អានតួអត្ថបទ
តៃវ៉ាន់-អាល្លឺម់ង់-បច្ចេកវិទ្យា

រដ្ឋមន្ត្រី​អាល្លឺម៉ង់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ជា​លើក​ទីមួយ

នៅថ្ងៃអង្គារ​ទី ២១​មីនា​២០២៣​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅកោះតៃវ៉ាន់។ នេះ​ជា​លើក​ទី​មួយ​ហើយ​ គិត​​តាំងពី​២៦​ឆ្នាំមក​ ដែល​មាន​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ធ្វើ​ដំណើរ​ទៅកាន់​កោះ​ដែល​ចិន​ទាមទារ​ថា​ជា​របស់​ខ្លួន។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​ ​គឺ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​បច្ចេកវិទ្យា។ តើ​ទស្សនកិច្ច​នេះ​អាចនឹង​ធ្វើ​ចិន​ក្តៅក្រហាយ​យ៉ាងណា ?

រដ្ឋមន្ត្រីក្រសួងអប់រំអាល្លឺម៉ង់ លោកស្រី Bettina Stark-Watzingerនិង​សមភាគី​តៃវ៉ាន់ Wu Tsung-tsong ថ្ងៃទី ២១​មីនា​២០២៣
រដ្ឋមន្ត្រីក្រសួងអប់រំអាល្លឺម៉ង់ លោកស្រី Bettina Stark-Watzingerនិង​សមភាគី​តៃវ៉ាន់ Wu Tsung-tsong ថ្ងៃទី ២១​មីនា​២០២៣ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​បច្ចេកវិទ្យា​រវាង​អាល្លឺម៉ង់​តៃវ៉ាន់ ជា​ការ​សម្រួល​​កិច្ចសហប្រតិបត្តិការឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ តម្លាភាព បើក​ចំហ និង​សេរីភាព​វិទ្យាសាស្ត្រ។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​រដ្ឋមន្ត្រីក្រសួង​អប់​រំ​អាល្លឺម៉ង់ បេទីណា ស្តាក វ៉ាទីនឺ  Bettina Stark-Watzinger ដោយ​បញ្ជាក់​ថា លោកស្រី មាន​ក្តី​រីករាយ​និង​កិត្តិយស​ខ្លាំងណាស់ ដែល​បានធ្វើ​ដំណើរ​ទៅដល់​កោះ​តៃវ៉ាន់ ដំបូង​គេ​ ក្នុង​នាម​ជា​សមាជិក​រដ្ឋាភិបាល​អាល្លឺម៉ង់​ ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​។

ប៉ុន្តែសម្រាប់​​​​ប៉េកាំង នេះ​ជា​​ទស្សនកិច្ច​បែប​ទុច្ចរិត។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បញ្ចេញប្រតិកម្ម​​ប្រឆាំង​ដាច់​ខាត ភ្លាម​ តាម​រយៈ​សន្និសីទ​កាសែត​ថ្ងៃ​អង្គារ​នេះ​ថា ចិន​សូម​តវ៉ា និង​សម្តែង​កំហឹង​យ៉ាង​ខ្លាំង​នឹង​អាល្លឺម៉ង់។ ចិន​តែង​ខឹង​សម្បារ​ប្រឆាំង​រាល់​គ្រប់​ការ​ផ្តោះប្តូរ​ផ្លូវការ​រវាង​តៃវ៉ាន់​និង​ដៃគូ​អន្តរជាតិ។ ដោយ​ឈរ​លើ​គោលការណ៍​ចិន​តែ​មួយ ប៉េកាំង​បាន​ចាត់​ទុក​កោះស្វយ័ត​តៃវ៉ាន់ ជា​ខេត្ត​មួយ​ដែល​ចិន​នឹង​ក្រសោប​យក​គ្រប់គ្រង​វិញ​ នៅ​ថ្ងៃ​ណាមួយ និង​ដោយ​ប្រើ​កម្លាំង​ផង​បើ​ចាំបាច់។

កាល​ពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​នយោបាយ​គោរព​គោលការណ៍​ចិន​តែ​មួយ ប៉ុន្តែអាល្លឺម៉ង់​នៅ​តែបន្ត​មាន​ទំនាក់ទំនង​ផ្លូវការ​ស្អិត​ល្មួត​ជាមួយ​តៃវ៉ាន់​ដដែល​។ ចំណែក​លោកស្រី​រដ្ឋមន្ត្រី​ មិនធ្វើ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹងការ​រិះគន់​របស់​ចិន​លើ​​ទស្សនកិច្ច​នេះ​ទេ។ ​ ជា​ទស្សនកិច្ច​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ផ្តោះប្តូរ​ធម្មតា​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក Wu Tsung-tsong រដ្ឋមន្ត្រី​ក្រសួង​​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​តៃវ៉ាន់ ដោយ​​លម្អិត​ថា ​កិច្ចព្រមព្រៀងបច្ចេកវិទ្យា​អាល្លឺម៉ង់តៃវ៉ាន់ ​គ្រោង​បើក​ឱ្យ​មានការ​ស្រាវជ្រាវ​រួម​គ្នា​ក្នុង​វិស័យ​ជា​ច្រើន​មាន​ជាអាទិ៍​ semi-conducteurs និង​បញ្ញាសិប្បនិម្មិត។ ហើ​យ​បើ​តាម​សារព័ត៌មាន​តៃវ៉ាន់​ ក្រុមហ៊ុន​បច្ចេកវិទ្យា​តៃវ៉ាន់​TSMCដែល​ជាផលិតករ​បន្ទះ​ឈីបដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក កំពុងចរចា​បើក​រោងចក្រ​ផលិត​បន្ទះ​ឈីប​នៅអឺរ៉ុប​ទី​មួយ នៅក្នុង​ទឹក​ដី​អាល្លឺម៉ង់ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ