អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

អនាគតប្រធានាធិបតីថ្មីតៃវ៉ាន់ អរគុណសហរដ្ឋអាមេរិក ចំពោះ “ការគាំទ្រដ៏រឹងមាំ​”

លោកឡៃ ឈីងទឿ អនាគតប្រធានាធិបតីថ្មីតៃវ៉ាន់ ដែលទើបតែបាន​ឈ្នះឆ្នោតកាលពីថ្ងៃសៅរ៍​កន្លងទៅ បានទទួលជួប​គណៈប្រតិភូមិនផ្លូវការមួយក្រុម របស់សហរដ្ឋអាមេរិក​ នៅឯទី​ក្រុងតៃវ៉ាន់ នៅព្រឹកថ្ងៃចន្ទនេះ​។ ក្នុងជំនួបនេះ លោក អនាគតប្រធានាធិបតីថ្មីតៃវ៉ាន់ បានថ្លែងអំណរគុណដល់​សហរដ្ឋអាមេរិក ចំពោះការគាំទ្រដ៏រឹងមាំ មកលើ​របបប្រជាធិបតេយ្យតៃវ៉ាន់​។

រាប៉ពីឆ្វេង៖ លោក​អតីរដ្ឋអនុរដ្ឋមន្ត្រី​ការបរទេសអាមេរិក​James Steinberg លោកអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ Stephen Hadley លោកប្រធានាធិបតីថ្មីតៃវ៉ាន់​ទើបឈ្នះឆ្នោត​ Lai Ching-te លោកស្រីបេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់​ Bi-khim Hsiao លោកស្រីប្រធាន​​វិទ្យាស្ថានអាមេរិកប្រចាំនៅតៃ​វ៉ាន់ Sandra Oudkirk និងលោកស្រី​អគ្គនាយក​វិទ្យាស្ថានអាមេរិក​ប្រចាំតៃវ៉ាន់ (AIT) Laura Rosenberger ។​ តៃប៉ិ ថ្ងៃទី​១៥ មករា ២០២៤
រាប៉ពីឆ្វេង៖ លោក​អតីរដ្ឋអនុរដ្ឋមន្ត្រី​ការបរទេសអាមេរិក​James Steinberg លោកអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ Stephen Hadley លោកប្រធានាធិបតីថ្មីតៃវ៉ាន់​ទើបឈ្នះឆ្នោត​ Lai Ching-te លោកស្រីបេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់​ Bi-khim Hsiao លោកស្រីប្រធាន​​វិទ្យាស្ថានអាមេរិកប្រចាំនៅតៃ​វ៉ាន់ Sandra Oudkirk និងលោកស្រី​អគ្គនាយក​វិទ្យាស្ថានអាមេរិក​ប្រចាំតៃវ៉ាន់ (AIT) Laura Rosenberger ។​ តៃប៉ិ ថ្ងៃទី​១៥ មករា ២០២៤ AP
ផ្សាយពាណិជ្ជកម្ម

ដើម្បីអបអរសាទរលទ្ធផល​បោះឆ្នោត តាមបែបសេរីប្រជាធិបតេយ្យ​នៅតៃវ៉ាន់ គណៈប្រតិភូមិនផ្លូវការមួយ​របស់សហរដ្ឋអាមេរិក បានធ្វើមកដល់ទីក្រុងតៃប៉ិ។ គណៈប្រតិភូមិនផ្លូវការនេះ​​ ដឹកនាំ​ ដោយ​លោក Stephen Hadley អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក James Steinberg អតីអនុរដ្ឋមន្ត្រីការបរទេស និង​លោកស្រី Laura Rosenberger ប្រធានវិទ្យាស្ថាន​អាមេរិកប្រចាំនៅតៃវ៉ាន់។

នៅទីក្រុងតៃប៉ិ លោក Stephen Hadley បានថ្លែងប្រាប់អ្នកកាសែតថា វត្តមានរបស់​គណៈប្រតិភូលោក​នៅពេលនេះ គឺដើម្បី​អបអរសាទរដល់​ប្រជាជនតៃវ៉ាន់ ចំពោះការ​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី​ កាលពីថ្ងៃសៅរ៍​ទី​១៣មករា។ លោក​បន្តថា របបប្រជាធិបតេយ្យសេរីដ៏រឹងមាំ​របស់តៃវ៉ាន់ គឺជាគម្រូ​ដ៏ល្អ សម្រាប់ពិភពលោក​ទាំងមូល​។

​ក្នុងពេលជួបជាមួយគណៈប្រតិភូ លោក ឡៃ ឈីងទឿ (Lai Ching-Te) អនាគតប្រធានាធិបតីថ្មីតៃវ៉ាន់ បានថ្លែងអរគុណដល់សហរដ្ឋអាមេរិក ចំពោះការគាំទ្រមកលើលទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់។ ការគាំទ្រនេះ គឺវាបញ្ជាក់អំពី​ចំណងសហប្រតិបតិ្តការ ដ៏ស្និទ្ធ​ និងរឹងមាំ រវាង​តៃវ៉ាន់ និងសហរដ្ឋអាមេរិក​។ លោក ឡៃ ឈីងទឿ បានបន្តថា ទោះបីចិន បន្តគំរាម បំភ័យ​មក​លើ​តៃវ៉ាន់ តាមរយៈការប្រើកម្លាំងទ័ព ឬវិធី​ផ្សេងៗទៀតក៏ដោយ តែតៃវ៉ាន់នៅតែអង់អាច ហ៊ានប្រឈមមុខ ដោយភាពស្ងប់ស្ងាត់ និង​មិនតក់ស្លុតជាដាច់ខាត។ លោក​បន្ថែមថា តៃវ៉ាន់នឹងបន្តធ្វើការ​ជាមួយ​ប្រទេសដៃគូ ដែល​មាន​គោលគំនិតយល់ឃើញដូចតៃវ៉ាន់ ក្នុងនោះគឺមានសហរដ្ឋអាមេរិកដែរ ដើម្បីធ្វើយ៉ាងណា ធានាការពារឲ្យ​បាននូវ​សន្តិភាព និង​ស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់​។

បន្ទាប់ពីឃើញអាមេរិក​បញ្ជូនគណៈប្រតិភូទៅជួបអនាគតប្រធានាធិបតីថ្មី​តៃវ៉ាន់បែបនេះ លោកស្រី​​ ម៉ៅ នីង​ អ្នកនាំពាក្យ​​ក្រសួងការបរទេសចិន​បាន​ថ្លែងថា ចិន​ប្រឆាំងដាច់ខាត ចំពោះទំនាក់ទំនង​ផ្លូវការណាមួយ រវាងតៃវ៉ាន់ និងសហរដ្ឋ​អាមេរិក​។ ចិនប្រឆាំងដាច់ខាត​ ចំពោះ​ការលូកដៃចូលជ្រៀតជ្រែករបស់អាមេរិក មកក្នុង​កិច្ចការរវាងចិននិងតៃវ៉ាន់ ទោះក្នុងហេតុផល​ឬលេសអ្វីក៏ដោយ​។

គួរកត់សំគាល់ថា នៅថ្ងៃចន្ទទី​១៥មករានេះ ប្រទេសណូរូ ដែលជាកូនកោះតូចមួយ​នៅ​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានប្រកាសផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយតៃវ៉ាន់។ លិខិតប្រកាសនៃរដ្ឋាភិបាល​កោះណូរូ​ អះអាងថា គេ​​​ទទួលស្គាល់តែ​សាធារណរដ្ឋប្រជាមានិតចិនតែមួយប៉ុណ្ណោះ​ ហើយតៃវ៉ាន់គឺជាដែនដីមួយរបស់ចិន ដែល​​មិនអាចបំបែកបាន​។​

សូម​បញ្ជាក់ថា ក្រោយ​លទ្ធផលជ័យ​​ជំនះរបស់​គណបក្ស​ប្រជាធិបតេយ្យចម្រើននិយម នៅតៃវ៉ាន់ លោក​វ៉ាង យី ប្រមុខជាន់ខ្ពស់បំផុតនៃវិស័យការបរទេស​ចិន បាន​ថ្លែងគំរាម​ថា នរណាក៏ដោយ​នៅតៃវ៉ាន់ ឲ្យតែហ៊ាន​ធ្វើសកម្មភាពឈានទៅប្រកាសឯករាជ្យ ផ្តាច់តៃវ៉ាន់ចេញពីទឹកដីចិន​ គឺចិននឹងដាក់ទោសពិន័យ​ឲ្យចាស់ដៃបំផុត។

លោក ឡៃ ឈីងទឿ ដែលគេនិយមហៅថា William Lai មានអាយុ​៦៤ឆ្នាំ នឹងចូលកាន់មុខតំណែងជាប្រធានាធិបតីតៃវ៉ាន់ នៅ​ថ្ងៃ​ទី​២០​ឧសភា។ ក្នុងសុន្ទរកថា​យប់ថ្ងៃប្រកាសលទ្ធផល​ឆ្នោត លោកបានលើកឡើងថា តៃវ៉ាន់មិនចាំបាច់ប្រកាសឯករាជ្យ​ជាផ្លូវការនោះទេ ព្រោះថាធាតុពិតជាក់ស្តែង រាល់ថ្ងៃនេះ តៃវ៉ាន់មានឯករាជ្យទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ