អានតួអត្ថបទ

ប្រមុខការទូតរុស្ស៊ី ទៅព្យុងយ៉ាង ដើម្បីអរគុណកូរ៉េខាងជើង ដែលគាំទ្ររុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ៉្រូវ បានសំដែងអំណរគុណទៅកាន់កូរ៉េខាងជើង ចំពោះការគាំទ្រម៉ូស្គូ ក្នុងប្រតិបត្តិការវាយលុកប្រឆាំងអ៊ុយក្រែន។ អំណរគុណនេះ ត្រូវបានសំដែង នាដំណើរទស្សកិច្ចផ្លូវការនៅក្រុង ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលត្រូវក្រុង វ៉ាស៊ីនតោន ចោទថាបានបញ្ជូនអាវុធទៅឲ្យម៉ូស្គូ ។

ប្រមុខការទូតរុស្ស៊ី ទៅព្យុងយ៉ាង ដើម្បីអរគុណចំពោះកូរ៉េខាងជើង ដែលគាំទ្ររុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន
ប្រមុខការទូតរុស្ស៊ី ទៅព្យុងយ៉ាង ដើម្បីអរគុណចំពោះកូរ៉េខាងជើង ដែលគាំទ្ររុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន AP
ផ្សាយពាណិជ្ជកម្ម

យើងសូមសម្តែងការដឹងគុណ និង គោរពដ៏ជ្រាលជ្រៅបំផុតចំពោះ កូរ៉េខាងជើង ដែលបានគាំទ្រ ប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន គិតចាប់ពីខែកុម្ភៈឆ្នាំ ២០២២ មកទល់បច្ចុប្បន្ន នេះជាសេចក្តី ថ្លែងការណ៍ កាលពីថ្ងៃពុធទី ១៨ តុលា នៅក្រុង ព្យុងយ៉ាង របស់លោក ប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ។  

ប្រមុខការទូតរុស្ស៊ី បានសង្កត់ធ្ងន់ពីការដឹងគុណ ដល់ក្រុងព្យុងយ៉ាង ដែលបានទទួលស្គាល់ និង យល់ស្រប លើការភ្ជាប់យកទឹកដីនៃខេត្ត៤ របស់អ៊ុយក្រែន ពីសំណាក់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ។ គួររំឭកថា កូរ៉េខាងជើងជា ប្រទេសតែមួយគត់ក្នុងលោក ដែលបានប្រកាសការទទួលស្គាល់ខាងលើ។

លោក ឡាវ្រ៉ូវ បានឲ្យដឹងដែរថា ទស្សនកិច្ចរបស់លោលគឺជា ឱកាសមួយដើម្បីកំណត់វិធានការអនុវត្ត និង ឈានទៅដល់ការប្រតិបត្តិ ឲ្យបានសម្រេច​ចេញជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងជំនួបកំពូលរវាង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅប្រទេសរុស្ស៊ី ក្នុងខែកញ្ញា កន្លងទៅ។

វត្តមានរយៈពេលពីរថ្ងៃ របស់ លោកឡាវ្រ៉ូវ នៅក្រុងព្យុងយ៉ាង ក៏ជាការរៀបចំផ្លូវទុកមុន សម្រាប់ដំណើរ ទស្សនកិច្ចរបស់ លោក ពូទីន នៅកូរ៉េខាងជើង ដែលនឹងអាចធ្វើឡើង ក្នុងពេលខាងមុខ នេះជាការសេចក្តី ថ្លែងការណ៍ ដោយអ្នកនាំពាក្យវិមាន ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ទៅ ទីកាន់ភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី TASS ។ គឺ នៅក្នុងដំណើរទស្សនកិច្ច នៅរុស្ស៊ី កាលពីខែកញ្ញា ដែលលោក គីម ជុង អ៊ុន បាននិយាយអញ្ជើញ លោក វ៉្លាឌីមៀរ ពូទីន ទៅបំពេញទស្សនកិច្ចនៅ កូរ៉េខាងជើង។

ជំនួបកំពូលរវាងលោក ពូទីន និង លោក គីម បានញ៉ាំងឲ្យបស្ចិមលោក ព្រួយបារម្ភខ្លាចក្រុងព្យុងយ៉ាង បញ្ជូនអាវុធ ទៅឲ្យ ម៉ូស្គូ ដែលនាំឲ្យសង្គ្រាមនៅអ៊ុយក្រែន អូសបន្លាយកាន់តែយូរ។ នាថ្ងៃសុក្រកន្លងទៅ សហរដ្ឋអាមេរិក បានអះអាងថា ដំណើរបញ្ជូនអាវុធពីកូរ៉េខាងជើងទៅរុស្ស៊ី គឺកំពុងតែប្រព្រឹត្តទៅ រួចទៅហើយ។

អាវុធជាង ១០០០ កុងតៃន័រ

លោក John Kirby អ្នកនាំពាក្យនៃ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកាំង បានបញ្ជាក់ថា កូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានផ្តល់សម្ភារៈយោធា និង គ្រាប់រំសេវ ជាង ១០០០ កុងតៃន័រ មក រុស្ស៊ី។ លោក បន្ថែមថា  ៖ ជាថ្នូរ កូរ៉េខាងជើង ចង់បាន យោធបរិក្ខារ និង​ បច្ចេកវិទ្យាឈានមុខ ជាពិសេស សម្រាប់ផលិត យន្ដហោះ មីស៊ីល រថក្រោះ ព្រមទាំង សម្ភារៈដើម្បីផលិត មីស៊ីលបាលីស្ទិក ។​យោងតាម សេតវិមាន ៖ កុងតៃន័រទាំងនេះ ត្រូវបានបញ្ជូន តាមផ្លូវទឹក ពីផែ Najin កូរ៉េខាងជើង មកផែ Dunay រុស្ស៊ី  នៅចន្លោះពីថ្ងៃ ទី ១ កញ្ញា ដល់ថ្ងៃ ទី ១ តុលា។ បន្ទាប់មក កុងតៃន័រទាំងនេះ ត្រូវបាន បញ្ជូនតាម រថភ្លើង ទៅស្តុកទុកក្នុងឃ្លាំង នៅចម្ងាយ ២៩០ គម ពីព្រំប្រទល់អ៊ុយក្រែន។

ប៉ុន្តែ ក្រេមឡាំង បានប្រតិកម្មថា ការចោទប្រកាន់ទាំងនេះ គឺគ្មានអ្វីជាតឹកតាងសំអាងឡើយ។ តាមអ្នកនាំ ពាក្យក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ៖ ចារបុរស អាមេរិកាំង និង អង់គ្លេស មិនដែលលើកយកតឹកតាង មកបង្ហាញសោះឡើយ។

ចំណែករុស្ស៊ី អះអាងថា ខ្លួន បានបង្កើនការផលិតគ្រាប់កាណុង ឡើងដល់ចំនួន ២ លាន ៥ សែន គ្រាប់ ក្នុងឆ្នាំនេះ ប៉ុន្តែបរិមាណនេះ អាចនឹងពុំគ្រប់គ្រាន់ទេ ដ្បិតកងទ័ពរុស្ស៊ីបាញ់ក្នុងមួយថ្ងៃៗ ដល់ទៅ ៦ ម៉ឺនគ្រាប់  នេះបើតាមទិន្នន័យអ៊ុយក្រែន។  

កូរ៉េខាងជើង គឺជាប្រទេសមួយ ដែលតែងផលិតអាវុធក្នុងបរិមាណយ៉ាងច្រើន និង ថែមទាំងស្តុកគ្រឿងសព្វាវុធទាំងនោះ ជាការសម្ងាត់ តាំងពីសម័យសូវៀតមក។

អាទិភាពទី១

ពេលធ្វើដំណើរទៅប្រទេសរុស្ស៊ី កាលពីខែកញ្ញា មេដឹកនាំកូរ៉េខាងជើង លោក គីម បានប្រកាសថា “អាទិភាពទី១” របស់លោក គឺ ទំនាក់ទំនងជិតស្និទ្ធរវាងម៉ូស្គូ និង ក្រុងព្យុងយ៉ាង។

គួររំឭកដែរថា រុស្ស៊ី និង កូរ៉េខាងជើង សុទ្ធតែជាប់ក្នុងទណ្ឌកម្មអន្តរជាតិ ពោលគឺ ៖ ម៉ូស្គូ ពីបទ លុកលុយចូលអ៊ុយក្រែន ចំណែកក្រុងព្យុងយ៉ាង ពីបទបាញ់បង្ហោះជាបន្តបន្ទាប់ អាវុធនុយក្លេអ៊ែរ។ ការរឹតចំណងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ប្រព្រឹត្តទៅ ចំពេលដែលទំនាក់ទំនងរវាង កូរ៉េទាំងពីរ ធ្លាក់ចុះ ដល់កម្រិតទាបបំផុត។

គិតត្រឹមក្នុងឆ្នាំនេះ កូរ៉េខាងជើង បានបាញ់សាកល្បងម្តងហើយម្តងទៀត គ្រាប់មីស៊ីលរបស់ខ្លួន។ ពុំតែប៉ុណ្ណោះ ពេលថ្មីៗនេះ កូរ៉េខាងជើងបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញខ្លួន ក្នុងនាមជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ជាផ្លូវការ។

រីឯ កូរ៉េខាងត្បូង ដើម្បីការពារសន្តិសុខ សុវត្ថិភាពរបស់ខ្លួន បានសម្រេចពង្រឹងកិច្ចព្រមព្រៀងនានា ជាមួយសម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួន គឺសហរដ្ឋអាមេរិក និង បានចុះកិច្ចព្រមព្រៀងក្នុងទម្រង់តែមួយ ជាមួយ ប្រទេសជប៉ុន ដូចគ្នាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ