អានតួអត្ថបទ

ចិនយល់ព្រមឲ្យប្រមុខ អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សទៅកាន់តំបន់ស៊ីងជាំង តែនៅក្រោយកីឡាអីឡាំពិក

ប្រទេស​ចិន​បាន​យល់ព្រម​ឲ្យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី​មីស្ហែល បាស្ហឺឡេ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ស៊ីនជាំង នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត South China Morning Post ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មករា។ South China Morning Post ដែល​បាន​ដក​ស្រង់​ប្រភព​មិន​បញ្ជាក់​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើរ​ទៅ​កាន់​តំបន់​ស៊ីនជាំង​របស់​លោកស្រី​បាស្ហឺឡេ​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​រៀបចំ​កីឡាអូឡាំពិក​រដូវត្រជាក់​ក្នុង​ក្រុង​ប៉េកាំង។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រីមីស្ហែល បាស្ហឺឡេ
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រីមីស្ហែល បាស្ហឺឡេ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

ជម្រើស​ទៅ​កាន់​តំបន់​ស៊ីនជាំង​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី​មីស្ហែល បាស្ហឺឡេ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ។ មិន​ចៃដន្យ ព្រោះ​ក្រុម​បស្ចិមប្រទេស និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចោទ​ចិន​ពី​បទ​បាន​អនុវត្ត​នយោបាយ​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ និង​សហគមន៍​​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្សេង​ទៀត​នៅ​ទីនោះ។ តាម​ក្រុម​បស្ចិមប្រទេស និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ចិន​បាន​សាង់សង់​ជំរំ​មួយ​ធំ​ល្វឹងល្វើយ​ដើម្បី​ដាក់​ពួក​អ៊ុយហ្កួរ និង​​ធ្វើ​បាប​ពួក​នេះ​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម និង​បង្ខំ​ឲ្យ​ធ្វើ​ការងារ។ សហរដ្ឋអាមេរិក​ថែម​ទាំង​បាន​ចង្អុល​មុខ​ចិន​ពី​បទប្រល័យពូជសាសន៍​លើ​ពួក​អ៊ុយហ្កួរ។

តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​អះអាង​ច្រើន​ដង​ថា ជំរំ​ដាក់​ពួក​អ៊ុយហ្គួរ​មិនមែន​ជា​ជំរំ​លត់ដំ ធ្វើ​ទារុណកម្ម​ស្អី​ទេ តែ​ជា​ជំរំ​អប់រំ រៀនសូត្រ ហ្វឹកហ្វឺន​ដើម្បី​អនាគត​ពួក​អ៊ុយហ្គួរ​ទេ​តើ។ គួរ​បញ្ជាក់​ថា ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី​មីស្ហែល បាស្ហឺឡេ​បាន​ចរចា​ជាមួយ​រដ្ឋអំណាច​ចិន​តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ​ស្តីពី​លក្ខខណ្ឌ​នៃ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​តំបន់​ស៊ីនជាំង។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត South China Morning Post ពេល​នេះ​ជា​ដំណឹង​ពិត ឬ​មិន​ពិត​ទេ ព្រោះ​ខណៈ​នេះ គេ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រសួង​ការបរទេស​ចិន ពី​បេសកកម្ម​ការទូត​ចិន​នៅ​អង្គការសហប្រជាជាតិ ឬ​មួយ​ពី​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ។

អ្វី​ដែល​គេ​ដឹង​ដោយ​យោង​តាម​កាសែត South China Morning Post ដដែល ដំណើរ​ទៅ​កាន់​តំបន់​ស៊ីនជាំង​របស់​លោកស្រី​មីស្ហែល បាស្ហឺឡេ​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​រៀបចំ​ល្បែងកីឡាអូឡាំពិក​រដូវត្រជាក់​ដែល​គ្រោង​បើក​ធ្វើ​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី២០ កុម្ភៈ​ខាង​មុខ​ក្នុង​ក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ