អានតួអត្ថបទ
កូរ៉ូណាវីរុស

តើកូរ៉ូណាវីរុស ផ្លាស់ប្តូរ​រូបរាងថ្មី​នឹងអាច​ប៉ះពាល់​ដល់​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ដែរឬទេ?

ខណៈពេលដែ​អង់គ្លេស​កំពុងបើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ ជំងឺកូវីដ​១៩ អ្នកជំនាញ​សុខភាពអង់គ្លេស​បានកត់សំគាល់ រកឃើញ មេរោគកូរ៉ូណា​ផ្លាស់ប្តូរ រូបរាង​ក្នុង​ចំណោម​អ្នកជំងឺ​អង់គ្លេស​ប្រមាណ ១ ០០០​នាក់។ អង់គ្លេស​បាន​ជូនដំណឹង​នេះរួចរាល់ហើយ ទៅ អង្គការ​សុខភាព​ពិភពលោក។ អង្គការ​សុខភាព​ពិភពលោក​ដែល​ទើប​បាន​ប្រកាស​កាលពី ថ្ងៃ​ពុធ​ថា នឹង​បញ្ជូន​អ្នកជំនាញ អន្តរជាតិ​ទៅ​ទីក្រុង​វូហាន ប្រទេស​ចិន នៅ​ខែ​មករា ដើមឆ្នាំ​ក្រោយ ដើម្បី ឲ្យ​ទៅ​ស្រាវជ្រាវ ស៊ើបអង្កេត​រកប្រភពដើមដំបូង​នៃ​ជំងឺកូវីដ ១៩។ 

ចាប់តាំង​ផ្ទុះកើតមាននៅទីក្រុង​វូហាន នៅ​ខែធ្នូ ២០១៩ រហូត​ដល់​សព្វថ្ងៃ កូរ៉ូណាវីរ៉ុស​អាច​បំផ្លែងខ្លួន ជាមេរោគថ្មី ក្នុងចំនួន ១២០០០​ខុសៗគ្នា
ចាប់តាំង​ផ្ទុះកើតមាននៅទីក្រុង​វូហាន នៅ​ខែធ្នូ ២០១៩ រហូត​ដល់​សព្វថ្ងៃ កូរ៉ូណាវីរ៉ុស​អាច​បំផ្លែងខ្លួន ជាមេរោគថ្មី ក្នុងចំនួន ១២០០០​ខុសៗគ្នា Radoslav Zilinsky/Getty Images
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​អង់គ្លេស រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​បានជូនដំណឹង ទៅ​អង្គការ​សុខភាព​ពិភពលោក នៅ សប្តាហ៍នេះ ពី​ការរកឃើញ​ករណី​បំផ្លែងខ្លួន របស់​មេរោគកូរ៉ូណា ក្នុងខ្លួន​របស់​អ្នកជំងឺ​អង់គ្លេស ១ពាន់នាក់។ ការបំផ្លែង ផ្លាស់ប្តូរ​ទម្រង់ដើម ជារឿង​ធម្មតា ដែល​ធ្លាប់​កើត​មានជាញឹកញយ នៅក្នុង​ដំណើរការ​វិវឌ្ឍ​របស់​មេរោគ។ ចាប់តាំង​ពី​ផ្ទុះជំងឺកូវីដ ១៩​នៅទីក្រុង​វូហាន កូរ៉ូណាវីរុស​បាន​បំផ្លែង​ខ្លួន ខុសៗ​គ្នា ក្នុង​ចំនួន ១២០០០។ នៅ​ខែ​វិច្ឆិកា​កន្លងទៅ អាជ្ញាធរ​ដាណឺម៉ាក បានបញ្ជា​ឲ្យ​គេ​សម្លាប់សត្វ​សំពោច​ចិញ្ចឹម ១៥លាន​ក្បាល នៅក្រោយ​រកឃើញ​ថា មេរោគកូរ៉ូណា​ដែល​ឆ្លង​ចេញ​ពី សត្វ​សំពោច​ទៅ មនុស្ស បាន​ផ្លាស់ប្តូរ​រូបរាងថ្មី។

នៅក្នុង​ករណី​អង់គ្លេស អាជ្ញាធរ​កំពុង​សង្ស័យ​ថា មេរោគកូរ៉ូណា ដែល​ផ្លាស់ប្តូរ​រូបរាងថ្មី​នេះ អាច​ឆ្លងលឿន ជាងមេរោគចាស់ ព្រោះ​ថា នៅ មួយរយៈចុងក្រោយនេះ ករណី ឆ្លងជំងឺកូវីដ​ នៅ​អង់គ្លេស បាន​កើនឡើង​លឿនខ្ពស់។ អ្នកជំនាញសុខភាព​អង់គ្លេស​កំពុង​តាមដាន​ផងដែរថា តើ​មេរោគកូរ៉ូណា ដែលបំផ្លែងខ្លួន ថ្មី​នឹង​អាច​ប៉ះពាល់​ទៅដល់​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង បង្ការ​កូវីដ ដូចជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ឬ​Moderna ដែរឬទេ។

សូមបញ្ជាក់ថា ​ដើម្បី​ផលិត​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ ​អ្នកជំនាញ​បាន​ពឹងផ្អែក ច្រើន​លើ​ព័ត៌មាន​ស្តី​ពី​ប្រូតេអ៊ីន Spike ដែល​មេរោគកូរ៉ូណា​ប្រើ​ជា​គន្លឹះសំខាន់ សម្រាប់​ពង្រីករាលដាល​ក្នុង​ខ្លួនមនុស្ស។ អ្នកជំនាញ​សុខភាព​អង់គ្លេស​កំពុង​សិក្សា​តាមដាន​បន្ត​មើលថា បើ​ប្រូតេអ៊ីន Spike បំផ្លែងខ្លួន តើ​វា​នឹង​អាច​ប៉ះពាល់ ដល់​វ៉ាក់សាំង ក៏ដូចជា​ល្បឿន​នៃ​ការឆ្លងរាលដាល​របស់មេរោគថ្មី​ដែរ​ឬទេ។

នៅពេល​អាជ្ញាធរ​អង់គ្លេស​កំពុង​តាមដាន​ពីផលប៉ះពាល់​នៃ​ការបំផ្លែង​ខ្លួន​របស់​មេរោគកូរ៉ូណាថ្មី អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជាក់​ពី​ការចាប់ផ្តើម​ការស៊ើបអង្កេត​ជាផ្លូវការ​ទៅលើ​ប្រភពដើមដំបូង​របស់កូរ៉ូណាវីរុស នៅទីក្រុង​វូហាន​ប្រទេស​ចិន។ តាម​អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក ក្រុមវិទ្យាសាស្រ្ត​អន្តរជាតិ ១០នាក់  មកពី ១០ប្រទេស ដូចជា អង់គ្លេស អាមេរិក ដាណឺម៉ាក អូស្ត្រាលី វៀតណាម អាល្លឺម៉ង់ កាណាដា និង​ជប៉ុន​ជាដើម នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​វូហាន នៅ​ខែ​មករា​ខាងមុខ។ នៅ​ចុងខែ​តុលា ​អ្នកជំនាញ​ចិន ធ្លាប់​បាន​ប្រជុំ​តាមសន្និសីទ​វីដេអូ ជាមួយ ក្រុមអ្នកវិទ្យាសាស្រ្ត ​អន្តរជាតិ ប៉ុន្តែ មិន​កំណត់​ថ្ងៃ​ចុះ​ធ្វើបេសកកម្ម​នៅ​ចិន​នោះទេ។ អាមេរិកដែល​មានអ្នកឆ្លង និង​ស្លាប់ច្រើនជាងគេ​នៅក្នុង​ពិភពលោក ធ្លាប់​បាន​ចោទប្រកាន់ ចិន​ថា បាន​ព្យាយាម​លាក់បាំង ការពិត និង​ពន្យារពេល មិន​ឲ្យ​អ្នកជំនាញ​អន្តរជាតិ ចូល​ទៅ ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​មេរោគកូរ៉ូណា ដែល​ផ្ទុះកើតចេញ ដំបូង​ពីផ្សារ​លក់​សាច់ព្រៃ នៅទីក្រុង​វូហាន។

បេសកកម្ម​របស់​អ្នកវិទ្យាសាស្រ្ត​អន្តរជាតិ មាន​គោលដៅ រកប្រភពដំបូង​នៃ មេរោគកូរ៉ូណា និង​ដើម្បី​ចង់​ដឹងថា តើ​មេរោគ​កូរ៉ូណា​អាច​ឆ្លងមក​មនុស្ស​បានយ៉ាងម៉េច។ អ្នកវិទ្យាសាស្រ្ត​គិតថា សត្វប្រជៀវ​ជាអ្នកផ្ទុកមេរោគកូរ៉ូណា ប៉ុន្តែ គេ​នៅតែ​មិនទាន់ដឹងច្បាស់ថា តើ​សត្វណាមួយ ដែល​អាច​ចម្លង​មេរោគ​កូរ៉ូណា មក​មនុស្ស។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក គោលដៅ​ស៊ើបអង្កេត​របស់​អ្នកវិទ្យាសាស្រ្ត គឺ​រកប្រភព និង​ដើម្បី​ជៀសវាង​ការឆ្លងមេរោគ​រាតត្បាត បែបនេះ ទៅ​ថ្ងៃ​អនាគត ពោល​គឺ​មាន​ចេតនា​ដើម្បី​រករឿង​ស្តីបន្ទោសភាគី​ណាមួយនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ