អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​តុលាការ​របប​សឹក​ភូមា កាត់​ទោស ​ឲ្យជាប់​ពន្ធនាគារ​៤ឆ្នាំ

នៅថ្ងៃចន្ទ ទី​៦ធ្នូនេះ តុលាការរបស់របបសឹកភូមា បានសម្រេចផ្តន្ទាទោស លោកស្រីអ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ពី​បទ​ញុះញង់បង្កអសន្តិសុខសង្គម និង​បំពាន​នឹងវិធានការ​សុខាភិបាល ទាក់ទិននឹងវិបត្តិកូវីដ​១៩។ លោកស្រី អ៊ុងសាន ស៊ូជី និម្មិតរូបប្រជាធិបតេយ្យភូមា ក៏កំពុងរងនូវការ​ផ្តន្ទាទោសមួយចំនួន​ផ្សេងទៀតដែរ ពីសំណាក់តុលាការភូមា ដែលអាចរារាំងលោកស្រី ឲ្យ​នៅឆ្ងាយ​ពីឆាកនយោបាយ ជារៀងរហូត។

លោកស្រី អ៊ុងសាន ស៊ូជី នៅក្រុងណៃពីដាវ ថ្ងៃទី ២៧ មករា ២០២១ ប៉ុន្មានថ្ងៃ មុន​រដ្ឋប្រហារយោធា។
លោកស្រី អ៊ុងសាន ស៊ូជី នៅក្រុងណៃពីដាវ ថ្ងៃទី ២៧ មករា ២០២១ ប៉ុន្មានថ្ងៃ មុន​រដ្ឋប្រហារយោធា។ AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានតុលាក្រុងណៃពីដាវ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទញុះញង់ បំផុសបំផុល បង្កឲ្យ​មានអសន្តិសុខសង្គម អសណ្តាប់ធ្នាប់សាធារណៈ និង​ទោស២ឆ្នាំទៀត ពីបទបំពាននឹងវិធានការ​សុខាភិបាល ទាក់ទិននឹងការឆ្លងរាលដាលកូវីដ​១៩។ នេះបើផ្អែកតាមការបញ្ជាក់ ថ្ងៃចន្ទទី៦ធ្នូ ពីសំណាក់ លោក Zaw Min Tun អ្នកនាំពាក្យរបបសឹកភូមា។

ចំណែកលោក Win Myint អតីតប្រធានាធិបតីភូមា ក៏ត្រូវតុលាការផ្ទន្ទាទោស ឲ្យជាប់ពន្ធនាគារ​សរុប៤ឆ្នាំដូចគ្នាដែរ ក្រោមបទចោទប្រកាន់ ដូចលោកស្រីអ៊ុងសាន ស៊ូជី ដែរ។ អ្នកនាំពាក្យរបបសឹកភូមា បានអះអាងថា អ្នកទាំងពីរ នឹងមិនទាន់ត្រូវបាន​គេបញ្ជូនខ្លួនទៅពន្ធនាគារ ក្នុងពេលនេះទេ ដោយសារអ្នកទាំង២នេះ ត្រូវប្រឈមនឹង​សវនាការកាត់ទោស ពីបទល្មើសផ្សេងទៀត។

គួរកត់សំគាល់ថា សវនាការកាត់ទោស នៅថ្ងៃចន្ទ ទី​៦ធ្នូ មិនត្រូវបានអាជ្ញាធរភូមា អនុញ្ញាតឲ្យ​អ្នកកាសែតចូលទៅតាមដានស្តាប់ទេ។ ចំណែកលោក មេធាវីការពារក្តីជូនលោកស្រីអ៊ុងសាន ស៊ូជីវិញ ត្រូវបាន​របបសឹកភូមា ហាមឃាត់ មិន​ឲ្យ​និយាយអ្វីទាំងអស់ ទៅកាន់អ្នកកាសែត។

សូមបញ្ជាក់ថា លោកស្រីអ៊ុងសាន ស៊ូជី បច្ចុប្បន្នដែល​មានអាយុ៧៥ឆ្នាំ ត្រូវប្រឈមនឹងការ​ចោទ​ប្រកាន់​ជាច្រើនផ្សេងទៀត ដែលអាចធ្វើឲ្យ​លោកស្រី ត្រូវតុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ រាប់សិបឆ្នាំ។ ការចោទប្រកាន់ទាំងនេះ ត្រូវបានអ្នកវិភាគ​ និង​ អង្គការសិទ្ធិមនុស្សនានា អះអាងថា គឺជាឆាកល្ខោន ដែលរៀបចំឡើងដោយឥតខ្មាសអៀន ពីសំណាក់របបសឹក និងតុលាការពុករលួយ ដើម្បី​បង្ឃាំងលោកស្រីអ៊ុងសាន ស៊ូជី ឲ្យ​នៅឆ្ងាយ​ពីឆាកនយោបាយ​ភូមាជារៀងរហូត។

លោក Ming Yu Hah តំណាងតំបន់ របស់​អង្គការ Amnesty International បានលើកឡើងថា ការចោទប្រកាន់ បែបប្រឌិតក្លែងក្លាយ​ ដែលរបបសឹកភូមា បាន​ធ្វើមកលើរូបលោកស្រីអ៊ុងសាន ស៊ូជី គឺវាបានស​បង្ហាញ​ឲ្យ​ឃើញ​ នូវ​អំពើអយុត្តិធម៌យ៉ាងស្រស់ស្រស់ ដែលអ្នកទោសនយោបាយ​ប្រមាណ​ ១៣០០នាក់​ផ្សេងទៀត កំពុងតែ​រងទទួល។ នេះគឺជាយុទ្ធសាស្ត្ររបស់របបសឹក ដើម្បីបំបិទមាត់អ្នកប្រឆាំង និងរារាំងសិទ្ធិសេរីភាពបញ្ចេញមតិ។

ដូចគ្នាដែរ លោក Richard Horsey អ្នកវិភាគនៅ International Crisis Group បាន​លើកឡើងថា ការផ្តន្ទាទោសនេះ គឺជាការ​សងសឹក​ និងដើម្បីបង្ហាញកម្លាំងសាច់ដុំ ពីសំណាក់ក្រុមកងទ័ពភូមា មកលើ​លោកស្រីអ៊ុងសាន ស៊ូជី ក៏ដូចជាបក្សប្រជាធិបតេយ្យ។ តែយ៉ាងណា អ្នកវិភាគរូបនេះជឿថា របបសឹកប្រហែលជាមិន​បញ្ជូនខ្លួនលោកស្រីអ៊ុងសាន ស៊ូជី ទៅឃុំនៅក្នុងពន្ធនាគារទេ គឺគេនឹងបង្ឃាំងលោកស្រីទុកក្នុងគេហដ្ឋាន ឬនៅទីតាំងណាមួយ ជារៀងដរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ