អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

តៃវ៉ាន់អំពាវនាវ​ឲ្យ​ចិនគោរពលទ្ធផល​បោះឆ្នោត ក្រោយជ័យជំនះ​របស់​ លោក William Lai

នៅតៃវ៉ាន់ ការ​​បោះឆ្នោត​ប្រធានាធិបតី កាលពីថ្ងៃសៅរ៍​ទី​១៣មករា​ បាន​បង្ហាញ​លទ្ធផល​ថា លោក Lai Ching-Te ឬ​លោក William Lai បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មី បន្តតំណែងពីលោកស្រី សៃ អ៊ីងវេន។ នេះជាអាណត្តិទី​៣ជាប់គ្នា​ហើយ​ ដែលគណបក្ស​ប្រជាធិបតេយ្យ​ចម្រើននិយម ឈាន​មក​កាន់កាប់អំណាច​ដឹកនាំ​តៃវ៉ាន់ ហើយ​ដែល​ធ្វើ​ឲ្យ​ប៉េកាំងក្រេវក្រោធបំផុត ព្រោះគណ​បក្សនេះ មានទំនោរចង់ឲ្យ​តៃវ៉ាន់មានឯករាជ្យ​ពេញបរិបូរ។

លោក Lai Ching-te ឬលោក​ William Lai បេក្ខជនប្រធានាធិបតី​ និងលោកស្រី  Bi-khim Hsiao បេក្ខជន​អនុប្រធានាធិបតី អបអរសាទរជ័យ​ជំនះ នៅទីក្រុងតៃប៉ិ យប់​ថ្ងៃទី​​​១៣​​មករា​​​២០២៤។
លោក Lai Ching-te ឬលោក​ William Lai បេក្ខជនប្រធានាធិបតី​ និងលោកស្រី Bi-khim Hsiao បេក្ខជន​អនុប្រធានាធិបតី អបអរសាទរជ័យ​ជំនះ នៅទីក្រុងតៃប៉ិ យប់​ថ្ងៃទី​​​១៣​​មករា​​​២០២៤។ AP - ChiangYing-ying
ផ្សាយពាណិជ្ជកម្ម

យោងតាមលទ្ធផល​បោះឆ្នោតប្រធានាធិបតី​ នៅថ្ងៃសៅរ៍ទី​១៣មករា លោក​ ​William Lai ឬលោក Lai Ching-Te បេក្ខជនបក្ស​​​ប្រជាធិបតេយ្យចម្រើននិយម និង​ជា​មនុស្សស្និទ្ធ​បំផុត​នឹងលោក​ស្រី សៃ អ៊ីងវេន​ បានឈ្នះសន្លឹកឆ្នោត​ប្រមាណ​៤០,១%។ លោក​នឹងចូលកាន់តំណែង ជាប្រធានាធិបតីថ្មី នៅថ្ងៃទី​២០ ខែឧសភា។​​ ចំណែក​តំណែងអនុ​ប្រធានាធិបតី នឹងបានទៅលោកស្រី​ Hsiao Bi-Khim អតី​តតំណាងតៃវ៉ាន់ប្រចាំនៅសហរដ្ឋអាមេរិក​។

នៅព្រឹកថ្ងៃអាទិត្យ​ទី​១៤មករា​ ក្រសួងការបរទេសតៃវ៉ាន់ បានចេញសារអំពាវនាវ សូមឲ្យ​សាធារណរដ្ឋប្រជាមានិតចិន គោរពលទ្ធផល​បោះឆ្នោតនៅតៃវ៉ាន់ ហើយត្រូវតែទទួលស្គាល់ការពិតជាក់ស្តែង ឈប់គំរាមសំឡុតមកលើ​តៃវ៉ាន់​តទៅទៀត។ ក្រសួងការបរទេសតៃវ៉ាន់បានអះអាងថា ក្រោយការបោះឆ្នោតតាមបែប​ប្រជាធិបតេយ្យសេរី កាលពីថ្ងៃសៅរ៍ ខ្លួន​បានទទួល​ការអបអរសាទរ ពីបណ្ដាប្រទេស​ជាង​៥០​ប្រទេស និងអង្គទូត​ជាមិត្ត ចំនួន​១២ផ្សេងទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ​ក្រោយ​ចេញលទ្ធផល​បោះឆ្នោតនៅតៃវ៉ាន់ អ្នកនាំពាក្យ​ម្នាក់នៃក្រសួងការបរទេសចិន បានសរសេរសារលើ​បណ្ដាញសង្គម X ថា “ទោះលទ្ធផល​ឆ្នោត​បែបណា គឺវាមិនបានធ្វើ​ឲ្យ​ប្រែប្រួលដល់ការប្តេជ្ញាចិត្ត​របស់​ចិន ក្នុងការច្បាមយក​តៃវ៉ាន់​មកនៅក្នុង រង្វង់គ្រួសារចិន​វិញឡើយ”​។ អ្នកនាំពាក្យ​ចិនរូបនេះបន្តថា “ចិន​នឹងប្រើគ្រប់មធ្យោបាយ​ ដើម្បី​ប្រឆាំង បង្ក្រាបរាល់សកម្មភាពទាំងឡាយ​ណា ដែលប៉ុនប៉ងប្រកាសឯករាជ្យ​តៃវ៉ាន់ ព្រមទាំងបង្ក្រាប​រាល់​​​ការជ្រៀតជ្រែកលូកដៃពីបរទេស”។​

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានបញ្ជូនគណៈប្រតិភូមិនផ្លូវការ​មួយ ធ្វើដំណើរទៅតៃវ៉ាន់ នៅថ្ងៃអាទិត្យ​ទៅ​១៤មករា។ តាមការគ្រោងទុក គណៈប្រតិភូនេះ នឹងចូលទៅជួបថ្នាក់ដឹកនាំតៃវ៉ាន់ នៅថ្ងៃចន្ទ​ ដើម្បីសំដែងការអបអរសាទរ ចំពោះការបោះឆ្នោត​។ លោក​អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​ផ្ញើសារ​អបអរសាទរលោក William Lai និង​បាន​​កោតសរសើរ ចំពោះ​របបប្រជាធិបតេយ្យ​ដ៏រឹងមាំរបស់តៃវ៉ាន់​។ តែទន្ទឹមគ្នានេះ លោក​ប្រមុខការទូតអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមិនគាំទ្រដាច់ខាត នូវការប្រកាសឯករាជ្យជា​ផ្លូវការ​​របស់តៃវ៉ាន់​។

គួរកត់សំគាល់ដែរថា លោក​ Lai Ching-Te ដែលគេនិយមហៅថា William Lai ថ្វីបើមានទំនោររឹងរូសដាក់ចិន មិនខុសពី​លោកស្រី​ សៃ​ អ៊ីងវេនមែន តែ​លោក​ហាក់​បាន​​បន្ទន់ពាក្យ​សំដីខ្លះ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត​។ ក្នុងន័យមួយ​មិនចង់ប្រឈមមុខដាក់ចិនខ្លាំង លោក William Lai បានលើកឡើងថា ការប្រកាសឯករាជ្យគឺវាមិនជាចាំបាច់នោះទេ ព្រោះថាធាតុពិតជាក់ស្តែង​ តៃវ៉ាន់រាល់ថ្ងៃនេះមាន​ឯករាជ្យទៅហើយ ជាមួយនឹងប្រព័ន្ធនយោបាយ រដ្ឋាភិបាល និង​មានការបោះឆ្នោតឯករាជ្យ​។​

សូមបញ្ជាក់ថា នេះជាអាណត្តីទី៣ជាប់គ្នាហើយ ដែល​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើននិយមតៃវ៉ាន់ ឈ្នះឆ្នោត​។ ទោះយ៉ាងណាក៏ដោយ លោក Bonnie Glaser អ្នកជំនាញ​ចិននៅ German Marshall Fund នៅវ៉ាស៊ីនតោន បានលើកឡើងថា ជ័យជំនះជាលើកទី​៣របស់​បក្សឯករាជ្យ​និយមតៃវ៉ាន់នេះ នឹងមិន​ធ្វើឲ្យ​ប្រែប្រួល​ក្នុងរយៈពេល​ខ្លី ដល់យុទ្ធសាស្ត្រ​បង្រួបបង្រួមរបស់ចិននោះទេ។ ចំណែក​លោក Alexander Huang អ្នកជំនាញ​កងទ័ពនៅសកលវិទ្យាល័យ Tamkang ក្រុងតៃប៉ិ បាន​លើកឡើងថា ចិន​នឹងមិន​ប្រតិកម្ម​ទៅនឹងលទ្ធផល​ឆ្នោត​នេះ តាមរយៈការប្រើកម្លាំងយោធា​ កំញើញភ្លាមៗទេ។ តែចិនអាចនឹងប្រើវិធីផ្សេងទៀត ដើម្បី​បន្តសំឡុត និងដាក់សំពាធមកលើតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ