អានតួអត្ថបទ
បារាំង

បារាំង​ពង្រាយ ប្រព័ន្ធ​រ៉ាដា នៅឆ្នេរ​ភាគខាងកើត​អារ៉ាប៊ី សាអូឌីត ដែល​បែរ​ទៅរក​ឈូងសមុទ្រ​ពែរ្ស

បារាំង​បាន​ដាក់​ពង្រាយ ប្រព័ន្ធ​រ៉ាដា នៅ​តាម​ឆ្នេរ​ខាងកើត អារ៉ាប៊ី សាអូឌីត។ ក្រសួងការពារ​ជាតិ​បារាំង​បាន​ប្រកាស​ដំណឹងនេះ កាលពី​ថ្ងៃ សុក្រ។ នៅមួយថ្ងៃមុន នៅក្នុង​ឱកាស​ថ្លែង​ជូនពរ​ដល់​កងទ័ព​បារាំង នៅ ភាពខាងត្បូង​ទីក្រុង​ប៉ារីស ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​លើក​និយាយ​ពី​វិធានការ​របស់​បារាំង ដើម្បី ​ធានា​ការពារ​រាជាណាចក្រ​ប្រេង នៅ​ក្រោយ​ទីតាំង​ចម្រាញ់ប្រេង​របស់​អារ៉ាប៊ី សាអូឌីត​រង​ការវាយប្រហារ កាលពី​ខែ កញ្ញា​កន្លងទៅ។

French President Emmanuel Macron talks to soldiers as he visits the 123 Air Base of Orleans-Bricy to give his New Year speech to France's armed forces, in Boulay-les-Barres near Orleans, France January 16, 2020.
French President Emmanuel Macron talks to soldiers as he visits the 123 Air Base of Orleans-Bricy to give his New Year speech to France's armed forces, in Boulay-les-Barres near Orleans, France January 16, 2020. © Christophe Ena/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

តាមទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តី​ក្រសួងការពារ​ជាតិ​បារាំង រដ្ឋាភិបាល​បារាំង​បាន​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​រ៉ាដា នៅ​តាម​ឆ្នេរខាងកើត ប្រទេស​អារ៉ាប៊ី សាអូឌីត ដែល​បែរ​ទៅ​រក​ប្រទេស​អ៊ីរ៉ង់ នៅក្នុង​គោលដៅ ពង្រឹង​ប្រព័ន្ធ​ខែលមីស៊ីល របស់​ប្រទេស​សេដ្ឋីប្រេង មួយ​នេះ។

នៅក្រោយ​រោងចក្រ​ចម្រាញ់ប្រេង​ពីរកន្លែង​របស់​អារ៉ាប៊ី សាអូឌីត​រងបំផ្លាញ ដោយសារ​គ្រាប់មីស៊ីល ដែល​បើតាម បារាំង អង់គ្លេស អាល្លឺម៉ង់ និងអាមេរិក គឺ​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់ រដ្ឋាភិបាលបារាំង​បាន​សន្យា ផ្តល់​ជំនួយ ដើម្បី​ធានា​ការពារ​សន្តិសុខ​ឲ្យ​សម្ព័ន្ធមិត្ត​អារ៉ាប៊ី សាអូឌីត។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទាត់ចោល ការចោទប្រកាន់ របស់​ប្រទេស​លោកខាងលិច និង​ទម្លាក់​ការទទួល​ខុសត្រូវ​លើ​ពួកឧទ្ទាមយេម៉ែន។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​បារ៉ែន កាលពី​ខែ​វិច្ឆិកា​កន្លងទៅ រដ្ឋមន្រ្តី​ការពារ​ជាតិបារាំង លោកស្រី Florence Parly ធ្លាប់​បាន​ប្រកាស​ពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​ទាញសញ្ញា​អាសន្ន​ នៅក្នុង​ឈូងសមុទ្រ​ពែរ្ស ដែលនៅក្នុង​នោះ​មាន​ផងដែរ រ៉ាដា ដ៏ទំនើប​ចុងក្រោយ ដែល​អាច​ឲ្យគេ​ដឹង​ជាមុន​ពី​ការវាយប្រហារ ណាមួយ ដោយ​គ្រាប់មីស៊ីល។

នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ឱកាស​ថ្លែង​ជូនពរឆ្នាំថ្មី​ដល់​កងទ័ព​បារាំង ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​បញ្ជាក់​ពី​វិធានការ​របស់​បារាំង ដែល​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​រ៉ាដា ដែល​ជា​ផ្នែក​មួយ នៃ​ប្រតិបត្តិការពិសេស នៅ​ឈូង​សមុទ្រ​ពែរ្ស ដែល​មាន​ឈ្មោះថា Task Force Jaguar។

“នៅឧបទ្វីប​អារ៉ាប់ និង​នៅ​ឈូងសមុទ្រ​អារ៉ាប់ ពែរ្ស ជាទី​ដែលមាន​ភាពតានតឹង​កាន់តែ​ខ្លាំង បារាំង​បាន​ពង្រាយ​ក្នុង​ពេល​ដ៏ខ្លី កងកម្លាំង ខ្លារខិន ដែល​មាន​បេសកកម្ម​បញ្ជាក់​ធានា​ដល់​រាជាណាចក្រ​អារ៉ាប៊ី សាអូឌីត” នេះជាការបញ្ជាក់​របស់​ប្រធានាធិបតី​បារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​ពេល​លោក​ប្រកាស​បញ្ជូន​នាវា​ផ្ទុកយន្តហោះ​ចម្បាំង Charles De Gaulle ទៅប្រយុទ្ធប្រឆាំង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​តំបន់​ដើមបូព៌ា។

អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា ដោយ​ចេញមុខ​ធានា​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​សាអូឌីត ពីការវាយប្រហារ​ណាមួយ របស់​មីស៊ីល​អ៊ីរ៉ង់ រដ្ឋាភិបាល​បារាំង​ចង់​បញ្ចុះបញ្ចូល រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត ត្រលប់មក​គោរព​ការសន្យា​ក្នុងការផ្តល់ហិរញ្ញវត្ថុ​សម្រាប់​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ​តំបន់​អាហ្វ្រិក សាអែល Sahel ដែល​ដឹកនាំ​ដោយ​ប្រទេស​បារាំង។

នៅក្នុង​ពិធីសូត្រធម៌ កាលពី​ថ្ងៃ​សុក្រ ប្រមុខដឹកនាំ​កំពូល​របស់​សាសនា​អ៊ីរ៉ង់ បាន​ចេញមុខ​ការពារ​ឆ្មាំបដិវត្តន៍ ដែលកំពុង​រងការរិះគន់ ទាំងក្នុង​ស្រុក និង​បរទេស ក្នុង​សោកនាដកម្ម ​បាញ់ទម្លាក់​យន្តហោះ​អ៊ុយក្រែន។ សម្រាប់ អាយ៉ាតូឡា អាលី ខាមេណី ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មាន​សមត្ថភាព ប្រយុទ្ធ ហួស​ពី​ទឹកដី​អ៊ីរ៉ង់ នៅក្រោយ អាមេរិក បាញ់សម្លាប់ មេទ័ព​អ៊ីរ៉ង់ សូឡីម៉ានី នៅប្រទេស​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ