អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ជំងឺកុមារ

ជំងឺ​រលាកថ្លើម​ថ្មី សម្លាប់​ក្មេង​យ៉ាង​ហោច​បីនាក់​នៅឥណ្ឌូណេស៊ី

ជាសរុប និង​គិត​ត្រឹមថ្ងៃនេះ មានក្មេង​យ៉ាងហោចណាស់ ​បួន​​នាក់ នៅ​លើ​ពិភពលោក ក្នុងនោះ​បីនាក់​ជាកុមារ​ឥណ្ឌូណេស៊ី បាន​ស្លាប់ ដោយ​ជំងឺ​រលាកថ្លើម​ថ្មី​ដ៏​ចម្លែក មិនស្គាល់​ប្រភព។ ​នេះ​បើ​តាមការ​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ​ទី ៣​ឧសភា។

ជំងឺ​រលាក​ថ្លើម​ថ្មី សម្លាប់​កុមារ​អស់​យ៉ាងហោច​បីនាក់​ នៅ​ឥណ្ឌូណេស៊ី
ជំងឺ​រលាក​ថ្លើម​ថ្មី សម្លាប់​កុមារ​អស់​យ៉ាងហោច​បីនាក់​ នៅ​ឥណ្ឌូណេស៊ី AFP/Archivos
ផ្សាយពាណិជ្ជកម្ម

កុមារ​ឥណ្ឌូណេស៊ី បីនាក់ អាយុ ២ឆ្នាំ ៨ឆ្នាំ​និង​១១ឆ្នាំ បាន​ស្លាប់​បន្ទាប់​ពី​អាការៈ​សញ្ញា ក្តៅខ្លួន ឡើង​លឿង ប្រកាច់ និង​បាត់​ស្មារតី។ នេះ​ជាការ​លម្អិត​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ដោយ​ពន្យល់​ទៀត​ថា កុមារ​ឥណ្ឌូណេស៊ី​បាន​កើត​ជំងឺរលាកថ្លើម​ស្រួចស្រាវ​ប្រភេទ​ថ្មី​ដែល​ឆ្លងនិង​វាយប្រហារជា​ពិសេស​លើ​តែ​កុមារ​អាយុ​ក្រោម​១០ឆ្នាំ។

អាជ្ញាធរ​ឥណ្ឌូណេស៊ី កំពុង​តែ​សិក្សា​និង​វិភាគ​ដើម្បី​បញ្ជាក់​ថា ការ​ស្លាប់​កុមារ​ទាំងបី​នេះ មិនមែន​បណ្តាល​មក​ពីវីរុសនៃ​​ជំងឺរលាក​ថ្លើម​ប្រភេទ A B C D និងE ដែល​ពិភពវេជ្ជសាស្ត្រ​ធ្លាប់​បាន​ស្គាល់​នោះ​ទេ។ ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី ក៏​កំពុង​ដឹកនាំ​ស្រាវជ្រាវ​រកមូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​នេះ​ឡើងដែរ និង​បា​ន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឆាប់​រួសរាន់ នាំ​កូន​មក​មន្ទីរ​ពេទ្យ​ភ្លាម នៅពេល​ឃើញ​មាន​លេច​អាការៈ​រោគ​គួរ​ឱ្យ​សង្ស័យ។

រលាកថ្លើម​ស្រួច​ស្រាវ​ប្រភេទថ្មី​​នេះ លេច​ឡើង តាមរយៈ​ការ​បង្កឱ្យ​មាន​សញ្ញារោគ​មួយ​ចំនួន ដូច​ជា​ រាករូស ចុះក្អួត ​ចុកពោះ និង​​រលាកថ្លើម ព្រមទាំង​ឡើង​លឿង​ខ្លាំង។ ជំងឺ​ថ្មី នេះ ធ្លាប់​បាន​សម្លាប់​ជីវិត​កុមារ​យ៉ាង​ហោច​ណាស់​ម្នាក់​រួច​មក​ហើយ​។

​ការ​​លេច​ឡើង​នៃ​ជំងឺ​ឆ្លង​ថ្មី​លើ​តែ​ក្មេង ជា​ភេរវសញ្ញា​ក្នុង​ពិភពវេជ្ជសាស្ត្រ។ ជាមួយ​នឹង​​ក្តី​ព្រួយបារម្ភ​កាន់​តែធំ​ឡើងៗ អង្គការ​សុខភាព​ពិភពលោក បាន​កំណត់​ឃើញ​មាន​ករណី​កើតជំងឺ​រលាកថ្លើមស្រួចស្រាវ​​ប្រភេទ​ថ្មី ធ្ងន់ធ្ងរ លើ​កុមារ​ចំនួន ១៧០នាក់ នៅក្នុង​១១ប្រទេស ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ តែ​បើ​គិត​សរុប​ជាទូទៅ ត្រឹម​ថ្ងៃទី ១​ឧសភា ករណី​កើតជំងឺ​រលាកថ្លើម​ថ្មី​​អាច​ឡើង​ដល់​២២៨នាក់ ក្នុង​២០​ប្រទេស និង​ជាង​៥០ករណីទៀត កំពុងស្ថិត​ក្នុង​ការ​តាមដាន។ នេះ​បើ​តាម​​​អង្គការសុខភាពពិភពលោក​ដែល​បញ្ជាក់​ថាករណី​រលាកថ្លើម​ថ្មី បាន​កើត​ច្រើន​ គួរ​ឱ្យ​ភ្ញាក់ផ្អើល លើ​ក្មេង​អង់គ្លេស អៀរឡង់ ហូឡង់ដែល​ធ្លាប់​តែ​មាន​សុខភាព​ល្អ។  នៅ​សហរដ្ឋ​អាមេរិក ភ្នាក់ងារ​សុខាភិបាល​បានចេញ​ផ្សាយ​ការសិក្សា​ជុំ​វិញ​ករណី​សង្ស័យ​កុមារ​៩នាក់​ កាលពី​ថ្ងៃ​​សុក្រ​ថា​ពួកគេ​វិជ្ជមាននឹង​ adénovirus 41 ដែល​ជា​ភ្នាក់ងារ​​ឱ្យ​មានជំងឺ​រលាកក្រពះ​ពោះវៀន​។ ប៉ុន្តែ​កន្លងមក ​ភ្នាក់ងារ​បង្ករោគ​នេះ​ ​មិនដែល​ធ្វើ​ឱ្យ​ក្មេង​មាន​សុខភាពល្អ ធ្លាក់​ខ្លួន​​កើត​ជំងឺ​​រលាកថ្លើម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ