អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ជិត៣ខែដែល​ជាប់ឃុំ លោកស្រី​អ៊ុងសាន ស៊ូជី ​នៅតែ​​មិនអាច​​​ជួប​​ក្រុម​មេធាវី​​ការពារ​លោកស្រី​ទេ

គិតមកទល់ពេលនេះ គឺជាតិ​៣ខែហើយ ដែល​លោកស្រីអ៊ុងសាន ស៊ូជី ត្រូវគេដាក់ឃុំនៅក្រុងណៃពីដាវ។ លោកស្រីបានទាមទារសុំជួប​ ក្រុមមេធាវីដែលការពារក្តីជូន​លោកស្រី តែ​រហូតមកទល់ពេលនេះ ក្រុមកងទ័ពភូមានៅតែមិនអនុញ្ញាត។ កាលពីថ្ងៃចន្ទ ទី២៦មេសា មេធាវីរបស់​លោកស្រីអ៊ុង​សាន​​ ស៊ូជី បានអះអាងថា បានឃើញលោកស្រីតាមវីដេអូខុនហ្វេរិនស៍ នៅក្នុងអង្គសវនាកា តុលាការក្រុងណៃពីដាវ។

ប្រជាជនភូមា លើកបដា ទាមទារឲ្យ​របបសិក ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ២៥ កុម្ភៈ ២០២១
ប្រជាជនភូមា លើកបដា ទាមទារឲ្យ​របបសិក ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ២៥ កុម្ភៈ ២០២១ AP - STR
ផ្សាយពាណិជ្ជកម្ម

លោក ​Min Min Soe មេធាវីម្នាក់ នៃក្រុមការងារការពារក្តីជូនលោកស្រី អ៊ុងសាន ស៊ូជី បានអះអាងថា លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានគេអនុញ្ញាតឲ្យ​បង្ហាញមុខ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាថ្មីម្តងទៀត​ ក្នុងអង្គសវនាការ តុលាការក្រុងណៃពីដាវ កាលពីថ្ងៃចន្ទ ទី​២៦មេសា។ តាមរយៈរូបភាពវីដេអូ គឺលោកស្រីហាក់មានសុខភាពធម្មតាទេ តែមានរូបរាង្គចុះស្គមច្រើន។

នៅក្នុងអង្គសវនាកា លោកស្រីបាន​ទាមទារសុំជួប ជាមួយក្រុមមេធាវីដែលការពារក្តីជូនលោកស្រី ព្រោះថា​ជិត៣ខែមកហើយ លោកស្រី​មិនដែលបានជួប​នរណាម្នាក់ទាល់តែសោះ។ សមត្ថកិច្ច​ភូមា បាន​ឆ្លើយតបថា សម្រាប់ពេលនេះគេមិនទាន់អាចអនុញ្ញាតបានទេ ព្រោះគេកំពុងតែធ្វើការ​ មួយជំហានម្តង មួយជំហានម្តង។

លោក​ Min Min Soe បានលើកឡើងផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវគេអនុញ្ញាត ឲ្យទទួលបានព័ត៌មាននានា និងមានទូរទស្សន៍មើលទេ។ មានន័យថា ជិត​៣ខែមកនេះ ប្រហែលជាលោកស្រី មិនបានដឹង អំពីស្ថានការណ៍ស្រុកទេស បាតុកម្ម និងការបង្រ្កាបសម្លាប់បាតុករនោះទេ។

សូមបញ្ជាក់ថា សវនាកាជំនំជំរះក្តី ​លើរូបលោកស្រីអ៊ុងសាន ស៊ូជី ត្រូវលើកទៅធ្វើនៅថ្ងៃទី ១០ ឧសភាបន្តទៀត។ មានវ័យ​៧៥ឆ្នាំ លោកស្រីត្រូវគេចាប់ខ្លួន នៅព្រឹកថ្ងៃទី១កុម្ភៈ។ តុលាការភូមា បានចោទលោកស្រី លើបទចោទប្រកាន់ចំនួន​៦ ដែលក្នុងនោះ មានដូចជាបទល្មើសរំលោភច្បាប់​កិច្ចការសម្ងាត់ជាតិ ដែលមានចំណាស់តាំងតែពីសម័យអាណានិគម និងបទល្មើសទទួលសំណូក មាន​ប្រាក់១លានដុល្លារ និងមាស១១គីឡូក្រាម។ ជាមួយ​នឹងបទចោទប្រកាន់ទាំងនេះ លោកស្រីអ៊ុងសាន ស៊ូជី អាចប្រឈមនឹងការហាមឃាត់ឲ្យឈប់ធ្វើនយោបាយ​ជារៀងរហូត និងអាចជាប់ឃុំយូរឆ្នាំថែមទៀតផង។

ដោយឡែកនៅថ្ងៃចន្ទទី​២៦មេសា ប្រជាជនភូមា នៅតែបន្តចុះផ្លូវ លើកគ្រវីទង់ក្រហម រូបហង្សពណ៌មាស ដែលជាទង់របស់គណបក្សលោកស្រីអ៊ុងសាន ស៊ូជី។ គិតមកត្រឹមពេលនេះ មានមនុស្ស​ចំនួន​ប្រមាណ​៧៥០នាក់ បានស្លាប់ ដោយការបាញ់រះ​កងទ័ពភូមា។​ ចំណែកមនុស្សជាប់​ឃុំ​វិញ មានចំនួនប្រមាណ​៣៥០០នាក់។

កាលពីថ្ងៃសៅរ៍ទី​២៤មេសា លោកមីន អ៊ុងឡាំង មេបញ្ជាការកងទ័ពជាតិភូមា បានទៅប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន នៅទីក្រុងចាការតា។ នៅក្នុងឱកាសនោះ​ ប្រទេសអាស៊ានទាំង​៩ បានប្រាប់ទៅ​លោក​មីន អ៊ុងឡាំង ថាត្រូវតែបញ្ឈប់ការបាញ់សម្លាប់បាតុករ ហើយត្រូវបើកផ្លូវ ​ឲ្យ​តំណាង​ពិសេសរបស់អាស៊ាន ចូលទៅភូមា ឲ្យ​បានឆាប់បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ