អានតួអត្ថបទ
អឺរ៉ុប-កូវីដ១៩-ហិង្សាក្នុងគ្រួសារ

កូវីដ១៩​៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​អាច​កើនឡើង​ ពេល​មនុស្ស​រាប់លាន​នាក់​នៅ​អឺរ៉ុប​ត្រូវ​បង្ខាំង​នៅ​ក្នុង​ផ្ទះ

គិតត្រឹមថ្ងៃសៅរ៍ ទី ២៨ មីនានេះ ជំងឺកូវីដ១៩ នៅតែបន្តរាលដាលខ្លាំង និងបានចម្លងដល់​មនុស្សជាង ៦០ម៉ឺននាក់ និងបានសម្លាប់មនុស្សជាង ២ម៉ឺន ៧ពាន់នាក់ នៅជុំវិញ​ពិភពលោក។ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាតនេះ ប្រទេសជាច្រើន ក្នុងនោះ​មានប្រទេសអឺរ៉ុបដែរ បានចេញវិធានការបិទការធ្វើដំណើរចេញចូល និងរាំងខ្ទប់ឲ្យ​ប្រជាជន​នៅតែក្នុងផ្ទះ។ ខណៈពេលដែលមនុស្សរាប់លាននាក់នៅទ្វីបអឺរ៉ុប ត្រូវបាន​បង្ខាំងឲ្យនៅក្នុងផ្ទះ គេចាប់បារម្ភដែរថា អំពើហិង្សាក្នុងគ្រួសារ​អាចនឹងមានចំនួន​កើនឡើង។

ពលរដ្ឋអេស្ប៉ាញ ដែលជាប់បង្ខាំងនៅក្នុងផ្ទះ បាននាំគ្នាទះដៃគាំទ្របុគ្គលិកពេទ្យ តាមវេរ៉ុងដា នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០។
ពលរដ្ឋអេស្ប៉ាញ ដែលជាប់បង្ខាំងនៅក្នុងផ្ទះ បាននាំគ្នាទះដៃគាំទ្របុគ្គលិកពេទ្យ តាមវេរ៉ុងដា នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០។ REUTERS - NACHO DOCE
ផ្សាយពាណិជ្ជកម្ម

នៅអឺរ៉ុប ពីទីក្រុងប៊ែកឡាំង ទៅទីក្រុងប៉ារីស ម៉ាឌ្រីដ រ៉ូម និងប្រាទីស្លាវ៉ា សមាគមជួយជន​រងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ បានប្រកាសក្រើនរំឭកថា អំពើហិង្សាក្នុងគ្រួសារអាចនឹង​មានចំនួន​កើនឡើង បន្ទាប់ពីអឺរ៉ុបក្លាយជាចំណុចកណ្តាលនៃការឆ្លងរាលដាលពី​កូវីដ១៩។​

“សម្រាប់មនុស្សជាច្រើន ផ្ទះរបស់ពួកគេ លែងជាកន្លែងមានសុវត្ថិភាពទៀតទេ”។ នេះ បើតាមការឲ្យដឹងពីខាងសមាគមសហព័ន្ធអាល្លឺម៉ង់នៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សា និងជំនួយដល់ស្ត្រី (BFF)។

បន្ថែមលើនេះ BFF បានក្រើនរំឭកថា ភាពឯកោ ការលែងមានទំនាក់ទំនងក្នុងសង្គម កំពុង​ធ្វើឲ្យភាពតានតឹងភាពតប់ប្រមល់ កើនឡើងខ្លាំង និងបង្កើនហានិភ័យនៃអំពើហិង្សា​ក្នុង​គ្រួសារ ហើយនិងអំពើហិង្សាផ្លូវភេទទៅលើស្ត្រី និងកុមារ។

ភាពតានតឹងផ្លូវអារម្មណ៍ខ្លាំងបំផុតមួយ ដែលគេយល់ថា មានឥទ្ធិពលបង្កឲ្យមានជម្លោះ​ក្នុង​គ្រួសារ​ គឺការភ័យព្រួយពីការបាត់បង់ការងារ និងការខ្វះខាតផ្នែកហិរញ្ញវត្ថុ។

លោករ៉េននឺ រ៉េតធីងជឺ (Rainer Rettinger) ប្រធានដឹកនាំសមាគមការពារ​កុមារអាល្លឺម៉ង់ បានទទួលស្គាល់ថា ការសម្រេចបិទសាលារៀន ក្លឹបកីឡា និងមជ្ឈមណ្ឌល​យុវជន មានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃវីរុសកូវីដ១៩។ ក៏ប៉ុន្តែលោករ៉េននឺ បានចោទជាសំណួរថា តើមានអ្នកណាខ្លះបានមើលឃើញនិងស្តាប់ឮអំពីការរំលោភបំពាន​លើកុមារនាកាលៈទេសៈនេះ?

ស្របពេលមនុស្សរាប់លាននាក់ ត្រូវជាប់គាំងនៅក្នុងផ្ទះ ក្រុមអង្គការសមាគម បាននិយាយ​ថាអំពើហិង្សា ក៏ត្រូវបានគេបង្ខាំងទុកក្នុងផ្ទះជាមួយមនុស្សដូចគ្នាដែរ ហើយនោះជាបញ្ហាដែលពួកគេ​ព្រួយបារម្ភ។

លោកស្រីបេអាទ្រីស ហ្វ្រេស្កូ រ៉ុលហ្វូ អ្នករាយការណ៍ទូទៅ​ស្តីពីអំពើហិង្សាលើស្ត្រីរបស់​សភានៃក្រុមប្រឹក្សាអឺរ៉ុប បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា នៅពេល​ដែល​រដ្ឋាភិបាល បញ្ចេញថវិការាប់ពាន់លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ច និងសេវាកម្ម​សុខភាព ពួកគេ ក៏ត្រូវងាកមកមើលផងដែរពីសារៈសំខាន់នៃសមភាព និងសិទ្ធិមនុស្ស​ជាមូលដ្ឋាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ