អានតួអត្ថបទ
បារាំង

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង​អនុញ្ញាត​ឲ្យអាជ្ញាធរ​ចូលប្រើ​ទិន្នន័យ​នៅ​បណ្តាញ​សង្គម ដើម្បី​តាមចាប់​អ្នកគេចពន្ធ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង កាលពី​យប់​ថ្ងៃ​សុក្រ​ទី ២៧ ធ្នូ បាន​សម្រេច​បើក​ភ្លើងខៀវ ឲ្យ​រដ្ឋាភិបាល​មានសិទ្ធិ​ចូល​មើល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​ក្របខ័ណ្ឌ ប្រយុទ្ធប្រឆាំង​នឹង​ការលួច​គេច មិន​បង់ពន្ធរដ្ឋ។ នៅក្នុង​សេចក្តីប្រកាស​ចេញផ្សាយ កាលពី​ថ្ងៃ សុក្រ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង​វាយតម្លៃថា វិធានការ​របស់​រដ្ឋាភិបាល ដូចជា ប្រយុទ្ធប្រឆាំង​នឹង​ការលួចបន្លំពន្ធ TVA ហើយ​និង​ការចាប់​តម្រូវ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ធំៗ ត្រូវតែ​បង់ពន្ធ នៅ​ប្រទេសបារាំង គឺ​សុទ្ធសឹង​ជា​វិធានការ​ដែល​ស្របច្បាប់ រដ្ឋធម្មញ្ញ​បារាំង។ 

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង បើកសិទ្ធិ​ឲ្យ​អាជ្ញាធរ​ពន្ធដារបារាំង ចូល​ទៅប្រមូលទិន្នន័យ នៅលើ​បណ្តាញសង្គម ដូចជា​ហ្វេសប៊ុក ដើម្បី តាមប្រមាញ់ រកមុខអ្នកដែល​គេច បន្លំ មិនបង់ពន្ធរដ្ឋបារាំង
ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង បើកសិទ្ធិ​ឲ្យ​អាជ្ញាធរ​ពន្ធដារបារាំង ចូល​ទៅប្រមូលទិន្នន័យ នៅលើ​បណ្តាញសង្គម ដូចជា​ហ្វេសប៊ុក ដើម្បី តាមប្រមាញ់ រកមុខអ្នកដែល​គេច បន្លំ មិនបង់ពន្ធរដ្ឋបារាំង ©REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាធម្មនុញ្ញ​បារាំង បាន​ផ្តល់​សុពលភាព​សឹង​ទាំងស្រុង​លើ​ច្បាប់​ថវិកា​ជាតិ​ សម្រាប់​ឆ្នាំ ២០២០ ដែល​នៅក្នុង​នោះ មានផងដែរ មាត្រា ទី ៥៧ ដែល​ជា​មាត្រា​ដ៏ចម្រូងចម្រាស និយាយ​ពី​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការតាម​ប្រមាញ់ ចាប់ អ្នកគេចពន្ធ ដោយប្រើ ទិន្នន័យ​អ៊ីនធ័រនែត និង​ព័ត៌មាន នៅលើ​បណ្តាញ​សង្គម។

ទៅតាម មាត្រា ទី ៥៧ រដ្ឋាភិបាល​នឹង​អនុវត្ត​គម្រោង សាកល្បង ៣ឆ្នាំ ដែលក្នុងនោះ អាជ្ញាធរ​ពន្ធដារ​បារាំង អាច​ចូល​ទៅ​ប្រមូល​ទិន្នន័យ ផ្ទាល់ខ្លួន ដែល​អ្នកប្រើប្រាស់​អ៊ីនធ័រនែត បាន​ចុះផ្សាយ​ជាផ្លូវការ នៅលើ​បណ្តាញ​សង្គម ដូចជា ហ្វេសប៊ុក អាំងស្តាក្រាម ឬ វិបសៃតិ៍​លក់ទំនិញបារាំង ដូចជា leboncoin ជាដើម។

រដ្ឋមន្រ្តី​ថវិកា​បារាំង លោក Gérald Darmanin ដែល​បាន​និយាយ​ស្វាគម​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​បារាំង ធ្លាប់​បាន​វាយតម្លៃ​ហើយ​ថា បទពិសោធន៍​សាកល្បង​រយៈពេល​៣ឆ្នាំ នឹង​ជួយ​ឲ្យ​អាជ្ញាធរ​ពន្ធដារ អាច​ប្រើ​បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត ដើម្បី តាមដាន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ក្នុងការស្វែងរក​អ្នកដែល​បន្លំ គេច មិនបង់ពន្ធ​រដ្ឋបារាំង។  ឧទាហរណ៍ ទិន្នន័យ ឬរូបភាព​ទាំងឡាយណា ដែលគេ​បង្ហោះផ្សាយ​នៅលើ​បណ្តាញ​សង្គម ហ្វេសប៊ុក ឬ អាំងស្តាក្រាម នឹង​អាច​ឲ្យ​គេដឹង​ពី​កម្រិតជីវភាព និង​ទីកន្លែង​រស់នៅ​របស់​អ្នកប្រើប្រាស់​បណ្តាញសង្គម។ ព័ត៌មាន​ខាងលើនេះ នឹង​អាច​ឲ្យ​អាជ្ញាធរ​ពន្ធដារ​បារាំង ដឹងថា តើ​គេ​បាន​ប្រកាស​ពន្ធ​លើប្រាក់ចំណូល​ត្រឹមត្រូវ ដែរឬ​ទេ ឬ​ក៏​ថា គេ​បាន​ប្រកាស​ថា មាន​ផ្ទះ នៅ​បរទេស ដើម្បី​គេចមិនបង់​ពន្ធបារាំង ប៉ុន្តែ រូបថត បាន​ស្តែងថា គេ​កំពុងរស់នៅ​ទឹកដី​បារាំង។

ដោយមានភ្លើងខៀវ ​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ អាជ្ញាធរ​ពន្ធដារ​បារាំង​នឹង​មាន​សិទ្ធិ​អំណាច ស្របច្បាប់ ចូល​ទៅ​ប្រមូល​ទិន្នន័យ ដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត គឺ​មិនមែន​ដោយ​ដៃ ក្រដាស​ឯកសារ​ដូចមុន​ទៀតទេ។

នៅក្នុង​សេចក្តី​ប្រកាស កាលពីថ្ងៃ​សុក្រ ក្រុមប្រឹក្សា​ធម្មនុញ្ញបារាំង​វាយតម្លៃថា វិធានការ​របស់​រដ្ឋាភិបាល​ស្របរដ្ឋធមនុញ្ញ និងអាច​ធានា​គ្រប់គ្រាន់ មិនឲ្យ​មានការប៉ះពាល់​ដល់​ជីវិត​ឯកជន។ យ៉ាងណាក៏ដោយ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំងបញ្ជាក់​ពី​ការរក្សាសិទ្ធិ​ត្រលប់មក​ពិចារណា​ឡើងវិញ នៅ​៣ឆ្នាំ​ក្រោយ ការអនុវត្ត​គម្រោងការ​សាកល្បង​របស់​រដ្ឋាភិបាល ដើម្បី ឲ្យ​ច្បាស់ថា វិធានការ​របស់​រដ្ឋាភិបាល នឹង​មិនប៉ះពាល់​ដល់​ជីវិត ឯកជន​របស់​ប្រើប្រាស់​អ៊ីនធ័រនែត។ នៅក្នុង​ការសម្រេច​កាលពី​ថ្ងៃ​សុក្រ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង​បញ្ជាក់​ផងដែរ ហាម​មិន​ឲ្យ​អាជ្ញាធរ​ពន្ធដារ​បារាំង ចូលទៅ​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​បាន​រងការចោទប្រកាន់​រួចហើយ ក្នុង​រឿង​បង់ពន្ធរដ្ឋ​មិនត្រឹមត្រូវ។

គណៈកម្មការជាតិ ស្តីពី​ព័ត៌មានវិទ្យា និង​សិទ្ធិសេរីភាព បារាំង CNIL ធ្លាប់​បាន​រិះគន់​វិធានការ​របស់រដ្ឋាភិបាល ដែល​គេ​ចាត់ទុកថា ជាការ រំលោភ​សិទ្ធិ ជីវិត​ឯកជន។ ដោយសារ​តែ​មានការតវ៉ា​ខ្លាំង​ពីខាង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សមាជិកសភា បារាំង រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ដង មាត្រា ទី ៥៧ ដោយ​បាន​កំណត់​ឲ្យ​អាជ្ញាធរ​ពន្ធដារ​តាមដាន​តែ​ករណី រំលោភច្បាប់​ធ្ងន់ធ្ងរ​ដូចជា ការក្លែងបន្លំ មិនប្រកាស​ត្រឹមត្រូវ ពី​ផ្ទះសម្បែង នៅបារាំង ការជួញដូរ​ខុសច្បាប់ ហើយនិង​សកម្មភាព លួចបន្លំពន្ធ ក្នុង​ទ្រង់ទ្រាយធំ នៅក្នុង​អាជីវកម្ម​តាមអ៊ីនធ័រនែត។

សូមបញ្ជាក់ថា នៅប្រទេស​បារាំង ការក្លែងបន្លំ ឯកសារ កុហក​បិទបាំង ស្តីពី ប្រាក់​ចំណូល ទ្រព្យសម្បត្តិ ឬ​ប្រកាស​ថា ផ្ទះសម្បែង នៅ​បរទេស ដើម្បី គេច មិន​បង់ពន្ធ​ជូនរដ្ឋបារាំង ត្រូវគេ​ចាត់ទុក ជា​បទឧក្រិដ្ឋ ដែល​គេ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ ៥ឆ្នាំ ហើយនិង​ប្រាក់ពិន័យ ចាប់ពី ៣សែន ឡើងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ