អានតួអត្ថបទ
អឺរ៉ុប-បេឡារុស

សហភាពអឺរ៉ុបប្រកាស​មិនទទួលស្គាល់លទ្ធផលបោះឆ្នោត​ប្រធានាធិបតី នៅ​បេឡារុស

“យើង គាំទ្រ​បាតុករបេឡារុស” នេះ​ជាសម្រែក​ព្រមគ្នា​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប ក្នុង​ជំនួប​កំពូលពិសេស​ ស្តី​ពី​វិបត្តិនយោបាយ​បេឡារុស កាលពីល្ងាច​ថ្ងៃទី ១៩ សីហា ២០២០។ ក្នុងន័យ​នេះ សហភាពអឺរ៉ុប​បាន​ប្រកាស​មិន​ទទួលស្គាល់ លទ្ធផលនៃ​ការបោះឆ្នោត​ប្រធានាធិបតី ដែល​លោក អាឡិចសង់ លូកាឆិនកូ ​ឈ្នះ​បន្តកាន់​តំណែង​មួយ​អាណត្តិទៀត។ សហភាពអឺរ៉ុប​ក៏​បាន​ថ្កោល​ទោស​​សកម្មភាព​បង្ក្រាប​បាតុកម្ម​ដែលអូសបន្លាយ​តាំង​ពី​១១​ថ្ងៃ​មក។

ប្រធានក្រុមប្រឹក្សា​អឺរ៉ុប Charles Michel ក្នុង​ជំនួប​កំពូលវិសាមញ្ញ ថ្ងៃទី ១៩ សីហា ២០២០
ប្រធានក្រុមប្រឹក្សា​អឺរ៉ុប Charles Michel ក្នុង​ជំនួប​កំពូលវិសាមញ្ញ ថ្ងៃទី ១៩ សីហា ២០២០ Olivier Hoslet/Reuters
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​សហភាពអឺរ៉ុប​ទាំង​អស់ បាន​បង្ហាញ​ជំហរ​ និង​អាទិភាព​រួម នៅ​ក្នុង​ជំនួប​កំពូល​ពិសេស​កាលពី​ម្សិលមិញ គាំទ្រ​ប្រជាពលរដ្ឋ​បេឡារុស។ គណៈកម្មការ​អឺរ៉ុប​បាន​ថែម​ទាំងប្រកាស​បំរុងកញ្ចប់​ថវិកា​៥៣លានអឺរ៉ូ សម្រាប់​ជួយ​សង្គម​ស៊ីវិល ប្រព័ន្ធឃោសនា​ព័ត៌មាន​ឯករាជ្យ ព្រមទាំង​សេវាសុខាភិបាលមន្ទីរពេទ្យ​ ដែលរង​បន្ទុក​ខ្លាំង​នឹង​វិបត្តិកូវីដ១៩។ កញ្ចប់​​ថវិកា​នេះមិនមែនជាលុយ​សុទ្ធ​យកទៅហុច​ឱ្យ​​បេឡារុស​​ទេ តែ​ជាមូលនិធិ​ផ្តល់ឱ្យ​​រដ្ឋាភិបាល​។ ប៉ុន្តែ​សហភាព​អឺរ៉ុប​លែង​ទទួលស្គាល់​រដ្ឋាភិបាល​បេឡារុស​នេះ​ទៀត​ទេ។ នេះ​ជា​សេចក្តី ប្រកាស​ដោយ​ក្តែងៗរបស់លោក ឆាល មីឆែល ប្រធាន​ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយ​បន្ថែមថា ៖

“ត្រូវ​បញ្ឈប់​អំពើ​ហិង្សា​។ ត្រូវ​មានការចរចា​ជាតិ​ ។ អឺរ៉ុប​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែល​អាជ្ញាធរ​បេឡារុសបានរៀប​ចំឡើង​ទេ។ សហភាព​អឺរ៉ុប​ប្រឆាំងដាច់​ខាតនឹង​ការ​ជាប់​ឆ្នោត​ជា​ថ្មី របស់​លោក​ លូកាឆិនកូ ដែលកាន់​អំណាច​តាំងពី​២៦​ឆ្នាំ​នៅបេឡារុស”។

សហភាព​អឺរ៉ុប​ចង់​ឱ្យ​បេឡារុស មាន​អន្តរកាលនយោបាយ ប៉ុន្តែ​អឺរ៉ុប​មិន​បានអំពាវនាវឱ្យ​មាន​ការ​រៀប​ចំ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ​ទេ។ នៅ​ក្នុង​សារ​ទ្វីត ប្រមុខ​ដឹកនាំ​អឺរ៉ុប បាន​អះអាង​ថា ប្រជាពលរដ្ឋ​បេឡារុស​ជា​មាន​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​ខ្លួន។ ប៉ុន្តែក្រៅ​អំពី​ការបដិសេធ​លទ្ធផល​ឆ្នោត​និង​បរិហារ​ទង្វើ​បង្ក្រាប​បាតុកម្មរបស់​រដ្ឋាភិបាល​បេឡារុស សហភាពអឺរ៉ុប​បាន​សម្រេច​ព្រមព្រៀង​រៀប​ចំផែនការ​ដាក់ទណ្ឌកម្ម​​លើ​មេដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាលរបស់​លោក អាឡិចសង់ លូកាឆិនកូ មួយ​ចំនួន។ បើ​តាម​ប្រធានគណៈកម្មការ​ អឺរ៉ុប​មាន​គម្រោង​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំណា​ដែល​មានទំនួលខុស​ត្រូវ​ខាងបង្ក្រាប​បាតុករ និង​អ្នក​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការលួច​បន្លំ​សន្លឹក​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ