អានតួអត្ថបទ
បារាំង-ចិន-អ៊ុយហ្គួរ

សភាបារាំង​អនុម័ត​សេចក្តី​សម្រេចចិត្ត ថ្កោលទោស​អំពើ​ប្រល័យ​​ពូជសាសន៍ ដែល​ចិន​ធ្វើទៅ​លើ​​ប្រជាជន​​អ៊ុយហ្គួរ

រដ្ឋសភាបារាំង កាលពីថ្ងៃព្រសហ្បតិ៍ទី​២០មករា បាន​បោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្ត​មួយ ដែល​បានថ្កោល​ទោស​ ចំពោះអំពើប្រល័យពូជសាសន៍ ធ្វើដោយ​រដ្ឋអំណាចចិន ទៅ​លើ​​ជនជាតិអ៊ុយហ្គួរនៅខេត្តស៊ីនជាំង។ គួរកត់សំគាល់ថា នៅប៉ុន្មានថ្ងៃមុនការចាប់​ផ្តើម​បើកសម្ពោធ កម្មវិធីប្រកួត​កីឡា​អូឡាំពិករដូវរងារ នៅក្រុងប៉េកាំង សំឡេងថ្កោលទោស បរិហារការរំលោភសិទ្ធិមនុស្សនៅ​ចិន បាន​បន្លឺកាន់តែខ្លាំងឡើង ពីសំណាក់ស្ថានប័ន​កំពូលរដ្ឋ នៅតាមបណ្តាប្រទេសមហាអំណាច​មួយចំនួន មាន​ដូចជាបារាំង អាមេរិក អង់គ្លេស និង​កាណាដាជាដើម។

សកម្មជនជនជាតិអ៊ុយហ្គួរ លើកបដាថ្កោលទោស​រដ្ឋាភិបាលចិន ពីបទប្រល័យពូជសាសន៍ នៅក្បែរសភាអង់គ្លេស ទីក្រុងឡុងដ៍ ថ្ងៃទី ៩ ធ្នូ​២០២១
សកម្មជនជនជាតិអ៊ុយហ្គួរ លើកបដាថ្កោលទោស​រដ្ឋាភិបាលចិន ពីបទប្រល័យពូជសាសន៍ នៅក្បែរសភាអង់គ្លេស ទីក្រុងឡុងដ៍ ថ្ងៃទី ៩ ធ្នូ​២០២១ AP - Alberto Pezzali
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចចិត្ត ដែលត្រូវបាន​ដាក់ស្នើដោយគណបក្សសង្គមនិយមបារាំង ត្រូវបាន​សមាជិក​សភាបារាំង ​បោះឆ្នោត​គាំទ្រ សឹងតែ​ជាឯកច្ឆ័ន្ទ។ បើទោះជាគ្មាន​ខ្លឹមសារអំណាចចាប់​បង្ខំក្តី តាមរយៈសេចក្តីសម្រេចចិត្តនេះ រដ្ឋសភាបារាំងបានចាត់ទុកអំពើធ្វើ​ទុក្ខ​បុកម្នេញ ដែល​រដ្ឋអំណាចចិនបាន​ធ្វើទៅលើ​ប្រជាជនអ៊ុយហ្គូរ ថាមានទម្រង់ជាអំពើប្រល័យពូជសាសន៍ និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ។

រដ្ឋសភាបារាំង ក៏បានអំពាវនាវឲ្យ​រដ្ឋភិបាលបារាំង ត្រូវ​តែរូតរះ ចាត់វិធានការដូចគ្នានេះ ដើម្បីជំរុញឲ្យ​សហគមអន្តរជាតិ រួមគ្នាដាក់សំពាធទៅលើរដ្ឋាភិបាលចិន ឲ្យ​បញ្ឈប់ជាបន្ទាន់ នូវអំពើរំលោភ​សិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរនេះ។ ក្រៅពី​ស្ថានភាពជនជាតិអ៊ុយហ្គួរ រដ្ឋសភាបារាំង ក៏បានថ្លែងការបារម្ភផងដែរ អំពីស្ថានភាព​រងទុក្ខលំបាក​ របស់​សហគមជនជាតិភាគតិចផ្សេងទៀត នៅ​តំបន់ស៊ីនជាំង ដែលកាន់សាសនាអ៊ីស្លាម​។

នៅចំពោះអង្គសភា លោក Franck Riester តំណាង​រដ្ឋាភិបាលប​ារាំង បានថ្លែងថា យោងតាម​សក្ខីកម្ម​ដ៏សែនតក់ស្លុតជាច្រើន ដែល​លោក​បានដឹង គឺពិតជាមាន​អំពើហិង្សា រំលោភសិទ្ធិមនុស្ស​ ធ្វើ​ជាលក្ខណៈប្រព័ន្ធ ទៅ​លើ​ប្រជាជនអ៊ុយហ្គួរពិតមែន។ តែយ៉ាងណា លោក​បន្ថែមថា ការចាត់ថ្នាក់ថាអំពើទាំងនោះជាអំពើ​ប្រល័យ​ពូជសាសន៍ គឺវាជាតួនាទីរបស់​ស្ថាប័នយុត្តិធម៌អន្តរជាតិ មិនមែនជារបស់រដ្ឋាភិបាលបារាំងឡើយ​។

លោក Dolkun Isa ប្រធានសន្និបាតពិភពលោក​នៃជនជាតិអ៊ុយហ្គួរ (CMO) បានអបអរសាទរ ចំពោះការសម្រេច​របស់សភាបារាំង ដោយ​លោក​បាន​លើកឡើងថា វាគឺជាការបោះជំហានមួយបន្ថែម​ទៀត ក្នុងការ​ឈានទៅ​ទទួលស្គាល់ឲ្យ​បានទូលំទូលាយ ទូទាំងពិភពលោក ថាចិនបាននិងកំពុង ធ្វើ​អំពើ​ប្រល័យពូជសាសន៍ លើ​ប្រជាជនអ៊ុយហ្គួរ។

គួរបញ្ជាក់ថា យោងតាម​ការអះអាងរបស់អង្គការសិទ្ធិមនុស្សជាច្រើន បានឲ្យដឹងថា ចិនកំពុងតែបោសសំអាតជនជាតិអ៊ុយហ្គួរ នៅខេត្តស៊ីនជាំង។ ការបោសសំអាត ដែលរដ្ឋអំណាចចិន បានធ្វើឡើង តាមរយៈការរារាំងសិទ្ធិសេរីភាពជំនឿសាសនា ការបំផ្លាញវប្បធម៌​ ទំនៀមទម្លាប់​ប្រពៃណី​ ​អំពើទារុណកម្ម ចាប់បង្ឃាំង អំពើរំលោភសេពសន្ទវៈ ការលាងខួរក្បាល និង​ការចាប់ក្រៀវដោយ​បង្ខំ ដើម្បី​ឲ្យ​ផុតពូជប្រជាជនអ៊ុយហ្គួរ ជាដើម ។ល។ ក្រៅពីនេះ នៅមានការជិះជាន់ កេងប្រវញ្ចកម្លាំងពលកម្ម បង្ខំឲ្យ​ប្រជាជនអ៊ុយហ្គួរធ្វើការដោយ​បង្ខំ។

សូមរំលឹកដែរថា ក្រៅពីសភាបារាំង ដែល​បានថ្កោលទោសចិន រដ្ឋាភិបាលអាមេរិក​ រដ្ឋសភាអង់គ្លេស ហូឡង់ និង​កាណាដា ក៏បានអនុម័ត​សេចក្តីសម្រេចចិត្តស្រដៀងគ្នានេះដែរ ដោយ​បានចាត់ទុក​ថារដ្ឋាភិបាលចិន បានធ្វើអំពើ​ប្រល័យពូជសាសន៍ និង​អំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ទៅលើ​ប្រជាជនអ៊ុយហ្គួរ។ កាលពីថ្ងៃពុធ អង្គការ Amnesty International បានអំពាវនាវថា សហគមអន្តរជាតិ មិនត្រូវចាញ់​បោក​ការបំភ័ន្តភ្នែករបស់ចិនបានឡើយ​ ដោយ​មិនត្រូវភ្លេចថា ស្របពេលដែល​កម្មវិធីកីឡាអូឡាំពិករដូវរងារនៅក្រុងប៉េកាំង ត្រូវចិនរៀបចំធ្វើយ៉ាងសម្បើមពេញមុខ តែនៅពីក្រោយ​នោះ គឺរដ្ឋចិនបានធ្វើអំពើរំលោភសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរបំផុត ទៅលើ​ប្រជាជនអ៊ុយហ្គួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ