អានតួអត្ថបទ
ចិន-អាមេរិក

ចិន​ប្រាប់​អាមេរិក​ថា​គ្មាន​អ្វី​អាច​រារាំង​ឬ​ខ្ទប់​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់ខ្លួន​បាន​ទេ

មន្ត្រីជាន់ខ្ពស់​​បក្ស​កុម្មុយនិស្ត​ចិន ទទួល​បន្ទុក​កិច្ចការ​បរទេស លោក វ៉ាង​យី បាន​អះអាង​នៅថ្ងៃពុធ​នេះ​ថា ចិន​មានការ​អភិវឌ្ឍ​យ៉ាង​ស្វាហាប់និង​តាម​លំអាន​ប្រវត្តិសាស្ត្រ​ ដូច្នេះគ្មាន​អ្វី​ដែល​អាចមក​​ប្តូរផ្លាស់​ចិន និង​ រារាំងឬ​ខ្ទប់​ចិន​បាន​ឡើយ។ ប្រសាសន៍​លោក វ៉ាងយី ធ្វើ​ឡើង​ក្នុងពេល​ជួប​សន្ទនា​ជាមួយ​អតីត​រដ្ឋមន្ត្រី​ការបរទេសអាមេរិកវ័យ​១០០ឆ្នាំ លោក Henri Kissenger នៅទីក្រុង​ប៉េកាំង។

លោកវ៉ាងយី​ប្រាប់​អាមេរិក​ថា​គ្មាន​អ្វី​អាច​រារាំង​ឬ​ខ្ទប់​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​​ចិន​បាន​
លោកវ៉ាងយី​ប្រាប់​អាមេរិក​ថា​គ្មាន​អ្វី​អាច​រារាំង​ឬ​ខ្ទប់​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​​ចិន​បាន​ AP - Tatan Syuflana
ផ្សាយពាណិជ្ជកម្ម

ដោយយោល​ទៅ​លើ​ភាព​ជាក់​ស្តែង​នៃ​​​ប្រវត្តិសាស្ត្រ​​ និង​ភាព​ស្វាហាប់​នៃ​ការ​អភិវឌ្ឍ​ចិន គ្មាន​អ្វី​ដែល​​អាច​មក​សាកល្បង​ប្តូរផ្លាស់​ចិន​បាន​ទេ និ​ងក៏​គ្មាន​អ្វី​ដែល​​អាចមក​​រារាំង​ឬ​ខ្ទប់​ចិន​បាន​ឡើយ​។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​វ៉ាងយី ទៅកាន់​អតីត​ប្រមុខ​ការទូត​អាមេរិក​វ័យ​១០០ឆ្នាំ​ លោក Kissinger។

បន្ទាប់​ពី​បាន​អបអរ​រំឭក​ស្នាដៃ​ជា​​ប្រវត្តិសាស្ត្ររបស់លោកKissinger ក្នុងការ​​រួម​ចំណែក​ផ្សះ​​ផ្សាឱ្យ​​​ចិន​និង​អាមេរិក​អាច​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ លោក វ៉ាងយី ​បានបញ្ជាក់​ថា នយោបាយ​​​ចិនចំពោះ​អាមេរិកជា​ការ​បន្ត និង​ត​តាម​គន្លង​​ដែលផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ ​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​ស៊ីជីនពីង ចំនួន​​បី​ចំណុច គឺ​គោរព​គ្នា​ទៅវិញ​ទៅមក រួមរស់ជាមួយ​​គ្នា​ដោយ​សន្តិវិធី និង​មាន​កិច្ចសហប្រតិបត្តិការឈ្នះៗ។ បើ​តាម​លោក​វ៉ាងយី ទ្រឹស្តី​បី​ចំណុច​នេះជា​គ្រឹះ​​និង​ជា​ក្រមសីលធម៌​សម្រាប់ភាព​ស្រុះស្រួល​គ្នា​រវាង​មហាអំណាច​​ចិន​និ​ងអាមេរិក​​។​

ចំណែក​នយោបាយ​អាមេរិក​ចំពោះ​ចិន​វិញ ត្រូវការ​​ភាព​ចាស់ទុំ​ផ្នែកការទូតរបស់​​លោក​Kissinger និង​សេចក្តី​ក្លាហាន​នយោបាយ​ដូច​លោកNixon។ ​លោក​វ៉ាងយី ចង់​សំដៅលើ​អតីត​ប្រធានាធិបតី​អាមេរិក Richard Nixon ដែល​បាន​ភ្ជាប់​ទំនាក់ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​កុម្មុយនិស្ត​មុនគេ។

ជា​ចម្លើយ​តប លោកKissinger ដែល​ក៏​បានជួប​សន្ទនា​ជាមួយ​នឹង​រដ្ឋមន្ត្រីការពារ​ជាតិ​ចិន​ កាលពី​ម្សិលមិញដែរ ប្រកាស​ថាក្នុង​​ពិភពលោក​បច្ចុប្បន្ន​ ភាព​ប្រឈម​ និង​ ឱកាស មាន​ទន្ទឹម​គ្នា​ ហើយ​សហរដ្ឋ​អាមេរិក​និង​ចិន​ត្រូវ​តែ​លុប​បំបាត់​ឱ្យ​អស់​នូវ​ភាព​ប្រទាំងប្រទើស បញ្ចៀស​ការ​តតាំង​គ្នា និង​រួម​រស់ជាមួយ​គ្នា​​ដោយ​សន្តិភាព។ លោក​អតីត​ប្រមុខ​ការ​ទូតអាមេរិក​ សង្ឃឹម​ថា​ភាគី​ទាំងពីរ នឹង​ធ្វើ​ខ្លួន​ជា​មនុស្ស​ចាស់​ទុំ​ ប្រឹង​អស់​ពី​លទ្ធភាព​ដើម្បី​ភាព​ចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ និង​ស្តារសន្តិភាព​ ​ស្ថិរភាព​នៅលើ​ពិភពលោក។

ជា​អតីត​ប្រមុខការទូត​​​ដ៏​ល្បីល្បាញ​របស់អាមេរិក​ លោក​Kissinger កាលនៅ​ជា​​​ទីប្រឹក្សា​សន្តិសុខ​ជាតិ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប៉េកាំង​ដោយ​សម្ងាត់​ដើម្បី​រៀប​ចំទំនាក់ទំនង​និង​​​ទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ​របស់ប្រធានាធិបតី​អាមេរិក​Nixon​ ​នៅ​ប៉េកាំង​ឆ្នាំ១៩៧២។ ជា​ជ័យលាភី​សន្តិភាពឆ្នាំ​១៩៧៣ លោក​ព្រមាន​អំពី​នយោបាយ​តឹង​តែង​របស់​អាមេរិក​ចំពោះ​ប៉េកាំង។

ទស្សនកិច្ច​របស់​លោក​ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​អាមេរិក​កំពុង​សម្រុក​បញ្ជូន​ឥស្សរជន​ជាន់​ខ្ពស់ ទៅ​ចិនជាបន្តបន្ទាប់​គឺ​​​ប្រេសិត​​ផ្នែក​អាកាសធាតុ​លោកចន​ឃែរី ហើយ​មុន​នេះ​បន្តិច​គឺ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រីការបរទេស លោក​អង់តូនី ប្លីងកិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ