អានតួអត្ថបទ

អង្គការ​សុខភាព​ពិភពលោក​ទាញ​សញ្ញា​អាសន្ន ពីការគំរាមកំហែង​សុខភាព​របស់​កុមារ

ការ​ប្រែប្រួល​អាកាសធាតុ ​ទទួល​ទានអាហារមិន​ត្រឹម​ត្រូវ ... សុខភាព​របស់​កុមារនៅ​ទូទាំង​ពិភពលោក កំពុង​ប្រឈម​នឹងការ​គំរាម​កំហែង​​យ៉ាងទាន់ហន់។ នេះ​ជា​ការ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​បញ្ជាក់​ទៀត​ថា ​គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ផែនដី អាច​ការពារ​អនាគត​ឱ្យ​​កុមារបានគួរ​ឱ្យ​ពេញ​ចិត្ត​សោះ។

បើ​តាម​OMS កុមារក្រោម​អាយុ​៥​ឆ្នាំ ជិត​៤៣​លាន​នាក់ មាន​អាការៈ​ធាត់​ជ្រុល
បើ​តាម​OMS កុមារក្រោម​អាយុ​៥​ឆ្នាំ ជិត​៤៣​លាន​នាក់ មាន​អាការៈ​ធាត់​ជ្រុល © Pixabay
ផ្សាយពាណិជ្ជកម្ម

សុខភាព​កុមារ និង​ក្មេង​ជំទង់បាន​ប្រសើរ​​ច្រើន នៅរវាង​​២០​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ភាព​ជឿន​លឿន​ កំពុងចាប់​គាំង​​ទ្រឹង និង​រង​​ការ​គំរាមកំហែង​ទៅ​វិញ នាពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​របាយការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ដែល​ចេញ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​វេជ្ជសាស្ត្រ​អង់គ្លេស The Lancet នៅ​ថ្ងៃពុធ​ទី ១៩ កុម្ភៈ ២០២០។

របាយការណ៍​នេះ ជា​លទ្ធផល​នៃ​​ការ​សិក្សា ពី​​កំរិត​នៃ​សុខមាលភាព​របស់​កុមារ​​​ ក្នុង​ប្រទេស​ចំនួន​១៨០ ​​របស់អ្នក​ជំនាញ​សុខភាព​កុមារ​ឯករាជ្យ​ ៤០​រូប មក​ពី​ទូទាំង​ពិភពលោក​ តាម​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ។ អ្នក​ស្រាវជ្រាវ​បាន​ប្រើ​សន្ទស្សន៍​ថ្មី ដោយ​ផ្តោត​លើ​អត្រា​មរណៈ ស្ថានភាព​សុខភាព របប​អាហារ ការ​អប់រំ​ ...។

ដោយគ្មាន​ការ​ភ្ញាក់​ផ្អើល កុមារ​នៅ​ក្នុង​ប្រទេស​អ្នក​មាន​ មាន​សុខមាលភាព​ខ្ពស់​ជាង​គេ។ ន័រវែស​ជាប់​លេខ​មួយ បន្ទាប់​មក​គឺ​កូរ៉េខាង​ត្បូង ហូឡង់​ និង​បារាំង។ ចំណែក​​ប្រទេស​ក្រីក្រ​ជាប់​លំដាប់​ចុង​ប៉ូចគេ គឺ​នៅ​អាហ្វ្រិក ៖ ​អាហ្វ្រិក​កណ្តាល ឆាដ សូម៉ាលី និង​នីហ្សេ។ ប៉ុន្តែ​បើ​តាម​របាយការណ៍​ដែល​មានចំណង​ជើង​​ថា "​អនាគត​របស់​​កុមារ​លើ​ពិភពលោក” ប្រទេស​អ្នក​មាន​​​ដែលផ្តល់​​​សុខមាលភាព​កុមារ​ខ្ពស់ ច្រើន​តែជាប់​លេខ​ទាប ខាង​បរិស្ថាន​ ។ ចំណែក​ប្រទេស​ក្រីក្រ​ បញ្ចេញ​ឧស្ម័ន​កាបូនិក​តិច​ ត្រូវ​ប្រឈម​នឹងផលវិបាក​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយការ​​​ប្រែប្រួល​អាកាស​ធាតុ។ មាន​តែ​៩​ប្រទេសប៉ុណ្ណោះ ដែល​អាច​សម្រេច​កម្មវត្ថុ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​​នៅ​ឆ្នាំ​២០៣០​បានហើយស្ថិត​ក្នុង​ចង្កោម​ប្រទេស​ដែលផ្តល់​​សុខមាលភាពខ្ពស់​ដល់​កុមារ​ (ជាប់​លេខ៧០​ដំបូង​) គឺ អាល់បានី អារមេនី ហ្គឺណាដ ហ្សកដានី ម៉ុលដាវី ស្រីលង្កា ទុយនីស៊ី អ៊ុយរូហ្កាយ និង​វៀតណាម។

បើតាម​របាយការណ៍ដដែល ខ្យល់​ពុល​ក្នុង​បរិយាកាស និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ការ​គំរាមកំហែង​សុខភាព​​កុមារ និង​ក្មេង​ជំនាន់​ក្រោយ ខ្លាំង​ជាង​គេ បន្ទាប់​មក​គឺ​ការ​ទទួល​ទាន​ចំណី​អាហារ​មិន​ល្អ ៖ អាហារ​បែប​ឧស្សាហកម្ម អាហារ​ដែល​មាន​ការ​បំផ្លែង​ខ្លាំង​ ​មាន​ជាតិ​ស្ករ​ខ្ពស់ មាន​ជាតិ​ស្រវឹង-សុរា និង​បារី។ អ្នក​ជំនាញ​បាន​បរិហារ​ ​ជំនួញ​ដែល​បំផ្លាញ​សុខភាព​កុមារ​ តាម​រយៈ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំណី​អាហារ​ឧស្សាហកម្ម​​-​សុរា​ និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នីមួយៗ​ ពង្រឹង​ច្បាប់​ក្នុង​វិស័យ​នេះ​។ ​ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា សកម្មភាព​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ (ស្រាឬ​ប៊ីយ៉ែរ) ក្នុង​ពេល​មាន​កម្មវិធី​បុណ្យ និងចំនួន​​កុមារ​-ក្មេង​ជំទង់​មាន​អាការៈ​ធាត់​ជ្រុល ​បាន​កើន​ឡើង​១១​ដង នៅ​រវាង​ពី​ឆ្នាំ​១៩៧៥​ដលល់​ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ