អានតួអត្ថបទ
ចិន-មហាសេដ្ឋី

មហាសេដ្ឋី​ចិន​ក្នុង​វិស័យ​ធនាគារ​ម្នាក់ បាន​​បាត់​ខ្លួន ​ដោយ​ចម្លែក

លោក បៅ ហ្វាន Bao Fan អ្នក​ជំនួញ​ដ៏ល្បី​ម្នាក់​ក្នុង​ពិភព​បច្ចេកវិទ្យា​ នៅប្រទេស​ចិន ​បាន​បាត់​ខ្លួន​ ដោយ​ចម្លែក តាំង​ពី​ដើម​សប្តាហ៍​មក។ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ ដោយ​មិន​ផ្តល់​សេចក្តី​ពន្យល់​អ្វី​លម្អិត​ទេ។ ការ​បាត់​ខ្លួន​មេ​ដឹកនាំ​ក្រុមហ៊ុន​ បាន​ធ្វើ​ឱ្យ​ភាគហ៊ុននៅហុងកុង​ដាំក្បាល​ធ្លាក់​ចុះ​៣០%។

លោក Bao Fan អគ្គនាយក​ធនាគារ China Renaissance កាលពី​ខែ​តុលា ឆ្នាំ​២០១៦
លោក Bao Fan អគ្គនាយក​ធនាគារ China Renaissance កាលពី​ខែ​តុលា ឆ្នាំ​២០១៦ REUTERS - Mike Blake
ផ្សាយពាណិជ្ជកម្ម

កើត​នៅឆ្នាំ​១៩៧០ បៅ ហ្វាន Bao Fan ជា​ស្ថាបនិក​ក្រុមហ៊ុន​China Renaissance ដែល​ជា​ក្រុមហ៊ុន​ធនាគារឯកជន​ដ៏​ធំ​បំផុត​មួយនៅ​​ចិន ជំនាញ​ខាង​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប​ជាន់​ខ្ពស់ និង​មាន​បុគ្គលិក​ធ្វើការ​ចំនួន​ជាង​៧០០នាក់ នៅទូទាំង​ពិភពលោក មានជាអាទិ៍​នៅសិង្ហបុរី​និង​សហរដ្ឋ​អាមេរិក។ ធនាគា​រនេះ​​គ្រប់គ្រង​ភាគហ៊ុន​របស់​ក្រុមហ៊ុនឌីជីថល​ជា​ច្រើន រាប់​ទាំង​ក្រុមហ៊ុន​ពាណិជ្ជកម្មអនឡាញ JD.com Didi ផង។ ប៉ុន្តែដោយ​គ្មាន​មូលហេតុ​ ស្រាប់​តែ​បាត់​ដំណឹង​លោក​អគ្គនាយក​ឈឹង​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ China Renaissance បាន​អះអាង​ថា​ អវត្តមាន​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន ហាក់​ដូច​ជា​គ្មានពាក់​ព័ន្ធទេ​​នឹង​សកម្មភាព​ឬ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដែល​បន្ត​មាន​ដំណើរ​ជា​ធម្មតា​។ គ្រាន់​តែ​ឮ​ដំណឹង​នៃ​ការ​បាត់​ខ្លួនភ្លាម ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​China Renaissance បាន​ធ្លាក់​ចុះ​៣០%​នៅ​ហុងកុង នៅថ្ងៃ សុក្រ​ទី ១៧កុម្ភៈ។

​ការ​បាត់​ខ្លួន​មេដឹកនាំ​ក្រុមហ៊ុនយូរ​អាច​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន ព្រោះ​លោក​Bao Fan ជា​មនុស្ស​សំខាន់​របស់​ក្រុមហ៊ុន។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ ដែល​​ភ្នាក់ងា​រ​Bloomberg បាន​ស្រង់​មក​ចុះ​ផ្សាយ​។

ករណី​បាត់​ខ្លួនដ៏​ចម្លែក​បែប​នេះ បាន​រំលឹក​ឱ្យ​​ឃើញ​​ករណី​បាត់​ខ្លួន​ផ្សេងៗ​ មាន​ជាអាទិ៍ ការ​បាត់​ខ្លួន​មួយរយៈ​របស់​លោក​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​អាលីបាបា ជេក​ ម៉ា កាលពី​ឆ្នាំ​២០២០ ឬ​​មហាសេដ្ឋីចិន​សញ្ជាតិ​កាណាដា​ សៀវ ជៀនហួ Xiao Jianhua កាលពី​ឆ្នាំ​២០១៧ ដែល​កាលណោះ​ លោក សៀវ ជៀនហួ ជា​អ្នក​មាន​ជាង​គេ​បំផុត​ម្នាក់​នៅ​ចិន មាន​ប្រាក់​សរុប​ប្រមាណ​ ៦ពាន់​លាន​ដុល្លារ។ ចិន​បាន​កាត់​ទោស​អតីត​មេជំនួញ​ម្នាក់​នេះ កាលពី​ឆ្នាំ​ទៅ​ឱ្យ​ជាប់​ពន្ធនាគារ​១៣​ឆ្នាំ​ ពី​បទ​លួច​បន្លំ។

ចុះ​ស្ថាបនិកក្រុមហ៊ុន​​ China Renessance អាចពាក់ព័ន្ធ​នឹង​អ្វី ? អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន បានអះអាងថា​គ្មាន​​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ការ​បាត់​ខ្លួន​រូប​អគ្គនាយកក្រុមហ៊ុន​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​កាសែត​ពាណិជ្ជកម្ម​ក្នុង​ស្រុក Caixin អាជ្ញាធរ​ចិន​ធ្លាប់​បាន​ឃាត់​ខ្លួន​ប្រធាន​ក្រុមហ៊ុនChina Renaissance​ លោក Cong Lin កាលពី​ខែ​កញ្ញា​កន្លង​ទៅ។ ការ​បាត់​ខ្លួន​នេះ​សង្ស័យ​តែ​ជា​យុទ្ធនាការ​បោសសម្អាត​វិស័យ​ហិរញ្ញវត្ថុ​របស់​លោក​ប្រធានាធិបតី​ស៊ីជីនពីង​ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​​ចាប់​ផ្តើម​ឡើង​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ