អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ព្រមានពីការលាយទឹកកកក្នុងល្បឿនដ៏លឿន នៅតំបន់ប៉ូលអាកទិក
កប៉ាល់បំបែកទឹកកករបស់អាល្លឺម៉ង់ ដែលបានដឹកក្រុមអ្នកវិទ្យាសាស្រ្តទៅសិក្សាជាង១ឆ្នាំ នៅតំបន់ប៉ូលខាងជើង អាកទិក បានវិលត្រលប់ចូលកំពង់ផែវិញហើយ នៅថ្ងៃចន្ទទី ១២តុលា ឆ្នាំ ២០២០។ នៅក្រោយ ដំណើរសិក្សា រយៈពេលដ៏វែង និងលម្អិត មិនដែលធ្លាប់ មាន នៅតំបន់អាកទិក អ្នកវិទ្យាសាស្រ្តបានទាញសញ្ញាអាសន្នមួយ នោះ គឺការរលាយផ្ទាំងទឹកកក ក្នុងល្បឿនដ៏លឿន នៅតំបន់ប៉ូលខាងជើងអាកទិក ដែលអាចជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ ហេតុអ្វីបានជាគេត្រូវព្រួយបារម្ភពីការលាយផ្ទាំងទឹកកកនៅតំបន់អាកទិក?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៧:៥៥
បេសកកម្ម ឈ្មោះ ថា Mosaic ដែលមានការចូលរួមពីអ្នកវិទ្យាសាស្រ្ត ដល់ទៅជាង ៦០០នាក់ មកពីប្រទេសចំនួន ២០ គឺជាបេសកកម្មដែលធ្វើឡើង ក្នុងទ្រង់ទ្រាយធំ មិនធ្លាប់ មាននៅតំបន់ប៉ូលអាកទិក។ លើកនេះ កប៉ាល់បំបែកទឹកកក Polarstern ដែលមានសមត្ថភាព ធន់នឹងអាកាសធាតុ ត្រជាក់ បើប្រៀបធៀបនឹងកប៉ាល់ដទៃ បានដឹកអ្នកវិទ្យាសាស្រ្ត អន្តរជាតិ និងអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ នៃ វិទ្យាស្ថានអាល្លឺម៉ង់ Alfred Wegener ទៅសិក្សានៅតំបន់ប៉ូលអាកទិក។ អ្នកវិទ្យាសាស្រ្តអន្តរជាតិ ប្រមាណ ៦០០នាក់ (បណ្តាក់វេនគ្នា) បានចំណាយពេលវេលាយូរ ដល់ទៅ ១ឆ្នាំ ដើម្បីសិក្សា មើលឲ្យឃើញផ្ទាល់ភ្នែក ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើតំបន់ប៉ូលអាកទិក។ ក្នុងរយៈពេលមួយឆ្នាំ អ្នកវិទ្យាសាស្រ្តអាចសិក្សាដឹងបានលម្អិតពីខ្យល់បរិយាកាស ពីទឹកសមុទ្រ ផ្ទាំងទឹកក និងប្រព័ន្ធ ជីវចម្រុះនៅតំបន់ ប៉ូលអាកទិក។
តាមវិទ្យាស្ថានអាល្លឺម៉ង់ Alfred Wegener នៅក្រោយបេសកកម្ម ដែលមានតម្លៃ ១៥៨លានដុល្លារ គេនឹងអាចវិភាគ បូកសរុប លទ្ធផលនៃការសិក្សា ស្រាវជ្រាវនៅតំបន់ប៉ូលអាកទិក នៅក្នុងរយៈពេល ១ ឆ្នាំ ទៅ២ឆ្នាំ ខាងមុខ។ លទ្ធផលយ៉ាងណានៃការសិក្សា នៅក្រោយ បេសកកម្មលើកនេះ នឹងជួយឲ្យគេ អាច ដឹងពីអាកាសធាតុ និងដឹងថា តើ រលកក្តៅ ទឹកភ្លៀងជោគជាំ ឬ ខ្យល់ព្យុះ នឹងកើតឡើងក្នុងទ្រង់ទ្រាយ យ៉ាងម៉េច ក្នុងរយៈពេល ២០ ឬ៥០ឆ្នាំទៅមុខទៀតនោះ។
ហេតុអ្វីសិក្សាពីការប្រែប្រួលអាកាសធាតុ នៅតំបន់ប៉ូលខាងជើង អាកទិក?
វាមិនមែនចៃដន្យទេ ដែលអ្នកវិទ្យាស្រ្តជ្រើសរើសតំបន់ប៉ូលអាកទិក សម្រាប់បេសកកម្មទៅស្រាវជ្រាវពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៅលើផែនដី។ តំបន់អាកទិក ជាចំណុចគន្លឹះសំខាន់ នៃការប្រែប្រួលអាកាសធាតុ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតកំដៅ នៅតំបន់ប៉ូល អាកទិក បានកើនខ្លាំង ដល់ទៅ ២ដង បើប្រៀបធៀបនឹងសីតុណ្ហភាពជាមធ្យម នៅលើផែនដី។ នៅតំបន់អាកទិក ក្រៅតែពីបញ្ហារលាយទឹកកក គឺមានបញ្ហាភ្លើងឆេះព្រៃ ដែលគេពិបាកនឹងគ្រប់គ្រង ពន្លត់ទាន់ពេលវេលា។ នៅរដូវក្តៅឆ្នាំនេះ គេរាប់ឃើញមានភ្លើងឆេះព្រៃ ជាង ៦០០កន្លែង ដែលបានឆេះបំផ្លាញ ដី ព្រៃ ជាង ១លានហិចតា នៅអាឡាស្កា ទឹកដីរបស់អាមេរិក។ នៅតំបន់ស៊ីបេរី របស់រុស្ស៊ី ភ្លើងឆេះព្រៃ លេបត្របាក់ព្រៃ ជាង ៥លានហិចតា។ ភ្លើងឆេះព្រៃ នៅក្នុងតំបន់អាកទិក និងសីតុណ្ហភាព ក្តៅខ្លាំង នៅ តំបន់ស៊ីបេរី រហូតដល់ទៅជិត ៤០អង្សាដែលមិនធ្លាប់មាន តែសោះ គឺ មានកាន់តែញយឡើងៗ។
នៅពេលសីតុណ្ហភាពកាន់តែក្តៅខ្លាំង ហើយទឹកសមុទ្រក៏ឡើងកំដៅដែរយ៉ាងដូច្នេះ ផ្ទាំងទឹកកនៅតំបន់អាកទិក បានថយចុះ ទំហំបរិមាណរបស់វា ដល់ទៅ ៧៥% នៅក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះ។ រដូវក្តៅនៅឆ្នាំនេះ បានធ្វើដុំទឹកកក ទំហំ ប្រមាណ ១១៣គីឡូម៉ែត្រការ៉េ រលាយ ប្រេះ ផ្តាច់ខ្លួន ចេញពីដុំទឹកកកដ៏ធំ នៅGroenland ក្នុងដែនទឹករបស់ប្រទេសដាណឺម៉ាក។ អ្នកវិទ្យាសាស្រ្តបានវាយតម្លៃថា មានដុំទឹកកកប្រមាណ ៤៤០ពាន់លានតោន បានរលាយ ចូលទៅក្នុង ទឹកសមុទ្រ ឬហើរទៅក្នុងបរិយាកាស។ ៤៤០ពាន់លានតោននេះ គឺគ្រប់គ្រាន់សម្រាប់អាចជន់លិចប្រទេសក្រិកទាំងមូលមួយបាន។
អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់៖ គេមិនឃើញផ្ទាំងទឹកកក ប៉ុន្តែ គេឃើញតែផ្ទៃទឹកសមុទ្រល្ហល្ហេវ នៅអាកទិក នៅរដូវក្តៅ
ការសិក្សារបស់អ្នកវិទ្យាសាស្រ្តកន្លងមក បានទាញសញ្ញាអាសន្នរួចហើយពីបញ្ហារលាយទឹកកក នៅតំបន់ប៉ូលអាកទិក។ ប៉ុន្តែ ខុសពីការសិក្សាកន្លងមក ដែលលើកឡើងពីស្ថានភាពទូទៅនៃ ការរលាយផ្ទាំងទឹកក នៅអាកទិក អ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាង ៦០០នាក់ ដូចបាននិយាយខាងដើម គឺ បានសិក្សាលម្អិត មិនថា អាកាសធាតុ ប្រព័ន្ធជីវចម្រុះ ទឹកសមុទ្រ នៅតំបន់ប៉ូល ហើយនិង ផ្ទាំងទឹកកក។ មួយវិញទៀត បេសកកម្ម របស់វិទ្យាសា្ថនអាល្លឺម៉ង់លើកនេះ ផ្តោតសំខាន់លើផលប៉ះពាល់ នៃការឡើងកំដៅ ខ្លាំងនៅរដូវក្តៅ ទៅលើតំបន់ទឹកកកអាកទិក។
តាំងពីមិនទាន់ចូលចតដល់កំពង់ផែអាល្លឺម៉ង់ ម្ល៉េះ លោក Markus Rex អ្នកជំនាញអាកាសធាតុជាតិអាល្លឺម៉ង់ និងជាប្រធានក្រុមដឹកនាំអ្នកវិទ្យាសាស្រ្តរបស់កប៉ាល់ Polarstern បានរៀបរាប់តាមទូរស័ព្ទ ប្រាប់ពីដំណឹងអាក្រក់រួចទៅហើយថា នៅរដូវក្តៅ ពួកគេ មិនបានឃើញ ផ្ទាំងទឹកកក កកជាប់រឹងនៅសមុទ្រ អាកទិកទៀតទេ ប៉ុន្តែ ផ្ទុយទៅវិញ គេឃើញផ្ទាល់ភ្នែក មានតែទឹកសមុទ្រល្ហល្ហេវ ដាច់កន្ទុយភ្នែក នៅតំបន់អាកទិក។ នៅរដូវក្តៅផ្ទាំងទឹកកកបានរលាយ ក្នុងល្បឿនដ៏លឿន ដុំទឹកកក ចាប់ផុយស្រួយ រលាយ ដោយសារតែ កំដៅព្រះអាទិត្យ។
ការឃើញផ្ទាល់នឹងភ្នែករបស់ក្រុមវិទ្យាសាស្រ្ត របស់វិទ្យាសា្ថនអាល្លឺម៉ង់ រឹតតែបញ្ជាក់ កាន់តែច្បាស់ ការអះអាងរបស់អ្នកជំនាញអាកាសធាតុអាមេរិកាំង។ កាលពីខែ កញ្ញាកន្លងទៅ រូបភាពផ្កាយរណបរបស់អាមេរិក បង្ហាញ រូបភាពរួញតូចនៃផ្ទាំងទឹកកក នៅតំបន់ប៉ូលអាកទិក ដល់ទំហំមួយដ៏តូច មិនធ្លាប់ មាន ចាប់តាំងពីឆ្នាំ ២០១២។
តំបន់អាកទិក ដែលមានទំហំប្រមាណ ២១លានគីឡូម៉ែត្រការ៉េគ្របដណ្តប់ទៅលើសមុទ្រ អាកទិក ហើយនិងតំបន់ដីគោក ភាគខាងជើង របស់អាមេរិក កាណាដា ហើយនិងរុស្ស៊ី។ នៅពេលទឹកកកនៅតំបន់ប៉ូលចាប់រលាយ រួមតូច នៅរដូវក្តៅ វានឹងអាចចាប់កកវិញ ពង្រីកដែនទឹកកវិញ នៅរដូវរងា នៅពេលអាកាសធាតុអាចចុះដល់ ដក ៥០អង្សា ក្រោមសូន្យ។ ប៉ុន្តែ បញ្ហានៅត្រង់ថា ដោយសារតែការប្រែប្រួលអាកាសធាតុ សីតុណ្ហភាពកាន់តែឡើងក្តៅជាងមុន ទឹកកកក៏ឆាប់រលាយ ប៉ុន្តែ នៅពេលត្រូវកកវិញ គឺមិនឆាប់ កក ច្រើនដូចមុន ដោយសារថា ទឹកសមុទ្រក៏ចាប់ក្តៅជាងមុន ចំណែក សីតុណ្ហភាព ក៏មិនចុះត្រជាក់ខ្លាំងដូចមុនដែរ។
សម្រាប់ប្រធានក្រុមដឹកនាំអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ បើសិន គេមិនចាត់វិធានការ ដើម្បី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុទេ នោះ នៅប៉ុន្មានទសវត្សរ៍ ខាងមុខ គេនឹងលែង ឃើញមានផ្ទាំងទឹកកកទាល់តែសោះ នៅតំបន់ប៉ូលទឹកកកអាកទិក នាពេលរដូវក្តៅ។ នៅពេលផ្ទាំងទឹកកកនៅក្នុងសមុទ្រអាកទិក រលាយ មិនអាច ទៅធ្វើកំពស់ទឹកសមុទ្រកើនឡើង ប៉ុន្តែ ដីកក Permafrost នៅអាកទិក នឹងរលាយ ហើយអាចបញ្ចេញ មេរោគ បាក់តេរី អាយុរាប់លានឆ្នាំ ដែលនៅកប់ជាប់ក្រោមដីកកក និងដែលអាចគំរាមកំហែងអាយុជីវិតរបស់លើមនុស្សលើផែនដី។
មួយវិញទៀត បើសិនអាកាសធាតុនៅតែក្តៅ និងកាន់តែសន្ធឹក នោះ ដុំទឹកកកធំៗ ទំហំ ប៉ុន ទីក្រុងម៉ាន់ហាតាន់របស់អាមេរិកជាដើម នឹងអាចរលាយចូលទៅក្នុងទឹក ដែលនឹងធ្វើកំពស់ទឹកសមុទ្រកើនឡើង ទៅថ្ងៃមុខ។ កន្លងមក អ្នកវិទ្យាសាស្រ្តវាយតម្លៃ រវាងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៨ កំពស់ទឹកសមុទ្របានកើនឡើង ជាង ១សង់ទីម៉ែត្រ ដែលបានគំរាមជន់លិច ទីក្រុង នៅតាមឆ្នេររបស់ប្រទេសកោះជាច្រើន។ ប៉ុន្តែ បើសិន ដុំទឹកកកនៅ Groenland នៅតែបន្តរលាយ ដូចសព្វថ្ងៃនោះ កំពស់ទឹកសមុទ្រ នឹងអាចកើនឡើងពិ ១០ ទៅ ១២សង់ទីម៉ែត្រ ពីពេលនេះ ដល់ឆ្នាំ ២១០០។ ជាលទ្ធផល ទីក្រុង តាមឆ្នេរសមុទ្រ ដែលសំបូរមនុស្សរស់នៅ និងជាកន្លែងធ្វើពាណិជ្ជកម្មសំខាន់ក្នុងលោក ដែលត្រូវរងគ្រោះ ជន់លិចលង់មុនគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ