អានតួអត្ថបទ

នាយករដ្ឋមន្ត្រីលីបង់ ប្រកាស​លាចុះពីតំណែង​ ក្រោមសម្រែក​ទាមទារ​ពីប្រជាជន​

​យប់ថ្ងៃចន្ទ​ នាយករដ្ឋមន្ត្រី​លីបង់ ហាសសាន ឌីយ៉ាប​ បានប្រកាស​តាមកញ្ចក់​ទូរទស្សន៍ ​សុំ​លាឈប់​ពីតំណែង។ ការលាឈប់​នេះ ស្ថិតក្រោម​សម្ពាធ និង​សម្រែកទាមទារពីក្រុម​បាតុករលីបង់ ​ដែល​ខឹង​សម្បារ​នឹងរដ្ឋាភិបាល​ដែល​អសមត្ថភាព និងពុក​រលួយ​។ លោក ហាសសាន ឌីយ៉ាប​ ក៏​បា​នទទួល​ស្គាល់ដែរ​ ​ថាអំពើ​ពុករលួយ​​ពិត​ជាបាន​ចាក់ឫស​ស៊ីរូង​យ៉ាងជ្រៅ​នៅក្នុង​ស្ថាប័ន​រដ្ឋលីបង់​ ពិត​ប្រាដកមែន។​ លោកថែមទាំង​គូសបង្ហាញថា ដោយសារតែ​អំពើ​ពុក​រលួយ​នេះហើយ ដែល​នាំឱ្យ​កើតមាន​សោកនាដកម្ម​ផ្ទុះ​នៅកំពង់ផែ  ​សម្លាប់មនុស្សយ៉ាងហោចជិត១៦០នាក់ និងរបួសប្រមាណ៦ ពាន់នាក់។ 

នាយករដ្ឋមន្ត្រីលីបង់ ប្រកាស​លាចុះពីតំណែង​  នៅយប់ថ្ងៃទី​១០សីហា។
នាយករដ្ឋមន្ត្រីលីបង់ ប្រកាស​លាចុះពីតំណែង​ នៅយប់ថ្ងៃទី​១០សីហា។ DALATI AND NOHRA/AFP
ផ្សាយពាណិជ្ជកម្ម

មួយ​សប្តាហ៍​ក្រោយពី​ផ្ទុះ​សារធាតុគីមី​អាម៉ូនីញ៉ូមនីត្រាត​នៅ​កំពង់ផែ​បេរូត នាយករដ្ឋមន្ត្រីលីបង់​​ ត្រូវ​ធ្លាក់​ពីតំណែង ព្រោះ​តែរង​​សម្ពាធបាតុកម្មតាមដងផ្លូវ របស់ប្រជាពលរដ្ឋ។​ តាំងពីថ្ងៃ​សៅរ៍ រហូត​ដល់​ថ្ងៃ​ច័ន្ទ រដ្ឋមន្ត្រី​ជាច្រើនរូប​ បាន​បន្តកន្ទុយ​គ្នា ​សុំ​លាឈប់ពីតំណែង​ជាបន្តបន្ទាប់។ ផ្តើម​ឈប់​មុន​គេ គឺលោកស្រី​​​​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បន្ទាប់មក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន, រដ្ឋមន្ត្រី​​យុត្តិធម៌  ហើយ​និងនៅថ្ងៃចន្ទ គឺ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​។ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ បាន​សុំលាឈប់ តាំងពី​ប៉ុន្មាន​ថ្ងៃមុន​​សោកនាដកម្ម​នោះ​ម្ល៉េះ។​ ក្រោយពីរដ្ឋមន្ត្រីជាច្រើនរូប សុំចុះលាឈប់ ជាបន្តបន្ទាប់​  ក៏​មានអង្គទូតបានសុំ​លាពី​តំណែង និងអ្នកតំណាងរាស្ត្រយ៉ាងហោច ៨ នាក់ ប្រកាសសុំឈប់ពីតួនាទីដែរ។​

ទាំង​នេះ ​ជា​សម្ពាធ​ធ្ងន់​ថែមលើ​សម្រែក​តាម​ដងផ្លូវ ធ្វើ​​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ លោក ហាសសាន ឌីយ៉ាប ប្រកាស​សុំ​ចុះពីតំណែង​តែម្តង។ ការ​សុំ​លាឈប់​នេះ បានទទួល​យល់​ព្រម​ភ្លាមៗ ពីប្រធានាធិបតី មីសែល អ៊ូន។​

ក្នុង​សុន្ទរកថាលាចុះពីតំណែង នាយករដ្ឋមន្ត្រីលីបង់ បានលើកឡើង​ពី​អំពើពុករលួយ ដែល​ស៊ីរូងយ៉ាងជ្រៅក្នុងស្ថាប័នជាតិ​លីបង់។ នេះជាការ​ទទួល​ស្គាល់ ​ជាផ្លូវការ លើកទី១​ ដែលថា ​ការ​ចោទប្រកាន់​ពីសំណាក់​ប្រជាជន​​ថា​រដ្ឋាភិបាល​ពុក​រលួយ គឺ​ពិត​ជា​រលួយ​ពិតមែន។ ព្រោះតែ​ពលរដ្ឋ​ស្អប់​អំពើ​ពុករលួយ​និង​ខឹង​រដ្ឋាភិបាល ទើប​ធ្វើ​បាតុកម្ម​ជាច្រើន​ខែ​ ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី Saad Hariri ធ្លាក់​ពី​តំណែង​ កាលពី​ខែមករា​។ លោក ហាសសាន ឌីយ៉ាប ដែល​ចូល​កាន់តំណែង​ បាន​តែ​ជាង​៦ខែ ក៏ត្រូវ​ធ្លាក់​ពី​កៅអី​ថែមទៀត នៅពេលនេះ។​

ក្នុងសុន្ទរកថាលាឈប់ដដែល​ ​ នាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ដោយសារ​អំពើពុករលួយនេះហើយ ដែលបណ្តាល​ឱ្យមានហេតុការណ៍​ផ្ទុះនៅកំពង់ផែ ហើយ​លោកសង្ឃឹមថា ឧក្រិដ្ឋជន​ដែល​ត្រូវ​ទទួល​ខុសត្រូវ នឹងត្រូវ​ប្រព័ន្ធ​យុត្តិធម៌​កាត់ទោស។​

​ក្រោយ​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែបេរូត ថ្ងៃទី​៤សីហា​ គឺបណ្តាលឱ្យ​​មនុស្ស​៣សែន​នាក់ គ្មាន​ជម្រកស្នាក់នៅ​​ ហើយ​មនុស្ស​ជាង​២០នាក់ទៀត​ កំពុងតែ​បន្ត​បាត់ខ្លួន គ្មាន​សង្ឃឹមថាមាន​ជីវិត​​រស់នោះទេ។ ​ក្រុមគ្រួសារ​ពួក​គេ​ បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ ថា​យឺតយ៉ាវខ្លាំង​ក្នុងការ​រុករក​ជន​រងគ្រោះ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ