អានតួអត្ថបទ
ចិន-អាមេរិក

នៅថៃ រដ្ឋមន្រ្តីការបរទេសចិនជួបទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិក

ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក និង ប្រមុខ​ការទូត​ចិន ស្កាត់​ជួប​គ្នា​នៅ​ប្រទេស​ថៃ។ បើតាម​ក្រសួង​ការបរទេស​ចិន ក្រៅពីរឹតចំណង​ទាក់ទង​និង​​កម្តៅ​ចំណងមិត្តភាព​ចិន​-អាមេរិក​ឲ្យគ្រាន់បើ​ឡើងវិញ គឺ​មន្ត្រី​ជាន់​ខ្ពស់​នៃប្រទេស​មហាអំណាច​ទាំងពីរ​ នឹង​​លើកឡើងអំពី​​សំណុំ​រឿង​តៃ​វ៉ាន់ ដែល​ជាប្រធាន​បទ​ប្រឈមមុខគ្នា​ដ៏​រស៊ើប​​​។ ​

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង ទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ ត្រូវស្កាត់ជួបគ្នា។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង ទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ ត្រូវស្កាត់ជួបគ្នា។ AP - Lian Yi
ផ្សាយពាណិជ្ជកម្ម

រដ្ឋធានី​បាំងកក ​ជាទីដែល រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី និង ​ទីប្រឹក្សា​សន្តិសុខជាតិ លោក​ ជេក ស៊ូលីវ៉ាន់ ត្រូវ​ស្កាត់​ជួប​គ្នា។ ជួប​គ្នា ដ្បិត​ ប្រមុខការទូត​​ចិន ត្រូវ​បំពេញ​ទស្សនកិច្ច​ ចាប់ពី​ថ្ងៃសុក្រ ទី២៦ ដល់ទៅ​ថ្ងៃចន្ទ ទី ២៩ មករា នៅព្រះ​រាជាណាចក្រ​ថៃ គឺស្រប​ពេលគ្នា​​នឹង​លោក​ ជេក ស៊ូលីវ៉ាន់ ដែល​​ទៅដល់​​ទីនោះ​ស្រេច​ស្រាប់​​។ នេះបើតាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន ​ក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​សុក្រ​។

​ក្នុង​សន្និសីទកាសែត នៅ​រដ្ឋធានី​ប៉េកាំង ​អ្ន​កនាំពាក្យ​ការទូត​ចិន លោក វ៉ាង វីនប៊ីន ក៏បាន​បញ្ជាក់បន្ថែមថា ​​ជំនួបទ្វេភាគី​នៅក្រុងបាំងកក​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី នឹង​លើកឡើង​ជាថ្មីទៀត អំពី​ជំហរ​របស់​រដ្ឋអំណាច​ចិន ចំពោះ​ទំនាក់ទំនង​ចិន​-អាមេរិក ហើយ​និង ជំហរ​របស់​ចិន​ចំពោះ​សំណុំ​បញ្ហា​តៃវ៉ាន់។​ ក្រៅពីនេះ ទស្សនវិស័យ​របស់​ចិន​ចំពោះ​បញ្ហា​តំបន់​និង​អន្តរជាតិ​ ហើយនិង​​ផលប្រយោជន៍​រួម​គ្នា​របស់​ចិន​និងអាមេរិក ក៏ត្រូវ​លើកឡើង យក​​ទៅ​ជជែកពិភាក្សា​គ្នាដែរ។​

ចំណែក​ភាគី​សហរដ្ឋអាមេរិក​វិញ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​បកស្រាយថា ជំនួបរវាង​​រដ្ឋមន្ត្រី​ការបរទេស​ចិន ​និង ​ទីប្រឹក្សា​សន្តិសុខជាតិ លើកនេះ​ គឺ​ឋិត​នៅក្នុង​ស្មារតី​ប្តេជ្ញាចិត្ត រវាង​ថ្នាក់ដឹកនាំ​កំពូល លោក ចូ បៃដិន និង លោក​ ស៊ី ជីនពីន​ ក្នុង​ជំនួប​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ដែល​លោកទាំងពីរ​ បាន​សន្យា​​ឲ្យ​ប្រទេស​ទាំងទ្វេ​បន្តជជែកគ្នា​ និង​ទាក់ទង​គ្នា​ដោយ​ការទទួល​ខុសត្រូវ​។​

តាម​បណ្តាញ​ទីភ្នាក់ងារព័ត៌មាន​បារាំង​អាអេហ្វប៉េ, ​នា​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ទំនាក់ទំនងនៃមហាយក្ស​ទាំងពីរ អាមេរិក​-ចិន បាន​ធ្លាក់​ដុន​ដាប​យ៉ាប់យឺន​ខ្លាំង។ ដុប​ដាបខ្លាំង ដ្បិត​ត្រូវ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ស្រួច​ស្រាល​ក្នុង​សំណុំ​រឿង​ជាច្រើន តួយ៉ាង ជម្លោះ​សង្គ្រាម​ពាណិជ្ជក​ម្ម បញ្ហា​តៃវ៉ាន់ ការប្រឈម​គ្នា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប​ ការ​ប្រជែងឥទ្ធិពល​​អំណាច​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វីក វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ក៏មាន​ដែរ បញ្ហា​សិទ្ធិមនុស្ស​។ ក៏ប៉ុន្តែ ចំណង​ទាក់ទងដ៏តានតឹង​​រវាង​គូស​ត្រូវ​ទាំងពីរ ហាក់​បាន​ធូរ​ស្រាប​បន្តិច​វិញ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បោះដៃ​រកគ្នា​ និង​ចង់​​ជជែក​គ្នា​ឡើងវិញ តាមរយៈ​មន្ត្រី​ជាន់​ខ្ពស់អាមេរិក​ទៅ​ប៉េកាំង ហើយ​ ប្រធានាធិបតី​ចិន អញ្ជើញ​ទៅ ជួប​​ប្រធានាធិបតីអាមេរិក​ នៅ​កាលីហ្វ័រញ៉ា កាល​ពី​ចុង​ឆ្នាំទៅមិញ។

ទោះ​ជាយ៉ាងណាក៏ដោយចុះ ​បញ្ហា​តៃវ៉ាន់ គឺនៅតែ​ជា​សំណុំ​រឿង​ធំដ៏ក្តៅគគុក នៅក្នុង​កិច្ច​ពិភាក្សារវាង​អាមេរិក​និងចិន នៅបាំងកក​​លើកនេះ គឺ​ក្រោយ​ពី​សញ្ញាណ​តានតឹង​ឡើង​ជាថ្មី។ តានតឹងព្រោះតែ​​ក្រុង​តៃប៉ិ បាន​បោះឆ្នោត​រើស​ប្រធានាធិបតីថ្មី​ដែល​មាន​ទំនោរ​ចង់​ប្រកាសឯករាជ្យតៃវ៉ាន់​ ហើយ សហរដ្ឋអាមេរិកបានបញ្ជូនគណៈប្រតិភូមិនផ្លូវការ​មួយ ធ្វើដំណើរទៅតៃវ៉ាន់ ដើម្បី​ចូលរួម​អបអរ គឺ​មួយ​ថ្ងៃក្រោយ​ការបោះឆ្នោត និង​បន្ទាប់ពី កោះ​ណូរូ ប្រកាសផ្តាច់​មេត្រីភាព​ជាមួយ​​ក្រុង​តៃប៉ិ ដោយ​ផ្អៀង​តាម​នយោបាយ​ចិន ដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​ឯកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ