អានតួអត្ថបទ
អង់គ្លេស-កូវីដ

ជំងឺកូវីដ៖ បារាំង​អន់ចិត្ត​នឹង​អង់គ្លេសដែល​ចេញបញ្ជា​ឲ្យ​ចាប់ក្រុង រាល់អ្នកធ្វើដំណើរ​ពី បារាំង

ចាប់ពី​ព្រឹកថ្ងៃ​សៅរ៍ ស្អែកទៅ រាល់អ្នកដំណើរ​មកពី​ប្រទេស​បារាំង ចូល​ទៅ​ទឹកដី​អង់គ្លេស នឹង​ត្រូវ​ដាក់​បង្ឃាំង ឲ្យ​នៅ​ដាច់ឆ្ងាយពីគេ​ឯង​រយៈពេល​២សប្តាហ៍។ តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល អង់គ្លេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកដំណើរ​មក​ពី​ប្រទេស​ហូឡង់ ម៉ាល់ត៍ ម៉ូណាកូ ក៏ត្រូវ​ដាក់​ឲ្យ​ដាច់ដោយឡែក រយៈពេល ២សប្តាហ៍ដែរ បន្ទាប់​ពី​ស្ថានភាព​ឆ្លងរីករាលជំងឺ​កូវីដ​បាន​ធ្លាក់ចុះ អាក្រក់ នៅប្រទេស​ខាងលើ នៅ​ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អង់គ្លេស​បានធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស មិន​សប្បាយចិត្ត និង​បាន​សន្យា​ចាត់វិធានការ ដូចគ្នា ដើម្បី​សងសឹក​អង់គ្លេស។

មនុស្សម្នារ​ប្រញាប់​ទៅ​ចុះឈ្មោះ​ទិញសំបុត្រ​នៅ​ព្រលាន​យន្តហោះ​ក្រុង​ Nice នៅ​ថ្ងៃទី​១៤​សីហា ដើម្បី​ត្រលប់​ចូល​អង់គ្លេស​ឲ្យ​បានមុន​ម៉ោង ៣ភ្លឺ ថ្ងៃ​សៅរ៍ មុន​ដែល​ត្រូវ​ជាប់​ក្នុង​ការដាក់បង្ឃាំង ឲ្យនៅដាច់ដោយឡែក​ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​ការទប់ស្កាត់​ជំងឺកូវីដ​
មនុស្សម្នារ​ប្រញាប់​ទៅ​ចុះឈ្មោះ​ទិញសំបុត្រ​នៅ​ព្រលាន​យន្តហោះ​ក្រុង​ Nice នៅ​ថ្ងៃទី​១៤​សីហា ដើម្បី​ត្រលប់​ចូល​អង់គ្លេស​ឲ្យ​បានមុន​ម៉ោង ៣ភ្លឺ ថ្ងៃ​សៅរ៍ មុន​ដែល​ត្រូវ​ជាប់​ក្នុង​ការដាក់បង្ឃាំង ឲ្យនៅដាច់ដោយឡែក​ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​ការទប់ស្កាត់​ជំងឺកូវីដ​ AP - Daniel Cole
ផ្សាយពាណិជ្ជកម្ម

ដោយ​ចេញ​សេចក្តីប្រកាស​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​អង់គ្លេស​បាន​ទុកពេល ជាង​៣០ម៉ោង សម្រាប់​អ្នកដែល​ពាក់ព័ន្ធ អ្នកដែល​បាន​ចេញ​ពីអង់គ្លេស ទៅធ្វើដំណើរ​កំសាន្ត នៅក្នុង​ប្រទេស​បារាំង ហូឡង់ ឬ​ម៉ូណាកូ។

ទៅ តាម​វិធានការ ថ្មី​របស់​រដ្ឋាភិបាល អ្នកដំណើរ​ពី​បារាំង ហូឡង់ ម៉ូណាកូ និង​ម៉ាល់ត៍ ដែល​ធ្វើដំណើរ​ចូល​ទឹកដី​អង់គ្លេស ចាប់ពី​ម៉ោង ៣ភ្លឺ នៅថ្ងៃ​សៅរ៍ នឹង​ត្រូវ​ដាក់​ឲ្យ​នៅដាច់ដោយឡែក រយៈពេល​២សប្តាហ៍។ តាម​រដ្ឋមន្រ្តី​ក្រសួងគមនាគមន៍​អង់គ្លេស រដ្ឋាភិបាល​បាន​សម្រេចចិត្ត​យ៉ាងដូច្នេះ ដោយសារ​តែ​ពិនិត្យ​ឃើញថា ស្ថានភាព ឆ្លងជំងឺកូវីដ បាន​ធ្លាក់ចុះ​កាន់តែអាក្រក់ នៅ​បណ្តា​ប្រទេស​ខាងលើ។

នៅប្រទេស​បារាំង ទីភ្នាក់ងារ​សុខភាព បាន​ប្រកាស​ពីការកើនឡើង​នៃ​ករណី​ឆ្លង​កូវីដ ថ្មី ជាង ២៦០០​ករណី នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

វិធានការ​របស់រដ្ឋាភិបាល​អង់គ្លេស​នឹង​ប៉ះពាល់​ទៅដល់​ប្រជាជន​អង់គ្លេស និង​បារាំង រស់នៅ​អង់គ្លេស កន្លះលាននាក់ ដែល​បានធ្វើដំណើរ ចូល​ប្រទេស​បារាំង នៅ​ខែកក្កដា សម្រាប់​វិស្សមកាល​រដូវក្តៅ។ រដ្ឋលេខាធិការបារាំង​ទទួល​បន្ទុក កិច្ចការ​អឺរ៉ុប​បាន​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល អង់គ្លេស មុន​នឹង​សន្យា​ចាត់វិធានការ​ដូចគ្នានេះ​ដើម្បី​វាយបក​អង់គ្លេស។

នៅ​មុន​ប្រទេស​បារាំង ហូឡង់ និងម៉ូណាកូ អង់គ្លេស ទើប​បាន​សម្រេច​ចាត់វិធានការ​ដូចគ្នា នេះ កាលពី​ចុងខែ​កក្កដា សម្រាប់​អ្នកដែល ធ្វើដំណើរ​មកពី​ប្រទេស​អេស្ប៉ាញ ជាទី​ដែល​ករណីឆ្លង​ជំងឺកូវីដ​បាន​ចាប់កំរើកក្នុង​សន្ទុះមួយ​ដ៏លឿន។

សម្រាប់​រដ្ឋមន្រ្តី​ក្រសួងគមនាគមន៍​អង់គ្លេស រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ ករណី​ឆ្លង​ជំងឺ​កូវីដ ក្នុង​ប្រទេស។ ដូច្នេះ រដ្ឋាភិបាល​មិន​ចង់​ឲ្យ​អ្នកមកពីខាងក្រៅ នាំយក​ជំងឺកូវីដ មក​ធ្វើ​ឲ្យស្ថានភាព​ជំងឺកូវីដ កាន់តែ​ចុះអាក្រក់​នោះទេ។

អង់គ្លេស ប្រទេស​អឺរ៉ុប ដែល​រងប៉ះពាល់​ខ្លាំង ដោយសារ​កូវីដ មាន អ្នកស្លាប់ ជាង ៤ម៉ឺននាក់ និង​មនុស្សឆ្លង កូវីដ ជាង ៣សែននាក់ បាន​បិទ​ប្រទេស​រហូត​ដល់​ចុងខែ​មិថុនា។ ចាប់តាំង​ពី​ខែ​កក្កដា រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​វិធានការ បន្ធូរបន្ថយ ជាច្រើន ដូចជា ការអនុញ្ញាត​ឲ្យ​មនុស្ស​ត្រលប់ទៅ​ធ្វើការ និង​បើកសាលារៀន។ ប៉ុន្តែ ជាមួយ​នឹង​វិធានការ​បន្ធូរបន្ថយ រដ្ឋាភិបាល​បាន​ប្រកាស​ផងដែរ ប្រាក់ពិន័យ​ទ្វេដង សម្រាប់​អ្នកដែល​ល្មើស មិនព្រមពាក់ម៉ាស និង​រៀបចំ​កម្មវិធី​ជួបជុំ មនុស្ស​លើស​ពី​៣០​នាក់។ នៅអង់គ្លេស​ជាទី​ដែល​មានអ្នកឆ្លងថ្មី ប្រមាណ ១ពាន់​នាក់​ក្នុងមួយថ្ងៃ អ្នកដែល​មិនព្រមពាក់ម៉ាស នឹង​ត្រូវ​ផាក ឲ្យបង់ប្រាក់ពិន័យ ៣៥០០​អឺរ៉ូ ស្មើ​នឹង​២០ដង បើប្រៀបធៀប​នឹង​ប្រាក់ពិន័យ នៅប្រទេស​បារាំង ក្នុងរឿង ល្មើស​មិនព្រមពាក់ម៉ាស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ