អានតួអត្ថបទ
វៀតណាម-ពុករលួយ

វៀតណាម​បើក​សវនាការ​កាត់​ទោស​មន្ត្រីជាង៥០នាក់ ពីបទ​ពុករលួយក្នុង​ពេល​មាន​​​កូវីដ

បន្ទាប់​ពី​បើក​អង្កេត​អស់​ពេល​មួយ​ឆ្នាំ​ និង​មាន​មេធាវី​ការពារ​ក្តី​ជាង​មួយរយ​នាក់ តុលាការ​ក្រុង​ហាណូយ​​បានបើក​សវនាការ នៅថ្ងៃអង្គារ​ទី១១​កក្កដា​២០២៣​នេះ ​កាត់​ទោសមន្ត្រី​ជាន់ខ្ពស់-ជាន់​ទាប និង​អតីត​រដ្ឋមន្ត្រីផង សរុប​ជាង​៥០នាក់​ ពីបទពុករលួយ។ បើ​តាម​បទ​ចោទ​ប្រកាន់ មន្ត្រី​ទាំងអស់​នោះ​ទំនង​​បាន​ទទួល​សំណូក​ ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ពលរដ្ឋ​វៀតណាម​នៅបរទេស​ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ ក្នុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​សកលកូវីដ១៩។ ជា​សំណុំ​រឿង​អាស្រូវ​ពុក​រលួយ​ដ៏​ធំ​ដែល​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​នយោបាយ​ប្រទេស​ផង។

សកម្មភាព​អ្នក​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​ក្រុង​ហាណូយ ថ្ងៃទី ២៩កក្កដា ២០២០ ពេល​កំពុង​ផ្ទុះ​វិបត្តិសកលកូវីដ១៩
សកម្មភាព​អ្នក​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​ក្រុង​ហាណូយ ថ្ងៃទី ២៩កក្កដា ២០២០ ពេល​កំពុង​ផ្ទុះ​វិបត្តិសកលកូវីដ១៩ AP - Tran Huy Hung
ផ្សាយពាណិជ្ជកម្ម

សវនាការ​ដែល​អាច​មាន​រយៈ​ពេល​មួយ​ខែ ប្រព្រឹត្ត​ទៅ​ក្នុងក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​បោស​សម្អាត​​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំដឹកនាំ​ដោយ​បុរស​ខ្លាំង​លេខ​១​របស់​វៀតណាម គឺ​លោក​​ប្រមុខ​បក្ស​កុម្មុយនិស្ត​ ង្វៀន ភូចុង ដែល​ជា​ឥស្សរជន​ដ៏​​មាន​ឥទ្ធិពល​បំផុត​​នៅក្នុង​ប្រទេស។ លោក​ធ្លាប់​បាន​គាស់​កកាយ​ទម្លាក់​រដ្ឋមន្ត្រី​ជាច្រើន​រូប និងធ្លាប់​បាន​​ជំរុញ​ឱ្យអតីត​ប្រធានាធិបតី​វៀតណាម​​​សុំ​លាលែង​ចេញ​ពី​តំណែង​កាលពី​ដើម​ឆ្នាំ​ផង។

សម្រាប់សវនាការ​ថ្ងៃ​នេះ រដ្ឋអាជ្ញាត្រូវ​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ អ្នក​ទទួល​ខុស​ត្រូវ​និង​មន្ត្រី​ចំនួន ២១​នាក់ ពីបទ​បាន​ទទួល​លុយ​សំណូល​ប្រមាណ​ជិត​៧លាន​ដុល្លារ ពី​ក្រុមហ៊ុនជាង​មួយ​រយ​ ជា​ថ្នូរ​នឹង​ការ​​សម្រួល​កិច្ចការ​រដ្ឋបាល​ដឹកជញ្ជូន​ពលរដ្ឋ​​ត្រលប់​ចូល​ស្រុក​វិញ មុន​ការ​បិទ​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកលកូវីដ​១៩។ ៣៣នាក់​ផ្សេង​ទៀត អាច​នឹង​ត្រូវ​ជាប់​ចោទ​ពី​បទជួយ​សម្រួល​ ធ្វើ​អន្តរាគមន៍​​ក្នុង​ការ​សូកប៉ាន់ ប្រព្រឹត្ត​កំហុស​ឬរំលោភ​អំណាច។ ជាប់​ចោទ​១៨នាក់ ក្នុងនោះ​ម្នាក់​ជា​អតីតអនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​លោក តូ អញហ្សុង និង​នាយរង​ង្វៀន គ័ងលិញ ម្នាក់ទៀត អាច​នឹង​មាន​ទោស​ដល់​ជីវិត។

បើ​តាម​ប្រភព​សារព័ត៌មាន​រដ្ឋ​វៀតណាម Thanh Nien ដដែល សំណុំ​រឿង​ពុករលួយ​នេះ​​មាន​តម្លៃ​សរុប​ ​៩,៥​លាន​ដុល្លារ ក្នុង​នោះ​ជាង ២,៦៥​លាន​ដុល្លារ​ជា​ប្រាក់​សូក​មន្ត្រី​នរគបាល​ដើម្បី​បាន​រួច​ខ្លួន។

នៅដើម​ឆ្នាំ​២០២០ វៀតណាម​ជា​ប្រទេស​ដំបូងគេមួយ​ដែល​សម្រេច​បិទ​ព្រំដែន​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​រីករាលដាល​នៃជំងឺ​កូវីដ​១៩។ រដ្ឋាភិបាល​បាន​រៀប​ចំ​យន្តហោះ​ដឹកជញ្ជូន​តម្លៃ​ថោក​ជិត​៨០០ជើង ដើម្បី​នាំ​ប្រជាពលរដ្ឋ​រស់​នៅបរទេស​ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ។ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​ប្រឈម​នឹង​សំណុំ​បែប​បទ​រដ្ឋបាល​ស្មុគស្មាញ​ខ្លាំងណាស់ ដោយ​ត្រូវ​បង់​ថ្លៃ​សំបុត្រ​យន្តហោះ​និង​ថ្លៃ​ធ្វើ​ចត្តាឡីស័ក​យ៉ាង​សម្បើម​ក្រៃ​។ អតីត​អនុរដ្ឋមន្ត្រី​ តូ អញហ្សុង បាន​ទទួល​លុយ​សំណូកជាង​​៩សែន​ដុល្លារ​ពីក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​បាន​ទទួល​សិទ្ធិ​រៀប​ចំ​ជើង​ហោះហើរ​ទៅយក​ពលរដ្ឋ​នៅក្រៅ​ប្រទេស។

ថ្នាក់​ដឹកនាំ​កំពូល​រដ្ឋ​ជា​ច្រើន​នាក់​បាន​ធ្លាក់​ពី​តំណែង​រួច​ហើយ កាលពី​ដើម​ឆ្នាំ ដោយហេតុ​តែ​គ្រប់គ្រង​ស្ថានការណ៍​កូវីដ​១៩មិន​បាន​ត្រឹម​ត្រូវ មាន​ជា​អាទិ៍​អតីត​ឧបនាយករដ្ឋមន្ត្រី​ពីរ​រូប។ ដោយ​ឡែក មាន​មន្ត្រី​និង​សហគ្រិន​យ៉ាង​១០០នាក់​ផ្សេង​ទៀតបាន​ចាប់​ខ្លួន ក្នុង​រឿង​អាស្រូវ​ចែក​ចាយ​ប្រដាប់​ធ្វើ​តេស្ត​កូវីដ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ