អានតួអត្ថបទ

កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំត្រីភាគីថ្នាក់មន្រ្តីការទូតជាមួយចិន និងជប៉ុន

នៅ​ថ្ងៃ​អង្គារ ទី២៦ កញ្ញា កូរ៉េខាងត្បូង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មន្រ្តីការទូត​ដ៏​កម្រ​ជាមួយ​ចិន និង​ជប៉ុន។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ធានា និង​កាត់បន្ថយ​ក្តីកង្វល់​របស់​ចិន​ជុំវិញ​ទំនាក់ទំនង​សន្តិសុខ​ស៊ីជម្រៅ​រវាង​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក។ ចិន​បាន​សាទរ​ពី​ការ​ពិភាក្សា​ស៊ីជម្រៅ​ស្តីពី​ការ​ចាប់​ផ្តើម​ឡើង​វិញ​ប្រកប​ដោយ​ស្ថិរភាព​នៃ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី។

កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំត្រីភាគីថ្នាក់មន្រ្តីការទូតជាមួយចិន និងជប៉ុន
កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំត្រីភាគីថ្នាក់មន្រ្តីការទូតជាមួយចិន និងជប៉ុន © 网络照片
ផ្សាយពាណិជ្ជកម្ម

ការ​សាទរ​របស់​ចិន​បាន​ធ្វើ​ឡើង​ដោយ​អ្នកនំាពាក្យ​ក្រសួង​ការបរទេស​លោក​វ៉ាង វេនប៊ីន​នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុង​ប៉េកាំង។ តាម​លោក​វ៉ាង វេនប៊ីន ភាគី​ទាំង ៣​បាន​យល់​ឃើញ​ដូច​គ្នា​ថា កិច្ចសហប្រតិបត្តិការ​រវាង​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ជា​កិច្ចសហប្រតិបត្តិការ​ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង ៣។ ទន្ទឹម​គ្នា​នេះ លោក​វ៉ាង វេនប៊ីន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ព្រមព្រៀង​រវាង​ប្រទេស​ទាំង ៣ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​កិច្ចប្រជុំ​រវាង​មេដឹកនាំកំពូល​ទាំង ៣ ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន។

ការ​លើក​ឡើង​របស់​ភាគី​ចិន​យ៉ាង​ដូច​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​ដែរ។ ចំណែក​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​លោក​ប៉ាក់ យីន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា កិច្ចសហប្រតិបត្តិការ​រវាង​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​ដើរ​តួនាទី​សំខាន់​មិន​ត្រឹមតែ​នៅ​អាស៊ីឦសាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​លោក​ផង​ដែរ។ តាម​លោក​ប៉ាក់ យីន ប្រជាជន​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​បូក​បញ្ចូល​គ្នា​ស្មើ​នឹង ២០% នៃ​ប្រជាជន​សរុប​ក្នុង​លោក ហើយ​ផលិតសរុប​ក្នុង​ស្រុក​របស់​ប្រទេស​ទាំង ៣ បូក​បញ្ចូល​គ្នា​ស្មើ​នឹង ២៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក។

គួរ​រម្លឹក​ថា កិច្ចប្រជុំកំពូល​លើក​ចុង​ក្រោយ​រវាង​មេដឹកនាំកំពូល​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​បាន​រៀបចំ​កាល​ពី​ឆ្នាំ ២០១៩ នៅ​ក្នុង​ប្រទេស​ចិន។ តាំង​ពី​ពេល​នោះ​មក គ្មាន​កិច្ចប្រជុំកំពូល​ណា​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ទេ។ មូលហេតុ គឺ​មក​ពី​កូរ៉េខាងត្បូង និង​ជប៉ុន​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ផ្លូវទូត និង​រឿង​ប្រវត្តិសាស្រ្ត​ពាក់ព័ន្ធ​ក្នុង​សម័យ​អាណានិគម​ជប៉ុន​នៅ​ឧបទ្វីបកូរ៉េ​ពី​ឆ្នាំ ១៩១០​ដល់​ឆ្នាំ ១៩៤៥។ ទោះ​ជា​យ៉ាង​នេះ​ក្តី ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូច​គ្នា​ធ្លាប់​មាន​ជំនួប​ជាមួយ​អាមេរិក​កាល​ពី​ខែ​សីហា​នៅ​លើ​ទឹកដី​អាមេរិក។

ជំនួប​ពេល​នោះ​ត្រូវ​បាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​ចាត់​ទុក​ជា​ការ​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង។ តែ​ចិន​បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​រិះគន់​ជំនួប​កាល​ណោះ​ដែល​សម្ព័ន្ធមិត្ត​ទាំង ៣ បាន​លើក​ឡើង​ពី​អកប្បកិរិយា​ឈ្លានពាន​របស់​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ