អានតួអត្ថបទ
ភូមា-កម្ពុជា

មេដឹកនាំ​យោធាភូមា​ប្រកាស​ពន្យារបទឈប់បាញ់​រហូតដល់​ចុងឆ្នាំ ២០២២

នៅក្នុង​ជំនួបផ្លូវការ​ជាមួយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​កាលពី​ថ្ងៃ​សុក្រ ទី​៧មករា មេដឹកនាំ​របបសឹកភូមា លោក​មីន អ៊ុងឡាំង​បាន​អះអាង​ថា រដ្ឋាភិបាលយោធាភូមា​នឹង​អនុវត្ត​បទឈប់បាញ់​ជាមួយ អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់​នៅភូមា រហូត​ដល់​ចុងឆ្នាំ ២០២២។ ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីកម្ពុជា នៅភូមា​បាន​បង្ក​ឲ្យ​បាតុកម្ម​តវ៉ា រិះគន់ នៅភូមា ដោយសារ​គេខ្លាចថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន នឹង​ទៅបញ្ជាក់​ភាពស្របច្បាប់​របស់​របបសឹកភូមា ដែលបាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល ស៊ីវិល និង​ចាប់​លោកស្រី អ៊ុងសាន ស៊ូជី ដាក់ឃុំ តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ មុន។

រូបថតផ្តល់​ដោយទូរទស្សន៍ជាតិ​ភូមា​បង្ហាញ​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ជួបពិភាក្សា​ជាមួយមេដឹកនាំរបបសឹកភូមា នៅក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ភូមា ពីថ្ងៃទី ៧ និង​ទី ៨​មករា ឆ្នាំ ២០២២
រូបថតផ្តល់​ដោយទូរទស្សន៍ជាតិ​ភូមា​បង្ហាញ​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ជួបពិភាក្សា​ជាមួយមេដឹកនាំរបបសឹកភូមា នៅក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ភូមា ពីថ្ងៃទី ៧ និង​ទី ៨​មករា ឆ្នាំ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីប្រកាសព័ត៌មានរួម ដែលធ្វើឡើង​នៅរដ្ឋធានី ណៃពីដោរ ប្រទេស​ភូមា ប្រមុខរដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​របបសឹក​ភូមា​បាន​និយាយ​គ្នា​ពី​ចំណុច​សំខាន់​ធំពីរ ដែលទាក់ទង​នឹង​វិបត្តិនៅភូមា។ ទី១ មេដឹកនាំ​យោធា លោក​មីន អ៊ុងឡាំង បាន​និយាយ​ប្រកាស​ថា កងទ័ព​នឹង​ពន្យារ​ការអនុវត្ត​បទឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ ជនជាតិភាគតិច​ទាំងអស់​ រហូតដល់​ចុងឆ្នាំ ២០២២។ នៅក្នុង​ន័យនេះ មេដឹកនាំរបបសឹក​បាន​និយាយ​ស្វាគម​ការចូលរួម​របស់​ប្រេសិតថ្មីពិសេស​របស់​អាស៊ាន នៅក្នុង​កិច្ចពិភាក្សា​ស្តីពីបទឈប់បាញ់ជាមួយ​ក្រុមប្រដាប់អាវុធ​ជនជាតិភាគតិច។ ទី២ មេដឹកនាំ​កម្ពុជា និង​ភូមា​បាន​ព្រមព្រៀងគ្នា​ផងដែរ​ឲ្យ​មានកិច្ចប្រជុំ​រវាងភាគី​ពាក់ព័ន្ធ ដើម្បី​បើកផ្លូវ នាំ​ជំនួយ​មនុស្សធម៌ ដល់ប្រជាជន​ភូមា។

នៅក្នុង​សេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃ​សុក្រ មេដឹកនាំ​យោធាភូមា លោក​មីន អ៊ុងឡាំង និយាយ​ផងដែរថា នឹង​ផ្តល់ការគាំទ្រ​ដល់​ប្រេសិតថ្មី របស់​អាស៊ាន ដើម្បី​អាច​បំពេញតួនាទី​របស់ខ្លួនក្នុងការអនុវត្ត​ផែនការ​៥ចំណុច​របស់អាស៊ាន ដើម្បី​ដោះស្រាយវិបត្តនៅភូមា។ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់ថា តើ​ប្រេសិតរបស់អាស៊ាន​នឹង​ត្រូវ​អនុញ្ញាត​ឲ្យចូលជួប​លោកស្រី អ៊ុងសាន ស៊ូជី ដែល​កងទ័ព​កំពុងចាប់ដាក់ឃុំដែរឬទេ។

កន្លងមក របបសឹកភូមា មិន​បាន​អនុវត្តតាម​គោលការណ៍​៥ចំណុច​របស់អាស៊ាន ដោយ​បាន​បដិសេធ មិន​អនុញ្ញាត​ឲ្យ​ប្រេសិត​ពិសេស​របស់​អាស៊ាន​ចូលជួប​លោកស្រី​អ៊ុងសាន ស៊ូជី រហូត​ធ្វើឲ្យ​អាស៊ាន​ខឹងសម្បារ ផាត់ មិន​ឲ្យ​មេដឹកយោធា​ភូមា ចូលរួម​ក្នុង​ជំនួបកំពូលអាស៊ាន កាលពី​ចុងឆ្នាំមុន។

លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន ដែល​ទើប​ចូលធ្វើជា​ប្រធាន​ដឹកនាំ​វិលជុំ​អាស៊ាន បាន​ក្លាយ​ជា​មេដឹកនាំ​បរទេស​ដំបូងគេ ដែលធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ភូមា គិត​ចាប់តាំង​ពី​កងទ័ព​ភូមា​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។

ទស្សនកិច្ច​របស់​ប្រមុខរដ្ឋាភិបាលកម្ពុជា​បានរង​ការរិះគន់ មិនថា ពីខាង​សកម្មជនប្រឆាំង​ភូមា និងអង្គការ​ការពារ​សិទ្ធិមនុស្ស។ នៅថ្ងៃ​សុក្រ បាតុកម្ម​ដុតរូបថត​លោកហ៊ុន សែន និង​រូបមេដឹកនាំ​របបសឹក​បាន​ផ្ទុះឡើង​ នៅ​តាម​ទីក្រុងមួយចំនួន ដូចជានៅ ម៉ង់ដាឡេ។

សម្រាប់ ចលនា​ប្រឆាំង ដែលប្រមូលផ្តុំ​ដោយ​អតីតសមាជិកសភា មកពីគណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ហៅកាត់ជាភាសា​អង់គ្លេស ថា CRPH ទស្សនកិច្ច​របស់​លោកហ៊ុន សែន នឹង​មិននាំផលចំណេញ​ដល់​ប្រជាជន​ភូមា ផ្ទុយទៅវិញ ប្រជាជនភូមា​ប្រឆាំង​រាល់​ទង្វើគាំទ្ររបបសឹក។

តាមlលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការ​Human Rights Watch ប្រជាជន​ភូមា ចង់​បាន​ការស្តារលទ្ធិប្រជាធិបតេយ្យ និង​ការគោរពសិទ្ធិមនុស្ស។ ដូច្នេះ ពួកគេ​នឹង​មិនទទួល​យក​នយោបាយ​ផ្លូវកាត់​របស់​នាយករដ្ឋមន្រ្តីហ៊ុន​សែននោះទេ។

ក្រៅពីផ្ទុះអាវុធ វាយប្រហារ​ទៅលើ​ក្រុមចលនា​ប្រឆាំង​ការធ្វើរដ្ឋប្រហារ កងទ័ព​ភូមា​កំពុង​បើក​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាមជនជាតិភាគតិច​ការ៉ែន នៅភាគខាងកើត ដែល​បង្ក​ឲ្យមាន​លំហូរ​ជនភៀសខ្លួន​ភូមា​ទៅ​ប្រទេស​ថៃ។ ថ្មីៗនេះ របបសឹក​ភូមា ទើប​រង​ការចោទប្រកាន់​ថា បានដុត​សម្លាប់​ប្រជាជនស៊ីវិលជាង​៣០នាក់ នៅ​រដ្ឋ​កាយ៉ា ដែល​នៅក្នុង​នោះ​មាន​ស្ត្រីកុមារ និង​បុគ្គលិក​អង្គការ​Save the Children៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ