អានតួអត្ថបទ
AIE-អគ្គិសនី

ទីភ្នាក់ងារថាមពលអន្តរជាតិព្យាករណ៍ពីកំណើនតម្រូវការអគ្គិសនីតិចតួចនៅឆ្នាំ ២០២១

នៅ​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ទីផ្សារ​អគ្គិសនី​ក្នុង​លោក។ របាយការណ៍​បាន​បញ្ជាក់​ពី​តម្រូវការ​អគ្គិសនី​ធ្លាក់​ចុះ​យ៉ាង​គំហុក​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ឆ្នាំ ២០២០ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩។ តែ​នៅ​ឆ្នាំ ២០២១ ខាង​មុខ តម្រូវការ​អគ្គិសនី​ក៏​នឹង​មិន​កើន​ឡើង​ខ្លាំង​ដែរ។

លោក Fatih Birol នាយកប្រតិបត្តិ​នៃ​ទីភ្នាក់ងារថាមពលអន្តរជាតិ
លោក Fatih Birol នាយកប្រតិបត្តិ​នៃ​ទីភ្នាក់ងារថាមពលអន្តរជាតិ AFP - ERIC PIERMONT
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​តម្រូវការ​អគ្គិសនី​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០ ធ្លាក់​ចុះ​ចំនួន ២% នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIE។ តែ​ជា​ការ​ធ្លាក់​ចុះ​មួយ​ដែល​មាន​អត្រា​ទាប​ជាង​ការ​ព្យាករណ៍​កាល​ពី​និទាឃរដូវ​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ និង​បើ​យោង​តាម​របាយការណ៍​របស់ AIE ដដែល ការ​ធ្លាក់​ចុះ​តម្រូវការ​អគ្កិសនី​ដល់​ទៅ ២% ក្នុង​ឆ្នាំ ២០២០ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​ធ្លាប់​ឃើញ​តាំង​ពី​ពាក់កណ្តាល​សតវត្សទី២០។

ជា​ការ​ប្រៀបធៀប តម្រូវការ​អគ្គិសនី​បាន​ធ្លាក់​ចុះ​ប្រមាណ​តែ ០,៦% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០០៩ ដែល​ពិភពលោក​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចិន​នៅ​ជា​ប្រទេស​ដែល​បន្ត​ត្រូវ​ការ​អគ្គិសនី​ក្នុង​ឆ្នាំ ២០២០ ជា​មួយ​នឹង​កំណើន ២%។ តែ​អត្រា​នេះ​ទាប​ខ្លាំង បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។ សម្រាប់​ឆ្នាំ ២០២១ និង​ជាមួយ​នឹង​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកល ពិសេស​សន្ទុះ​កំណើ់ន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន និង​ឥណ្ឌា របាយការណ៍​របស់ AIE បាន​ព្យាករណ៍​ពី​កំណើន​តម្រូវការ​អគ្គិសនី​ក្នុង​លោក​ប្រមាណ​ជា ៣%។

តែ​អត្រា​កំណើន ៣% នេះ​នៅ​មាន​កម្រិត​តិចតួច បើ​ធៀប​នៅ​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ក្នុង​ឆ្នាំ ២០១០ ដែល​តម្រូវការ​អគ្គិសនី​បាន​ហាក់​ឡើង​ដល់​ទៅ ៧,២%។ ក្រៅ​ពី​ចាប់​អារម្មណ៍​លើ​ស្ថានភាព​ទីផ្សារ​អគ្គិសនី​ក្នុង​លោក របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក៏​បាន​ចាប់​អារម្មណ៍​ពី​ប្រភព​អគ្គិសនី​ដែរ។ សម្រាប់​ឆ្នាំ ២០២១ AIE បាន​ព្យាករណ៍​ពី​កំណើន​ថាមពល​កកើត​ឡើង​វិញ​ទន្ទឹម​គ្នា​នឹង​កំណើន​នៃ​ការ​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​អគ្គិសនី។

AIE បាន​កត់សម្គាល់​ឃើញ​ថា ថាមពល​កកើត​ឡើង​វិញ និង​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​អគ្គិសនី​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង និង​ប្រទេស​កំពុង​អភិវឌ្ឍ​ទេ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​តម្រូវការ​ធ្យូងថ្ម និង​ឧស្ម័ន​ហ្កាស់​ដើម្បី​ផលិត​អគ្គិសនី។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន AIE  ប្រមើល​មើល​ពី​កំណើន​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​បរិយាកាស​ប្រមាណ​ជា ២% នៅ​ឆ្នាំ ២០២១ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ៥% ក្នុង​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ