អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អឺរ៉ុប ចិន និងរុស្ស៊ីកំពុងស្វែងរកភាពចុះសម្រុងជាមួយអ៊ីរ៉ង់ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

នៅ​ថ្ងៃ​ពុធ ទី២៦ កុម្ភៈ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស សហភាពអឺរ៉ុប ប្រទេស​ចិន និង​រុស្ស៊ី​បាន​បន្ត​រួម​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​កុងសង់ស៊ុស​រួម​មួយ​ជាមួយ​អ៊ីរ៉ង់​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ដក​ខ្លួន​ចេញ​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។ តាំង​ពី​ពេល​នោះ​មក អ៊ីរ៉ង់​ក៏​បាន​ផ្តើម​មិន​គោរព​លើ​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ។ គោលដៅ​នៃ​កិច្ចប្រជុំ​រវាង​ក្រុមប្រទេស​ហត្ថលេខី​នៅ​សេសសល់​ជាមួយ​អ៊ីរ៉ង់​ពេល​នេះ គឺ​ព្យាយាម​ទាញ​អ៊ីរ៉ង់​ឲ្យ​មក​គោរព​កិច្ចព្រមព្រៀង​ពេញលេញ​ឡើង​វិញ និង​ស្រោចស្រង់កិច្ចព្រមព្រៀង​ដែល​កំពុង​ទទួល​ការ​គំរាមកំហែង។

នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស អឺរ៉ុប ចិន និងរុស្ស៊ីកំពុងស្វែងរកភាពចុះសម្រុងជាមួយអ៊ីរ៉ង់ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ថ្ងៃទី២៦ កុម្ភៈ ២០២០
នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស អឺរ៉ុប ចិន និងរុស្ស៊ីកំពុងស្វែងរកភាពចុះសម្រុងជាមួយអ៊ីរ៉ង់ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ថ្ងៃទី២៦ កុម្ភៈ ២០២០ JOE KLAMAR / AFP
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ភាគី​អ៊ីរ៉ង់ កិច្ចប្រជុំ​បាន​ចូលរួម​ដោយ​អ្នកតំណាង​មក​ពី​ប្រទេស​ចិន រុស្ស៊ី អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ដែល​សុទ្ធសឹង​ជា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​ដែល​មិន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ដូច​អាមេរិក​ទេ។ ជា​ថ្មី​ម្តង​ទៀត អ្នក​តំណាង​គ្រប់​រូប​បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​រក្សា​ទុក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​បាន​រម្លឹក​ថា កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ មួយ​នេះ​ជា​គន្លឹះ​នៃ​និម្មាបនកម្ម​សកល​ស្តីពី​ការ​មិន​សាយភាយ​នុយក្លេអ៊ែរ។ ទន្ទឹម​គ្នា​នេះ អ្នក​តំណាង​គ្រប់​រូប​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ការ​ដែល​រដ្ឋបាល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​មិន​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ទាញ​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ពេញលេញ​ពី​ការ​លើក​ទណ្ឌកម្ម​អន្តរជាតិ​ទេ។

នៅ​ក្នុង​ន័យ​នេះ អ្នក​តំណាង​អ៊ីរ៉ង់​ដែល​ចូល​រួម​ដោយ​អនុរដ្ឋមន្រ្តី​ការបរទេស​លោក​អាបាស់ អារ៉ាឈី​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​បន្ត​ទុក​ទ្វារ​ចំហ​ចំពោះ​គ្រប់​គំនិត​ផ្តួចផ្តើម​ទាំង​អស់​ដែល​អាច​ធានា​អ៊ីរ៉ង់​ឲ្យ​ទទួល​បាន​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ តាម​លោក​អាបាស់ អារ៉ាឈី ប្រសិន​បើ​ភាគី​ផ្សេង​គោរព​ត្រឹមត្រូវ​លើ​ការ​សន្យា​របស់​ខ្លួន អ៊ីរ៉ង់​ក៏​ត្រៀម​ខ្លួន​ត្រឡប់​ទៅ​គោរព​ឡើង​វិញ​លើ​កិច្ចសន្យា​មួយ​ចំនួន​ដែល​ខ្លួន​បាន​រំលោភ​កន្លង​មក។ គួរ​រម្លឹក​ថា តាំង​ពី​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់ ក្រុង​តេហេរ៉ង់​បាន​ស្តី​បន្ទោស​ភាគី​ហត្ថលេខី​ផ្សេង ពិសេស​អឺរ៉ុប​ពី​បទ​ឈរ​ក្រពាត់ដៃ​មើល​ដោយ​មិន​បាន​ជួយ​ខ្លួន។

បន្ទាប់​មក​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៩ អ៊ីរ៉ង់​ក៏​សម្រេចចិត្ត​មិន​គោរព​តាម​កិច្ចសន្យា​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង ដូច​យ៉ាង​ធ្វើ​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​លើស​ពី ៣,៦៧% និង​ស្តុក​អ៊ុយរ៉ាញ៉ូមចម្រាញ់រួច​លើស​ពី ៣០០គីឡូក្រាម។ លោក​វ៉ាង ឈីង មន្រ្តីការទូត​ចិន​ប្រចាំ​អង្គការអន្តរជាតិ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​បាន​បញ្ជាក់​ថា អ្នក​តំណាង​គ្រប់​រូប​ក្នុង​កិច្ចប្រជុំ​បាន​ព្យាយាម​បង្កើត​យន្តការ​មួយ​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​ទៅ​វិញ ទៅ​មក មាន​ន័យ​ថា អ៊ីរ៉ង់​អាច​ទាញ​បាន​ប្រយោជន៍​ពេញលេញ​ពី​កិច្ចព្រមព្រៀង ហើយ​ភាគី​ផ្សេង​ត្រូវ​ចាប់​ផ្តើម​គោរព​កិច្ចព្រមព្រៀង​ឲ្យ​បាន​ត្រឹមត្រូវ។ គ្រប់​គ្នា​សង្ឃឹម​ថា កិច្ចប្រជុំ​ពេល​នេះ​នឹង​ហុច​លទ្ធផល​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែង។

គួរ​រម្លឹក​ថា​ក្នុង​ខែ​មករា ឆ្នាំ ២០១៩ សហភាព​អឺរ៉ុប​បាន​បង្កើត​យន្តការ​មួយ​ដើម្បី​អាច​បន្ត​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយ​ពង្វាង​ទណ្ឌកម្ម​អាមេរិក មាន​ន័យ​ថា អ៊ីរ៉ង់​លក់​ប្រេង​ដូរ​យក​ទំនិញ​ដោយ​មិន​បាច់​ទូទាត់​ជាមួយ​ប្រាក់ដុល្លារអាមេរិក។ តែ​រហូត​មក​ដល់​ពេល​នេះ យន្តការ​មួយ​នេះ​នៅ​មិន​បាន​ដំណើរការ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ