អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ចិន

កិច្ចចរចារវាងអាមេរិក និងរស្ស៊ីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរកំពុងវិលវល់ដោយវត្តមានចិន

នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​ផ្តើម​កិច្ចចារ​ឡើង​វិញ​ដើម្បី​ស្វែង​រក​អនាគត​សន្ធិសញ្ញា​ទ្វេភាគី​ស្តីពី​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ។ តែ​ភាគី​អាមេរិក និង​រុស្ស៊ី​បាន​ទទួល​ស្គាល់​ដូច​គ្នា​ក្នុង​ថ្ងៃ​អង្គារ ទី២៣ មិថុនា​ថា ការ​ចរចា​មាន​ភាព​តានតឹង​តិចតួច​ជុំ​វិញ​តួនាទី​របស់​ចិន។ អ្នក​ចរចា​អាមេរិក​លោក Marshall Billingslea បាន​បញ្ជាក់​ជា​ថ្មី​ពី​កាតព្វកិច្ច​របស់​ចិន​ក្នុង​ការ​ចរចា​ដោយ​ស្មោះ​ត្រង់​ជាមួយ​អាមេរិក និង​រុស្ស៊ី។ តាម​ពិត​ទៅ អាមេរិក​ចង់​បញ្ចូល​ភាគី​ចិន​ទៅ​ក្នុង​អនាគត​សន្ធិសញ្ញា​ថ្មី​ស្តីពី​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ តែ​រុស្ស៊ី​ទើសទាល់​ចិត្ត ហើយ​ចិន​មិន​ព្រម។ ហេតុអ្វី​បាន​ជា​អាមេរិក​ចង់​តែ​អូស​ចិន​ឲ្យ​ចូល ?

កិច្ចចរចារវាងអាមេរិក និងរស្ស៊ីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ថ្ងៃទី២៣ មិថុនា ២០២០​ក្នុង​ប្រទេស​អូទ្រីស
កិច្ចចរចារវាងអាមេរិក និងរស្ស៊ីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ថ្ងៃទី២៣ មិថុនា ២០២០​ក្នុង​ប្រទេស​អូទ្រីស AFP
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​ទើសទាល់​ចិត្ត​របស់​រុស្ស៊ី​បាន​ធ្វើ​ឡើង​តាម​រយៈ​អនុរដ្ឋមន្រ្តី​ការបរទេស​លោក Sergueï Riabkov ដែល​តំណាង​ឲ្យ​អ្នក​ចរចា​រុស្ស៊ី។ លោក Riabkov មិន​ញញើត​នឹង​វាយបក​ដាក់​អាមេរិក​ថា ការ​ទទូច​របស់​អាមេរិក​ឲ្យ​បញ្ចូល​ចិន​ក្នុង​កិច្ចចរចា​ជា​រឿង​មិន​អាច​ទៅ​រួច ហើយ​រុស្ស៊ីក៏​​នឹង​មិន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ចិន​ដែរ។ គួរ​រម្លឹក​ថា អាមេរិក និង​រស្ស៊ី​មាន​សិទ្ធិសញ្ញា​រវាង​គ្នា​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ហៅ New Start ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១០។ តាម​រយៈ​សន្ធិសញ្ញា New Start អាមេរិក និង​រុស្ស៊ី​បាន​រក្សា​គ្រឿងសព្វាវុធ​នុយក្លេអ៊ែរ​ឲ្យ​តិច​ជាង​ក្នុង​សម័យ​សង្រ្គាមត្រជាក់ ពោល​រក្សា​ទុក​ក្បាល​នុយក្លេអ៊ែរ​ចំនួន ១ ៥៥០គ្រាប់ និង​ជើង​បាញ់​គ្រាប់នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​ចំនួន ៧០០ដើម។

អាមេរិក និង​រុស្ស៊ី​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​សន្ធិសញ្ញា​ថ្មី​ដើម្បី​ចូល​ជំនួស​សន្ធិសញ្ញា New Start ដែល​នឹង​ត្រូវ​ផុត​កំណត់​នៅ​ដើម​ឆ្នាំ ២០២១ ខាង​មុខ។ តែ​នៅ​ក្នុង​ការ​ចរចា​ស្វែង​រក​សន្ធិសញ្ញា​ថ្មី អាមេរិក​បន្ត​ទទូច​ហៅ​ចិន​ឲ្យ​ចូល​រួម​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា សមត្ថភាព​នុយក្លេអ៊ែរ​របស់​ចិន​កំពុង​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​លឿន។ ក្នុង​ថ្ងៃ​អង្គារ ទី២៣ មិថុនា អ្នក​ចរចា​អាមេរិក​លោក Marshall Billingslea បាន​កត់សម្គាល់​ពី​ល្បឿន​នៃ​កម្មវិធី​អភិវឌ្ឍ​គ្រឿងសព្វាវុធ​ចិន​គួរ​ឲ្យ​ព្រួយបារម្ភ និង​បរិហារ​ចិន​ពី​បទ​បាន​លាក់ និង​គ្មាន​តម្លាភាព​នៅ​ក្នុង​សំណុំរឿង​នេះ។ ចំណែក​អ្នកតំណាង​របស់​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​ថា ការ​ដែល​ចិន​បដិសេធ​មិន​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អូទ្រីស​មិន​ត្រឹម​ជា​ការ​បែរ​ខ្នង​ដាក់​អាមេរិក និង​រុស្ស៊ី​ទេ តែ​ជា​ការ​បែរ​ខ្នង​ដាក់​ពិភពលោក​ទាំង​មូល។

តាម​ពិត​ទៅ ចិន​មិន​បាន​ទាត់​ចោល​លើ​គ្រប់​ការ​ចរចា​ស្តីពី​នុយក្លេអ៊ែរ​ទេ គ្រាន់​តែ​ចិន​ចង់​បាន​កិច្ចចរចា​ជា​លក្ខណៈ​ពហុភាគី ពោល​មិនមែន​ទ្វេភាគី ឬ​ត្រីភាគី​ដូច​ដែល​អាមេរិក​ចង់​បាន​នោះ​ឡើយ។ អ្វី​ដែល​ក្រុម​អ្នក​សង្កេតការណ៍​មួយ​ចំនួន​បារម្ភ គឺ​ខ្លាច​អាមេរិក​ប្រើ​ភាព​ព្រងើយកន្តើយ​របស់​ចិន​ពេល​នេះ​ជា​លេស​ដើម្បី​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា New Start ដែល​អាមេរិក​កំពុង​មាន​ជា​មួយ​រុស្ស៊ី។ ការ​បារម្ភ​យ៉ាង​ដូច​នេះ ព្រោះ​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​ចំនួន ៣ គឺ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សន្ធិសញ្ញា​ស្តីពី​គ្រាប់មីស៊ីលចម្ងាយមធ្យម និង​សន្ធិសញ្ញា​មេឃចំហ ឬ Open Skies។ យ៉ាង​ណា​ក៏​ដោយ លោក Marshall Billingslea បាន​និយាយ​ពី​កិច្ចចរចា​ប្រកប​ដោយ​ស្ថាបនា​រវាង​ប្រទេស​ទាំង​ពីរ និង​ថា អាមេរិក និង​រុស្ស៊ី​គ្រោង​បន្ត​កិច្ចប្រជុំ​ថ្នាក់​អ្នកជំនាញ​ក្នុង​ក្តីរំពឹងទុក​មាន​កិច្ចចរចា​ថ្មី​នៅ​ដំណាច់​ខែ​កក្កដា ឬ​ដើម​ខែ​សីហា។

គួរ​បញ្ជាក់​ថា បើតាម​របាយការណ៍​ចុង​ក្រោយ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្នុង​ទីក្រុង​ស្តុកខុល​ហៅកាត់ Sipri អាមេរិក និង​រុស្ស៊ី​រួម​គ្នា​មាន​អាវុធនុយក្លេអ៊ែរ​ក្នុង​ដៃ​ជាង ៩០% នៃ​អាវុធនុយក្លេអ៊ែរ​សរុប​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ