អានតួអត្ថបទ

មនុស្ស​៨នាក់ បាត់ខ្លួន នៅក្នុង​ព្យុះទឹកភ្លៀងជន់លិច​ តំបន់ភាគអាគ្នេយ៍​​បារាំង

នៅប្រទេស​បារាំង មនុស្ស​៨នាក់​បាត់ខ្លួន និង​ផ្ទះ ជាង ១ពាន់ខ្នង ត្រូវគ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដោយសារ​ខ្យល់ព្យុះ Alex ដែល​បាន​បោកបាក់​ដ៏ខ្លាំងក្លា កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ។ ព្យុះAlex ដែល​បក់ចេញ​ពី​ភាគខាងត្បូង បារាំង បាន​ទៅ​សម្លាប់​មនុស្ស ២នាក់ នៅ​ប្រទេស​អ៊ីតាលី។

ខ្យល់ព្យុះ Alex វាយបក់​បោក​ទីក្រុង​ Nice ភាគខាងត្បូង​បារាំង នៅថ្ងៃទី ២​តុលា ២០២០
ខ្យល់ព្យុះ Alex វាយបក់​បោក​ទីក្រុង​ Nice ភាគខាងត្បូង​បារាំង នៅថ្ងៃទី ២​តុលា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ខ្យល់ព្យុះ Alex ក្នុង​ល្បឿន ១៨០គីឡូម៉ែត្រ ក្នុង​១ម៉ោង បាន​បោកបក់ ភាគខាងជើង ប្រទេស​បារាំង និង​មួយផ្នែក​ខាងត្បូង​នៃ​ទឹកដី​អង់គ្លេស មុន​នឹង​បក់វិល​ខ្ញាល់ សំដៅ សមុទ្រ​មេឌីទែរ៉ាណេ ភាគខាងត្បូង ឈៀង​ខាងកើត​ប្រទេស​បារាំង។ តំបន់​ភាគខាងអាគ្នេយ៍ ដែលរួម​មានទីក្រុង​នីស កាន និង​តំបន់ជ្រលងភ្នំ Alpes​ត្រូវចាត់ចូល​ក្នុង​តំបន់ប្រកាស​អាសន្ន ​ក្រហម កាលពីថ្ងៃ​សុក្រ។

ទីភ្នាក់ងារ​ឧតុនិយម​បារាំង វាយតម្លៃថា ទឹកភ្លៀង​ធ្លាក់ជោគជាំ ក្នុង​រយៈពេល​តែ​១២​ម៉ោង កាលពីថ្ងៃ​សុក្រ​ម្សិលមិញ មាន​ចំនួន​ស្មើនឹង​ទឹកភ្លៀង ធ្លាក់​ក្នុង​រយៈពេល​១ឆ្នាំ។

ទឹកភ្លៀងធ្លាក់ខ្លាំង ហើយ​និង​ទឹកជំនន់ ទឹកស្ទឹង បាន​ហូរផ្តាច់ផ្លូវ និង​បាក់ស្ពាន ដែល​ធ្វើ​ឲ្យ​ភូមិជាច្រើន នៅតំបន់​ជួរភ្នំ Alpes ត្រូវ​កាត់ផ្តាច់ ពិភពខាងក្រៅ និង​គ្មានអគ្គិសនី ប្រើប្រាស់។ នៅតាម​កន្លែងខ្លះ ទឹកភ្លៀងធ្លាក់ខ្លាំង​ធ្វើ​ឲ្យ​កំពស់ទឹកស្ទឹង​កើនឡើង បន្ថែម ដល់​ទៅ ៧ម៉ែត្រ ដែលជាហេតុ​ជន់លិច ពន្លិច ពាំនាំ​អស់​ផ្ទះជាច្រើនខ្នង។

នៅព្រឹកថ្ងៃ​សៅរ៍ ឧទ្ធម្ភាគចក្រ របស់​ក្រុមជួយសង្រ្គោះបន្ទាន់ បាន​ព្យាយាម​ហោះក្រវែល​ពីលើ​តំបន់​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ Alex ដើម្បី ស្វែងរក​មនុស្ស​បាត់ខ្លួន ៨នាក់ ដែលនៅក្នុង​នោះ ២នាក់ ជា​បុគ្គលិក​របស់​ក្រុមជួយសង្រ្គោះ។ នាយករដ្ឋមន្រ្តី​បារាំង លោក​Jean Castex បាន​ប្រកាស​នៅថ្ងៃ​នេះថា នឹង​ធ្វើដំណើរ​ទៅកាន់​តំបន់​រងគ្រោះ​មហន្តរាយ បើសិន​អាកាសធាតុ អំណោយផល។ ចំណែក​ប្រធានាធិបតី​បារាំង បាន​សរសេរ​សារ Twitter កោតសរសើរ​ការងារ​ស្វាហាប់ និង​សេចក្តីក្លាហាន​របស់​អាជ្ញាធរ និង​ក្រុមជួយសង្រ្គោះបារាំង។

ខ្យល់ព្យុះ ទឹកជំនន់​ទឹកភ្លៀង ជា​គ្រោះធម្មជាតិ​ដែល​តំបន់​ភាគខាងត្បូង​បារាំង​ឧស្សាហ៍​ជួបប្រទះ​នៅអំឡុង​ខែ តុលា និង​វិច្ឆិកា​ចុងឆ្នាំ។ នៅ​ឆ្នាំ ២០១៩ ខ្យល់ព្យុះទឹកភ្លៀង ក្នុង​រយៈពេល ២សប្តាហ៍ បាន​សម្លាប់​មនុស្ស ១៤នាក់ នៅភាគអាគ្នេយ៍​បារាំង។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​បារាំង ភ្ញាក់ផ្អើល​លើកនេះ គឺ​ចំនួនទឹកភ្លៀង​ដ៏ជោគជាំ ហើយ​និង​កម្លាំង ខ្យល់ព្យុះ ដែល​បោកបក់​ក្នុង​ល្បឿន តិចបំផុត ១២០គីឡូម៉ែត្រ ក្នុង​មួយម៉ោង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ