អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

លោកស្រីអ៊ុងសាន ស៊ូជី ​ត្រូវគេ​អនុញ្ញាត​ឲ្យ​​ចូល​អង្គសវនាកា និងជួប​​ក្រុម​មេធាវី​ដោយផ្ទាល់ ជា​​លើកទី១

លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានកងទ័ពភូមា អនុញ្ញាតឲ្យ​ចូលខ្លួន​ដោយ​ផ្ទាល់ ក្នុងអង្គសវនាកា នៅថ្ងៃចន្ទ ទី​២៤ឧសភានេះ នៅតុលាការក្រុងណៃពីដាវ។ នេះគឺជាលើកទីមួយហើយ បន្ទាប់ពីលោកស្រី ត្រូវបានគេដាក់បង្ឃាំងក្នុងឃុំ ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទី១កុម្ភៈមក។ នៅថ្ងៃនេះ លោកស្រីត្រូវបានគេអនុញ្ញាត ឲ្យជួប​ដោយផ្ទាល់ ជាមួយ​ក្រុមមេធាវី ការពារក្តីរបស់លោកស្រីផងដែរ។

បាតុករភូមា កាន់បដារូបលោកស្រី អ៊ុងសាន ស៊ូជី។ ក្រុងម៉ាន់ដាឡេ ថ្ងៃទី ២២ កុម្ភៈ ២០២១
បាតុករភូមា កាន់បដារូបលោកស្រី អ៊ុងសាន ស៊ូជី។ ក្រុងម៉ាន់ដាឡេ ថ្ងៃទី ២២ កុម្ភៈ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

លោកស្រី Min Min Soe មេធាវីរបស់​លោកស្រី អ៊ុងសាន ស៊ូជី បានប្រាប់អ្នកកាសែតថា លោក និងលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបាន​គេអនុញ្ញាតឲ្យជួបគ្នាដោយ​ផ្ទាល់ រយៈពេល​៣០នាទី មុនពេលបើកអង្គសវនាកា។ លោកមេធាវីអះអាងថា លោកស្រីអ៊ុងសាន ស៊ូជី មានសុខភាពមាំមួន ហើយនៅតែមានការតាំងចិត្តរាំងមាំដដែល។ លោកស្រីបានបញ្ជាក់ថា ដរាបណានៅតែមានប្រជាជនភូមា នោះគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នៅតែមានជីវិតជានិច្ច ព្រោះគណបក្សនេះជាគណបក្សដើម្បីប្រជាជនភូមា។

សូមបញ្ជាក់ថា បើសិនតុលាការភូមា សម្រេចទទួលស្គាល់ទោស នោះលោកស្រី អ៊ុងសាន ស៊ូជីអាចនឹងត្រូវ គេហាមឃាត់ មិនឲ្យ​ធ្វើនយោបាយ​ជារៀងរហូត និងអាចត្រូវជាប់ឃុំ រយៈពេលយូរផង។ ជាងនេះទៀត គណបក្ស​សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ត្រូវប្រឈមនឹង​ការ​រំលាយចោល។

កាលពី​ថ្ងៃសុក្រសប្តាហ៍កន្លងទៅ នៅក្នុងវីដេអូមួយផ្សាយ​លើទំព័រ Facebook របស់បណ្តាញព័ត៌មានក្នុងស្រុក​ភូមាមួយ  លោក Thein Soe ប្រធានគណកម្មការជាតិរៀបចំការ​បោះឆ្នោត​ភូមា បាន​និយាយ​ថា យោងតាមការ​ស៊ើបអង្កេត គឺគណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ពិតជាបានធ្វើសកម្មភាព​ខុសច្បាប់ នៅក្នុងការបោះឆ្នោត ខែ​វិច្ឆិកា​ឆ្នាំ​​​២០២០​​ ដែលវាគឺជាអំពើក្បត់ជាតិ។ លោកម្នាក់នេះ បញ្ជាក់ថា គេកំពុងពិចារណា ថាតើត្រូវរំលាយ​គណបក្សនេះ​ចោល ឬ ក៏ត្រូវផ្តន្ទាទោសថ្នាក់ដឹកនាំរបស់គណបក្សនេះ។ មន្ត្រីភូមារូបនេះ បានបញ្ជាក់ថា កាលពីថ្ងៃសុក្រទី២១​ឧសភា គេបានបើកការប្រជុំ ជាមួយ​គណបក្សនយោបាយទាំងអស់ ដើម្បី​ធ្វើ​កំណែទម្រង់​ ប្រព័ន្ធបោះឆ្នោត ក៏ប៉ុន្តែគណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ មិនបាន​មកចូលរួមទេ។

គួររំលឹកថា នៅពេល​ធ្វើរដ្ឋប្រហារថ្ងៃទី​១កុម្ភៈ លោកឧត្តសេនីយ៍ មីន អ៊ុងឡាំង​ បានចេញមុខប្រកាសថា លោក​នឹងរៀបចំការបើឆ្នោតជាថ្មី នៅរវាងមួយឆ្នាំទៀត ដោយគោរពតាមក្រិត្យក្រម សេរីយុត្តិធម៌។ ដោយឡែក ផ្អែកតាមការផ្សាយ​របស់បណ្តាញព័ត៌មានក្នុងស្រុកភូមាមួយ នៅថ្ងៃទី២០ឧសភា របបសិកភូមា បាន​លុបចោលអាយុកំណត់ចូលនិវត្តន៍ របស់មន្ត្រីកងទ័ព ដែលនេះមានន័យថា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អាចបន្តបំពេញ​មុខនាទីបាន ទោះបីមានអាយុលើស៦៥ឆ្នាំក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ហុងកុង Phoenix TV ផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានថ្លែងថា កងទ័ពភូមាចង់កសាងប្រទេស ដោយឈរលើលទ្ធិប្រជាធិបតេយ្យ ពហុបក្ស និង​ដោយគោរពគោលការណ៍​សហព័ន្ធ។ លោក​បន្ថែមថា បើ​អ្វីៗដូចការរំពឹងទុក កងទ័ពនឹងសម្រេចកម្មវត្ថុនេះ ក្នុងរយៈពេល១ឆ្នាំទៀត ឬ ក៏អាចថែម៦ខែទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ