អានតួអត្ថបទ
ចិន-រុស្ស៊ី

លោកស៊ី ជីនពីង និង​លោក​ពូទីន ប្រកាសរួមគ្នាថា "ទំនុកចិត្តកាន់តែល្អឈានឡើង" រវាងចិននិងរុស្ស៊ី

លោកស៊ី ជីនពីង និងលោក ពូទីន បានជួប​គ្នានៅទីក្រុងប៉េកាំង នៅព្រឹកថ្ងៃពុធទី១៨តុលា។ ជាឱកាសដែលមេដឹកនាំទាំង២ បានបង្ហាញជំហរ រួមដៃសហការគ្នា តទល់ជាមួយ​ក្រុមប្រទេសលោកខាងលិច​។​ ក្នុងជំនួបនេះ លោកស៊ី ជីនពីងបានថ្លែងថា ទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ​ រវាង​ចិន និងរុស្ស៊ី​​ គឺវាកាន់តែឈានល្អប្រសើរឡើងជានិច្ច។ ផ្អែកតាមការផ្សាយ​របស់ ទីភ្នាក់ងារព័ត៌មានចិន ​Xinhua លោក​ប្រធានាធិបតីចិន បានលើកឡើងទៀតថា លោក​ចង់ឲ្យ​ប្រទេសទាំង២ រួមសហការគ្នាដើម្បី​សង្គ្រោះសមភាពអន្តរជាតិ ព្រមទាំងយុត្តិធម៌។

លោកស៊ី ជីនពីង និង​លោកពូទីន ចាប់ដៃគ្នាយ៉ាងរាក់ទាក់ នៅ​ក្នុងវេទិកា​គម្រប់ខួប១០ឆ្នាំ នៃគម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​ នៅទីក្រុងប៉េកាំង ថ្ងៃទី ១៨តុលា ២០២៣
លោកស៊ី ជីនពីង និង​លោកពូទីន ចាប់ដៃគ្នាយ៉ាងរាក់ទាក់ នៅ​ក្នុងវេទិកា​គម្រប់ខួប១០ឆ្នាំ នៃគម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​ នៅទីក្រុងប៉េកាំង ថ្ងៃទី ១៨តុលា ២០២៣ AP - Louise Delmotte
ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា មេដឹកនាំទាំង២បានជួបគ្នាជាលក្ខណៈទ្វេភាគី នៅក្នុង​ឱកាសវេទិកាកំពូល រៀបចំនៅប៉េកាំងដើម្បីគម្រប់ខួប១០ឆ្នាំ នៃមហាគម្រោងផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់ចិន​។ ជាកម្មវិធី​ដ៏ធំ ដែលមានការចូលរួម​ពីបណ្តាថ្នាក់ដឹកនាំប្រមាណ​១៣០ប្រទេស ហើយដែលលោកពូទីន ត្រូវបាន​ភាគីចិនអញ្ជើញ​ជាកិត្តិយស។ កម្មវិធីនេះ គឺជាឱកាសដើម្បី​ស្តារមុខមាត់​ផ្នែកការទូតរបស់​លោកពូទីន បន្ទាប់ពី​រុស្ស៊ី​បានឯកោខ្លាំងប្រមាណ​ជាង​១ឆ្នាំមកនេះ ដោយសារតែសង្គ្រាមដែលខ្លួន​បានធ្វើ​ទៅលើអ៊ុយក្រែន​។​ ដោយសារតែសង្គ្រាមនេះ រុស្ស៊ីបានរងនូវទណ្ឌកម្ម​សេដ្ឋកិច្ចជាច្រើន ពីសំណាក់​បណ្តាប្រទេសលោកខាងលិច ហើយដែលបានតម្រូវឲ្យរុស្ស៊ី ត្រូវតែខិតខំស្វែងរកការសហការជួយ ពីសំណាក់ចិន ក្នុងនាមជាសម្ព័ន្ធមិត្ត​ ដែលមានវិវាទជាមួយ​ពួកលោកខាងលិច​ដូចគ្នា​។​

នៅថ្ងៃពុធដែរ ក្នុងពេលថ្លែងសុន្ទរកថា​បើកវេទិកា លោក​ ស៊ី ជីនពីង បាន​និយាយបរិហារ អំពីការវាតទី​សេដ្ឋកិច្ច​ និងការបែងចែកបក្សពួកជាក្រុមប្រឆាំងគ្នា​។ លោក​ប្រធានាធិបតីចិន បានលើកឡើងថា លោក​ប្រឆាំង​ចំពោះការដាក់ទណ្ឌកម្មជាលក្ខណៈឯកត្តោភាគី ព្រមទាំងការ​កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ដើម្បី​បំពេញ​មហិច្ឆតាផលប្រយោជន៍​សេដ្ឋកិច្ច​តែរៀងៗខ្លួន។ តែយ៉ាងណា លោកស៊ី ជីនពីង អះអាងថា​ ចិននឹងមិន​ទៅតតាំង ឲ្យ​កើតជាការប្រឈមមុខដាក់គ្នាផ្នែកមនោគមវិជ្ជា ឬក៏​ទៅលេងល្បែងភូមិសាស្ត្រនយោបាយ​ កើតជា​បែងចែកបក្សពួកនោះឡើយ​។ ទន្ទឹមគ្នានេះលោកបានសង្កត់បន្ថែមនថា ការដែលប្រទេសមួយ ចាត់ទុក​ការរីកចម្រើន​របស់​​ប្រទេសមួយទៀត ថាជាការគំរាមមកលើខ្លួននោះ មានន័យថាយើងពិតជាមិនអាចជួយគ្នា ឬមិនអាចអភិវឌ្ឍន៍​ឲ្យ​កាន់តែល្អប្រសើរឡើយ។

សូមរំលឹកថា នៅក្នុងបរិបទនៃការពង្រឹងការពារវិស័យយុទ្ធសាស្ត្រ ទាំងសហរដ្ឋអាមេរិក ទាំងបណ្តាប្រទេសអឺរ៉ុប បាននាំគ្នា​ដកខ្លួនចេញពីចិន ដើម្បីធ្វើយ៉ាងណាកុំឲ្យសេដ្ឋកិច្ច ពឹងផ្អែក​លើចិនជ្រុលពេល ដែលអាចបង្កជាការប្រឈមគ្រោះថ្នាក់​។​ វិស័យបច្ចេកវិទ្យាទំនើប ត្រូវបានអាមេរិក និងអឺរ៉ុបយកចិត្តទុកដាក់​បំផុត បន្ទាប់ពីបានសង្កេតឃើញថា ថាចិន​អាចប្រមូលយកចំណេះដឹង ហើយប្រើប្រាស់វិស័យនេះមកដាក់សំពាធវិញ​។​

គួរគត់សំគាល់ដែរថា នៅក្នុងវេទិកា​​ខួប​១០ឆ្នាំ​នៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ លោកពូទីន ក៏បានឡើងថ្លែងសារដែរ ដោយលោកបាន​អបអរ កោតសរសើរពីជោគជ័យ​របស់គម្រោងដ៏ធំរបស់ចិននេះ។ លោក​ពូទីន​បានគូសបញ្ជាក់ថា ប៉េកាំងនិងម៉ូស្គូ មានបំណងប្រាថ្នាដូចគ្នា គឺការសហប្រតិបត្តិការ​ដែលមានសមភាព​ នៅទូទាំងពិភពលោក​។ ដោយឡែក ប្រភពពីអ្នកកាសែត បាន​ឲ្យដឹងថា លោក​ Jean Pierre Raffarin តំណាងរដ្ឋាភិបាលបារាំង ដែលមានវត្តមាននៅក្នុងវេទិកានេះដែរ បានដើរចេញពី​ទីតាំងប្រជុំ ​មុនពេល​លោក​ពូទីនឡើងថ្លែងសុន្ទរកថា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ