អានតួអត្ថបទ
ជប៉ុន

នាយករដ្ឋមន្ត្រី​ជប៉ុន បញ្ជា​ឱ្យ​បើក​អង្កេត​លើ​វិហារ​បង្រូបបង្រួម​​និកាយ​មូន

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស្ហ៊ីដា បាន​ដាក់​​បញ្ជា​នៅ​ថ្ងៃចន្ទទី ១៧ តុលា ២០២២ ឱ្យរដ្ឋាភិបាល​បើក​ការ​​ស៊ើប​អង្កេត​លើ​វិហារ​បង្រួបបង្រួម និកាយ​មូន​។ និកាយមូន ​បាន​រង​ការ​បន្ទោស​​ច្រើន​យ៉ាង តាំងពី​មាន​ឃាត​កម្ម​លើ​រូប​អតីត​នាយករដ្ឋមន្ត្រី ស្ហ៊ីនហ្សូ អាបេ កាលពី​ខែ​កក្កដា​មក។ ខ្មាន់កាំភ្លើង​ចង់​សម្លាប់​​លោក​ស្ហ៊ីនហ្សូអាបេ ក៏ដោយហេតុ​តែ​យល់​ថា​អតីត​នាយករដ្ឋមន្ត្រី​ស្និទ្ធិ​នឹង​និកាយ​មូន ដែល​​​ម្តាយ​បាន​ធ្វើ​ទាន​រហូត​ក្រខ្លួន។

នាយករដ្ឋមន្ត្រីជប៉ុន​ Fumio Kishida បញ្ជា​ឱ្យ​ស៊ើប​អង្កេត​អង្គការ​សាសនា​និកាយមូន
នាយករដ្ឋមន្ត្រីជប៉ុន​ Fumio Kishida បញ្ជា​ឱ្យ​ស៊ើប​អង្កេត​អង្គការ​សាសនា​និកាយមូន © Keisuke Hosojima/Kyodo News via AP
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​សភា​ នា​ថ្ងៃ ចន្ទ​នេះ លោក នាយករដ្ឋមន្ត្រី​ជប៉ុន គីស្ហ៊ីដា បានអះអាង​​ថា មាន​អ្នក​រងគ្រោះច្រើន​ ធ្លាក់​ខ្លួន​ក្រ ឬ​ប្រឈម​នឹង​វិបត្តិ​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរដោយសារ​ វិហារ​បង្រួបបង្រួម​និង​ក្រុមនិកាយ​សាសនា​នេះ។ ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​មិន​គ្រប់គ្រាន់ទេ ហេតុដូច្នេះ​ហើយ​បាន​រដ្ឋាភិបាល​មាន​សិទ្ធិ​ត្រូវ​តែ​បើក​អង្កេត​លើ​វិហារ​សាសនា​របស់​ក្រុមនិកាយ​នេះ​ ស្រប​តាម​ច្បាប់​ស្តីពីអង្គការ​​សាសនា។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ក៏​នឹង​សើរើ​មើល​ច្បាប់ខ្លះ​ដើម្បី​ឈាន​ទៅ​លុប​កិច្ចសន្យា និង​ពង្រឹង​កុំ​ឱ្យ​មាន​ការ​ល្មើស​រំលោភ​សិទ្ធិ​កុមារ ព្រមទាំង​ជួយ​កូនៗ​របស់​ក្រុម​សាសនិកនិកាយ​សាសនា​ទាំងឡាយ​ឱ្យ​បាន​ទទួល​ការ​អប់រំ​ និង ​ការងារ​ធ្វើ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​បន្ថែម​របស់​លោក​នាយករដ្ឋមន្ត្រី។

បើ​តាមបណ្តាញ​ឃោសនា​ព័ត៌មាន​ជប៉ុន​ ការ​អង្កេត​ដែល​លោក​នាយករដ្ឋមន្ត្រី​ស្នើ​ឡើង​នេះ សំដៅ​​វែក​រក​ឱ្យ​ឃើញ​ថា តើ​វិហារ​បង្រួបបង្រួម​ ពិត​ជា​មាន​សកម្មភាព​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ​ ឬ​ប្រព្រឹត្ត​ទង្វើ​ផ្ទុយ​ពី​លក្ខន្តិកៈ​សាសនា​មែន​ដែរ​ឬ​យ៉ាងណា ?

សម្រាប់​ខ្មាន់​កាំភ្លើង​ដែល​ធ្វើ​ឃាត​អតីត​នាយករដ្ឋមន្ត្រីអាបេ​ គ្រួសារ​ត្រូវ​ហិនហោច​ទ្រព្យ​សម្បត្តិ ដោយ​ហេតុ​តែ​ម្តាយ​យក​លុយទៅ​​ឱ្យ​វិហារ​បង្រួបបង្រួម​​និកាយ​មូន។ អតីត​សមាជិក​អង្គការ​និកាយ​មូន​ ជា​ច្រើន ក៏​បាន​ចេញ​មុខ​រិះគន់​ជា​សាធារណៈ​ ដោយ​ចោទ​ថា​អង្គការ​បាន​កំណត់កម្មវត្ថុតម្រូវ​ឱ្យ​បរិស័ទ​​​ប្រាក់​វិភាគទាន។ ប៉ុន្តែ​អង្គការ​បាន​បដិសេធ​ទាំង​ស្រុង។

ប្រសិន​បើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ដូច​ការ​ចោទប្រកាន់​មែន នោះ​និកាយ​មូន​នឹង​បាត់​បង់​នាមជា​អង្គការ​សាសនា (រំលាយ​)​ បាត់​បង់​ការ​អនុគ្រោះ​ពន្ធ តែនិកាយ​នេះ​នៅ​​អាច​បន្ត​ដំណើរការ​បាន។

រដ្ឋាភិបាល​ជប៉ុន មិនងាយ​​ប្រើ​វិធានការ​បែប​នេះទេ ដោយ​ខ្លាច​ប៉ះពាល់​ដល់​សេរីភាពផ្នែកជំនឿ​សាសនា។ ប៉ុន្តែ​​​ការ​ទម្លាយ​ព័ត៌មានស្តី​អំពី​ទំនាក់ទំនង​របស់​អ្នក​នយោបាយ​ជប៉ុន​កំពូល​ជាមួយ​និកាយ​មូន​ បាន​​រួម​ចំណែក​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ធ្លាក់​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង។ សូម​រំលឹក​ថា ជប៉ុន​ធ្លាប់​បាន​ប្រើ​ច្បាប់​រំលាយ​អង្គការ​សាសនា​ពីរ​រួច​មក​ហើយ ក្នុង​នោះ​មាន​មួយ​ជា​និកាយ​Aum Shinrikyo ដែល​​ធ្លាប់​បង្ក​ភេរវកម្ម​បាញ់​ឧស្ម័ន​សារាំង​ ក្នុង​រថភ្លើង​ក្រោម​ដី​ នៅក្រុង​តូក្យូ​ កាលពី​ឆ្នាំ​១៩៩៥។ នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ