អានតួអត្ថបទ
អឺរ៉ុប-អង់គ្លេស-Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសបាន​ពន្យារពេលចរចាដើម្បី​ស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម

សហភាពអឺរ៉ុប និង​ប្រទេស​អង់គ្លេស​កំពុង​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ក្រោយ Brexit។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ពន្យារ​ពេល​ចរចា​ចំនួន ២ថ្ងៃ​បន្ថែម​ទៀត​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អាទិត្យ ទី៦ ធ្នូ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​ក្នុង​យប់​ថ្ងៃ​សៅរ៍ ទី៥ ធ្នូ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​កត់សម្គាល់​ឃើញ​ពី​សំណុំរឿង​ចម្រូងចម្រាស​មួយ​ចំនួន។

លោក Michel Barnier អ្នក​ចរចា​អឺរ៉ុប​ក្នុង​រឿង Brexit ជាមួយ​ប្រទេស​អង់គ្លេស។
លោក Michel Barnier អ្នក​ចរចា​អឺរ៉ុប​ក្នុង​រឿង Brexit ជាមួយ​ប្រទេស​អង់គ្លេស។ AP - Alberto Pezzali
ផ្សាយពាណិជ្ជកម្ម

លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន និង​លោក​បូរីស ចនស៊ុន​បាន​កត់សម្គាល់​ឃើញ​មាន​សំណុំរឿង​ចម្រូងចម្រាសសំខាន់​ចំនួន ៣ គឺ​ទាក់ទង​នឹង​នេសាទ ការ​ប្រកួតប្រជែង និង​ច្បាប់​មួយ​ចំនួន។ « ភាគី​ទាំង​ពីរ​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​មួយ​នឹង​មិន​អាច​ទៅ​រួច បើ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ » នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី វ៉ុនឌែរ ឡេយែន។ នៅ​ទីបំផុត អ្នក​ចរចា​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ពន្យារ​ពេល​ចរចា​គ្នា​ចំនួន ២ថ្ងៃ​បន្ថែម​ទៀត គឺ​ថ្ងៃ​អាទិត្យ ទី៦ ធ្នូ និង​ថ្ងៃ​ចន្ទ ទី៧ ធ្នូ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ចំណែក​លោកស្រី​វ៉ុនឌែរ ឡេយែន និង​លោក​ចនសុន​គ្រោង​ជួប​គ្នា​តាម​ទូរសព្ទ​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ចន្ទ ទី៧ ធ្នូ។

គួរ​រម្លឹក​ថា តាំង​ពី​អង់គ្លេស​បាន​ចាកចេញ​ពី​សហភាពអឺរ៉ុប​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី៣១ មករា​ឆ្នាំ ២០២០ អង់គ្លេស​កំពុង​បន្ត​អនុវត្ត​ច្បាប់​ពាណិជ្ជកម្ម និង​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​រហូត​ដល់​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០ នេះ។ បើ​ពី​ពេល​នេះ​ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ ២០២០ អង់គ្លេស និង​សហភាព​អឺរ៉ុប​មិន​អាច​រក​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​គ្នា​ទេ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាប់​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ