អានតួអត្ថបទ
បារាំង-បេឡារុស

លោក ម៉ាក្រុង ថា ប្រធានាធិបតី​បេឡារុស ត្រូវ​តែ ចាកចេញ​ ពី​តំណែង

លោកប្រធានាធិបតី​បេឡារុស លូកាឆេនកូ ត្រូវ​តែ​ ចុះ​ចេញ​ពី​តំណែង។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង នៅក្នុង​បទ​សម្ភាសន៍​ទៅ​កាន់​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​អាទិត្យ និង​មួយ​ថ្ងៃ​មុន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​លីទុយអានី និង​លេតូនី។ ប្រទេស​អតីត​សហភាព​សូវៀត​​ពីរ​ដែល​ត្រូវ​ការ​ជំនួយ​ពី​បារាំង​សម្រាប់​ប្រឈម​នឹង​វិបត្តិនយោបាយ​នៅ​បេឡារុស​ផង ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​របស់​រុស្ស៊ី​ផង។

ប្រធានាធិបតី​បារាំង​ថា លោក លូកាឆិនកូ ត្រូវ​តែ​ចុះ​ពី​តំណែង​ប្រធានាធិបតី​បេឡារុស
ប្រធានាធិបតី​បារាំង​ថា លោក លូកាឆិនកូ ត្រូវ​តែ​ចុះ​ពី​តំណែង​ប្រធានាធិបតី​បេឡារុស POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

“អ្វី​ដែល​កើត​ឡើង​នៅ​​បេឡារុស ជា​វិបត្តិ​អំណាច ! ជា​អំណាចផ្តាច់ការ​ដែល​តោង​ជាប់​ដោយ​ប្រើ​កម្លាំង និង​ដែល​មិន​ព្រម​ទទួល​យកលទ្ធផល​ប្រជាធិបតេយ្យ។ វា​ច្បាស់​ណាស់​ដែល​ថា​លោក លូកាឆិនកូ ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង” នេះ​ជាប្រសាសន៍​របស់​លោកប្រធានាធិបតី​បារាំង ដោយ​បញ្ជាក់ទៀត​ថា​ លោក​សូម​កោត​សរសើរ​សេចក្តី​ក្លាហាន​របស់​បាតុករ​បេឡារុស ជា​ពិសេស​ស្ត្រី ដែល​បើ​ទោះ​បី​ជា​ដឹង​ថា​មាន​ហានិភ័យ​ខ្ពស់​ហើយ នៅ​តែ​ហ៊ាន​ជំនះបន្ត​សកម្មភាពជា​រៀង​រាល់​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​​ស្វែង​​លទ្ធិប្រជាធិបតេយ្យឱ្យ​​បេឡារុស​ទៀត។ ជាក់ស្តែង នៅថ្ងៃ​សៅរ៍​ទី ២៦​កញ្ញា​ម្សិលមិញ ក្នុង​ពេល​ប្រមូល​ផ្តុំ​ មាន​បាតុករ​ជាង​៩០​នាក់​ភាគច្រើន​ជា​ស្រី ត្រូវ​បាន​អាជ្ញាធរ​បេឡារុស​ចាប់​ខ្លួន​។ នេះ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

បារាំង​បាន​ទាមទារ​ឱ្យ​បេឡារុស​ធ្វើ​អន្តរកាល​នយោបាយ​ដោយ​សន្តិវិធី ដោយ​បញ្ឈប់​សកម្មភាព​បង្ក្រាប​បាតុករ ហើយ​ផ្តើម ចរចា​ស្រប​តាមឆន្ទៈ​ពលរដ្ឋ ដើម្បី​​បញ្ចៀស​ការ​ប្រើ​កម្លាំងនិង​អន្តរាគមន៍មកពី​ខាង​រុស្ស៊ី។ ​​លោក​ប្រធានាធិបតី​បារាំងបានអះអាង​ថា​បាន​ជជែក​​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី កាលពី​ពីរ​សប្តាហ៍​មុន ដោយសុំ​ឱ្យ​លោក ពូទីន ជួយ​ជំរុញ​លោក លូកាឆិនកូ ឱ្យ​ព្រមទទួល​លទ្ធផលឆ្នោត​និង​ដោះលែង​អ្នក​ទោស​នយោបាយ ប៉ុន្តែ​ដូច​ជា​គ្មាន​ឃើញ​បាន​ផល​អ្វី​សោះ​។ បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ម៉ាក្រុង។

ការបញ្ជាក់​ជំហរ​របស់​លោកប្រធានាធិបតី​បារាំងបែប​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ មុន​ចេញ​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេសជិត​ខាង​បេឡារុស គឺ​លីទុយអានី និង​លីតូនី។ វិបត្តិ​បេឡារុស នឹងត្រូវ​ក្លាយ​ជា​ប្រធានបទ​ដ៏​ដំបង​នៃជំនួប​ពិភាក្សា​រវាង​ប្រមុខរដ្ឋ​បារាំង​និង​សមភាគី​​លីទុយអានី​និង​ប្រមុខ​រដ្ឋាភិបាល​​លីតូនី។ ដូច​សហភាព​អឺរ៉ុប​ ក្រុមប្រទេស​ពីរ​នេះមិន​ទទួល​ស្គាល់​លទ្ធផលបោះឆ្នោត​នៅ​បេឡារុស​ទេ។​ លីទុយអានី​ថែម​ទាំង​បាន​ផ្តល់​ជម្រកដល់​ប្រមុខ​បក្ស​ប្រឆាំង​បេឡារុស​ លោកស្រី Svetlana Tikhanovskaïa ​ផង។ សម្រាប់​​អ្នក​វិភាគនយោបាយ​​លីតូនី​ ទស្សនកិច្ច​របស់​លោកម៉ាក្រុង​ ជា​ការ​ពង្រឹង​ជំហរ​​អឺរ៉ុប​នៅ​ចំពោះ​មុខ​វិបត្តិ​បេឡារុស​ផង និង​អាច​ដើរតួជា​អន្តរការី​ឱ្យ​លោក​លូកាឆេនកូ និង​បក្សប្រឆាំង​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ