អានតួអត្ថបទ
អូស្ត្រាលី-បេតិកភណ្ឌពិភពលោក

អូស្ត្រាលី​ជំទាស់​នឹង​​យូណេស្កូ ដែល​ចង់ដាក់​បញ្ចូល​តំបន់ផ្កាថ្មខ្លួន​ ក្នុង​បញ្ជីសម្បត្តិ​បេតិកភណ្ឌ​ប្រឈម​គ្រោះថ្នាក់

យោងតាមរបាយការណ៍​បឋម អង្គការ​យូណេស្កូ មានគម្រោង​ដាក់បញ្ចូល តំបន់ផ្កាថ្មដ៏ធំមហិមា ស្ថិត​នៅតាមបណ្តោយ​ឆ្នេរ ភាគឥសាន្តប្រទេសអូស្ត្រាលី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ ដែលប្រឈមនឹងគ្រោះថ្នាក់។ ការសម្រេចរបស់អង្គការយូណេស្កូនេះ​ ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលី ប្រឆាំងតវ៉ា ថាវាជាការសម្រេចដោយអត្តនោម័ត និងមាក់ងាយ​ចំពោះកិច្ចប្រឹងប្រឹងរបស់់អូស្ត្រាលី​នា​ពេល​កន្លងមក ដែលព្យាយាមការពារអភិរក្សតំបន់ផ្កាថ្មរបស់ខ្លួន។

តំបន់ផ្កាថ្មដ៏ធំហិមា (Great Barrier Reef) នៅភាគឦសាន ប្រទេសអូស្ត្រាលី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨១
តំបន់ផ្កាថ្មដ៏ធំហិមា (Great Barrier Reef) នៅភាគឦសាន ប្រទេសអូស្ត្រាលី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨១ AP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទ ទី២១មិថុនា អង្គការយូណេស្កូ បានចេញរបាយការណ៍បឋមមួយ ដោយ​បាន​លើកសំណើ​ថា តំបន់ផ្កាថ្ម​ដ៏ធំមហិមា (Great Barrier Reef) នៅភាគឦសានអូស្ត្រាលី ដែលត្រូវគេចាត់ជាសម្បត្តបេតិកភណ្ឌ​ពិភពលោក​ តាំងតែពីឆ្នាំ​១៩៨១នោះ នឹងត្រូវចាត់បញ្ចូល​​ទៅ​ក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌ ដែលប្រឈម​នឹងគ្រោះថ្នាក់វិញ។ អ្នកជំនាញយូណេស្កូ បានលើកហេតុផលថា តំបន់ផ្កាថ្មនេះ បានរងនូវការខូចខាតជាច្រើន ដែលធ្វើឲ្យ​ផ្កាថ្មប្រែទៅជាមានពណ៌ស ដោយសារតែបម្រែមប្រួល​អាកាសធាតុ​។

បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម លោកស្រី ​Sussan Ley រដ្ឋមន្ត្រីបរិស្ថាន​អូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលលោកស្រី និង​ធ្វើការ​​តវ៉ា​ជំទាស់​ ទល់នឹងសំណើ​របស់​យូណេស្កូនេះ។ លោក​ស្រីបញ្ជាក់​ថា លោកស្រី​ទទួលស្គាល់ ថា​កត្តាបម្រែបម្រួលអាកាសធាតុក្នុងពិភពលោក គឺជាការគំរាមកំហែងមួយ​ដ៏ធំ មកលើ​​តំបន់​ផ្កាថ្ម​របស់អូស្ត្រាលី។ ក៏ប៉ុន្តែ ការចាត់បញ្ចូលតំបន់នេះ ថាជាតំបន់​​ប្រឈមគ្រោះថ្នាក់ខ្លាំង គឺជារឿងភ័ន្តច្រឡំហើយ។ លោកស្រីអះអាងថា គ្មានតំបន់បេតិកភណ្ឌ​ណា ដែលត្រូវបាន​ទទួលការការពារអភិរក្ស​ ល្អដូចតំបន់នេះទេ ព្រោះរដ្ឋអូស្ត្រាលី បានចំណាយ​​ប្រាក់​រាប់ពាន់​លានដុល្លារ។

គួរកត់សំគាល់ថា សម្រាប់អង្គការយូណេស្កូ ការចាត់បញ្ចូលសម្បត្តិបិតិកភណ្ឌណាមួយ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ដែលប្រឈមគ្រោះថ្នាក់​ មិនមែនមាន​ន័យថា ជាការដាក់ពិន័យ​ ទណ្ឌកម្ម​នោះទេ។ ក្នុងករណីខ្លះ ការធ្វើបែបនេះ ជាការដាស់ពញ្ញាក់ស្មារតី ឲ្យ​បង្កើន​ការប្រឹងប្រែងអភិរក្សការពារ និងចូលរួម​សកម្មពី​សំណាក់សហគមន៍អន្តរជាតិ។

យ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី បានលើកឡើងថា ពិតជាមានហេតុផលនយោបាយ នៅពីក្រោយ​ការសម្រេច បែបស្តីបន្ទោស និងមាក់ងាយ​មកលើរដ្ឋាភិបាលអូស្ត្រាលីនេះ។ ប្រភពមិនបញ្ចេញឈ្មោះ បានអះអាងថា អូស្ត្រាលីគិតថាចិនជាអ្នកនៅពីក្រោយការសម្រេចរបស់យូណេស្កូ។ កិច្ចប្រជុំគណកម្មាធិការបេតិកភណ្ឌពិភពលោក របស់យូណេស្កូ នឹងត្រូវរៀបចំ​ឡើង​​នៅខែកក្កដា​​ខាងមុខនៅក្នុងប្រទេសចិន។

ដោយឡែក អង្គការការពារបរិស្ថានបានលើកឡើងថា វាជារឿងអាម៉ាស​បំផុត​សម្រាប់អូស្ត្រាលី ដែល​គ្មានសមត្ថភាព ក្នុងការការពារថែររក្សាសម្បត្តិបិតិភណ្ឌតំបន់ផ្កាថ្ម។ លោក Richard Leck តំណាងអង្គការ​ WWF បានលើកឡើងថា អូស្ត្រាលីមិនមានវិធានការគ្រប់គ្រាន់ ក្នុងការពារសម្បត្តិធម្មជាតិ និងការ​ប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដីទេ។ អូស្ត្រាលីជាប្រទេសធំមួយ ដែលនាំចូលឧស្ម័ន និង​ធ្យូងថ្មច្រើនណាស់ តែមកទល់ពេលនេះ រដ្ឋាភិបាល​របស់លោក ស្កុត ម៉ូរីសុន នៅមិនព្រម​កំណត់ អំពីកម្មវត្ថុ​អព្យាក្រិត្យភាពកាបូន ពីនេះដល់ឆ្នាំ​២០៥០ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ