អានតួអត្ថបទ
កូវីដ១៩-អឺរ៉ុប

អង្គការ​សុខភាពពិភពលោក ៖ អឺរ៉ុបក្លាយជាតំបន់មានការរាតត្បាតកូវីដ១៩ខ្លាំងជាងគេ

កូវីដ​១៩ បន្ត​ធ្វើ​កា​រ​រាត​ត្បាត​នៅ​ទូទាំងពិភពលោក  ​ក្នុង​ប្រទេស​ចំនួន​១២៤ និង​បាន​ចម្លង​លើ​មនុស្ស​សរុប​ជាង​១៤ម៉ឺននាក់ និង​សម្លាប់​មនុស្ស​យ៉ាង​ហោច ៥៣០០​នាក់​។ នេះ​បើ​តាម​តុល្យការ​ផ្លូវការ​ចុង​ក្រោយ​ចុះ​ថ្ងៃទី ១៣​មីនា​២០២០។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ សហរដ្ឋ​អាមេរិក​​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​។ ក្នុង​ថ្ងៃ​សុក្រ​ដដែល អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ ថា​អឺរ៉ុប បានក្លាយ​ជា​តំបន់​ដែល​មាន​ករណី​រាតត្បាត​កូវីដ​១៩​ខ្លាំង​គេ។

ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ និង​ជា​បន្ត​បន្ទាប់​បិទ​ព្រំដែន​និ​ងការ​ហោះហើរ​អន្តរជាតិ
ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ និង​ជា​បន្ត​បន្ទាប់​បិទ​ព្រំដែន​និ​ងការ​ហោះហើរ​អន្តរជាតិ AFP
ផ្សាយពាណិជ្ជកម្ម

ជា​មួយ​នឹង​សេចក្តីប្រកាស​របស់​ប្រធានាធិបតី​ដាក់ប្រទេស​​​ក្នុង​ភាព​អាសន្ន ​សហរដ្ឋ​អាមេរិក​ អាច​ទម្លាយ​ថវិកា​ ជិត​៥០ពាន់​លាន​ដុល្លារ សម្រាប់ទប់​ទល់​​នឹង​ការ​រាត​ត្បាត​របស់​កូវីដ​១៩។ សភា​អាមេរិក​បាន​សម្តែង​សាមគ្គីជាតិ អនុម័ត​ភ្លាម​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ​១៩​ស្នើ​ដោយ​របស់​រដ្ឋាភិបាល។ បើ​តាម​លោក​ដូណាល់​ត្រាំ​ ការ​បិទ​ព្រំដែន​ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន​ណាស់ ហើយ​ការដាក់​សហរដ្ឋ​អាមេរិក​ក្នុង​ភាព​អាសន្ន​ ជា​ការ​បំពេញ​​បន្ថែម​លើ​​វិធានការ​​ដែល​អាមេរិក​មាន​ស្រាប់។

សូម​បញ្ជាក់​ថា​កូវីត​១៩​កំពុង​បន្ត​រាត​ត្បាត​យ៉ាង​លឿន​ នៅ​ក្រៅ​ប្រទេស​ចិន។ ​ចិន​ ដែល​ជាចំណុច​ចាប់​ផ្តើម​នៃ​មេរោគ​កូរ៉ូណា​ថ្មី​វិញ ចំនួន​អ្នក​ឆ្លង​ថ្មី បាន​​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ មក​ត្រឹម​តែ​៨​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​អឺរ៉ុប​វិញ ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​កំពុង​កើន​ឡើង​ខ្លាំង​ជា​លំដាប់។ បើ​តាម​អង្គការ​សុខភាពពិភពលោក ពេល​នេះ​អឺរ៉ុប​កំពុង​ក្លាយ​ជា​តំបន់​ដែល​កូវីដ​១៩​រាត​ត្បាត​ខ្លាំង​ជាង​គេ​។ ដោយមិន​​គិត​ប្រៀប​ជាមួយ​ចិន ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​កូរ៉ូណាវីរុស​ថ្មី​នៅ​អឺរ៉ុប​មាន​ចំនួន​​ច្រើន​ជាង​​តំបន់​ផ្សេងៗ​នៃ​ភព​ផែន​ដី។ នៅ​អ៊ីតាលី​ ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​ថ្មី បាន​ឡើង​ដល់​១៧៦៦០​នាក់ និង​ស្លាប់​ ១២៦៦នាក់ (​ស្លាប់​ថែម​២៥០​នាក់​ទៀត ក្នុង​រយៈពេល​​តែ​២៤ម៉ោង)។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ អឺរ៉ុប​ចាប់​ផ្តើម​ចាត់​វិធានការ​ កាន់​តែ​តឹង​តែង​ឡើងៗ។ ដាណឺម៉ាក ប៉ូឡូញបាន​ប្រកាស​បិទព្រំដែន​មិនឱ្យ​បរទេស​ចូល ចាប់​ពី​ថ្ងៃ​សៅរ៍​ទី ១៤​មីនា​ទៅ។ ស៊ីប ស្លូវ៉ាគី ឆែក ចាប់​បិទ​ព្រំដែន​ មិន​ឱ្យ​បរទេស និង​ព្រមទាំងពលរដ្ឋ​ខ្លួន​ចេញ​ចូល​​ទៀត​ចាប់​ពី​ថ្ងៃ​ចន្ទទី​១៦​មីនា។ ព្រំដែន​អឺរ៉ុប​ក្នុង​​រង្វង់​សហភាព នឹង​ត្រូវ​ពង្រឹង​ ​ឬ​បិទ​ផង នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ​នេះ​ជា​​សំណើរបស់​ប្រធានាធិបតីបារាំង​ទៅ​កាន់​​សហភាពអឺរ៉ុប។

វិធានការ​បិទ​ព្រំដែន​កំពុង​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​និង​ជា​បន្ត​បន្ទាប់​ចាប់​ផ្តើម​ប្រកាន់​យក។ អ៊ុយក្រែន​និង​រុស្ស៊ី​បាន​ប្រកាស​កាត់​បន្ថយ​ការ​ហោះហើរ​ទៅកាន់-មក​អឺរ៉ុប។ សិង្ហបុរី កម្ពុជា​ហាមឃាត់​មិនឱ្យ​អ្នក​ដំណើរបរទេស​មក​ពី​ ឬ​ឆ្លង​កាត់​ប្រទេស​អ៊ីតាលី បារាំង អេស្ប៉ាញ​និងអាល្លឺម៉ង់។ អូស្ត្រាលី​និង​កាណាដា បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ខ្លួន​លុប​គម្រោង​ធ្វើ​ដំណើរ​ទៅ​បរទេស។  ជើង​ហោះហើរ​ចេញពីអឺរ៉ុប​​និង​ចូលអឺរ៉ុបជាមួ​យប្រទេស​ក្នុង​ទ្វីប​អាមេរិក​ឡាទីន​ជា​ច្រើន​ត្រូវ​ផ្អាក។ កូឡុំប៊ី​បិទព្រំដែន​ជាមួយ​វេណេស៊ុយអេឡា និង​មិន​ឱ្យ​បរទេស​​ធ្វើ​ដំណើរមក​ពី​អឺរ៉ុប​និង​អាស៊ីចូល។ ចាប់​ពី​ថ្ងៃចន្ទទី ១៦មីនា អ្នក​ដំណើរ​ចូល​ប្រទេស​នូវែលហ្សេឡង់ទាំង​អស់​ត្រូវ​ឃាត់​ឱ្យ​នៅ​ដាច់​ពីគេ​​១៤​ថ្ងៃ​​។ អាប៊ីសាអូឌីត​បិទជើ​ង​ហោះហើរ​អន្តរជាតិ​រយៈ​ពេល​ពី​សប្តាហ៍​រាប់​ពី​ថ្ងៃ​អាទិត្យ​ទី ១៥​មីនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ