន់ខ្ពស់​ទៅ កោះតៃវ៉ាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង ខឹងសម្បារ​និង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​ហោះឆ្វែល កោះតៃវ៉ាន់ ដល់​ទៅ ២លើក។ មួយវិញទៀត អាមេរិក​ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ក្នុង​តម្លៃ ប្រាក់ សរុប ដ៏ច្រើន មិនធ្លាប់ ប្រមាណ ១៨ពាន់​លាន​ដុល្លារ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ