អានតួអត្ថបទ
ប្រែប្រួលអាកាសធាតុ

ទោះមាន​បាតុភូត La Nina ឆ្នាំ២០២០​នៅ​តែជាឆ្នាំ ដែលផែនដី​មាន​អាកាសធាតុ​ក្តៅខ្លាំង​បំផុត ដូច​ឆ្នាំ ២០១៦

ឆ្នាំ២០២០​បាន​ចូល​រួម​ជាមួយ​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩ ក្នុង​នាមជា​ឆ្នាំ ដែល​ក្តៅបំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សលោក។ ដូចឆ្នាំ ២០១៦ កំដៅ​លើ​ផែនដី​ នៅ ឆ្នាំ ២០២០ បាន​កើនឡើង ១,២៥​អង្សា។ ប៉ុន្តែ ខុសផ្ទុយ​ពី​ឆ្នាំ ២០១៦ ដែល​មាន​បាតុភូត El Nino ជួយ​ជំរុញ​ផែនដី​ឲ្យ​ឡើងកំដៅ នៅ​ឆ្នាំ ២០២០ កន្លងទៅ ផែនដី​នៅតែ​ឡើងកំដៅ​ដដែល បើ​ទោះបី ជា​មាន​បាតុភូត La Nina ​ជួយ​ធ្វើ​ឲ្យ​អាកាសធាតុ​ចុះ​ត្រជាក់​ក៏​ដោយ។ សម្រាប់​បណ្តាញ អឺរ៉ុប  Copernicus​ដែល​ធ្វើការ​តាមដាន​ការប្រែប្រួល​អាកាសធាតុ ការណ៍នេះ ​សបញ្ជាក់​ឲ្យ​ឃើញ​ថា គេ​ត្រូវ​ប្រញាប់​ចាត់វិធានការ​បន្ទាន់ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការឡើង​កំដៅ​លើ​ផែនដី។ 

ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ព្យាយាម​ពន្លត់ភ្លើងឆេះព្រៃ សន្ធោសន្ធៅ ដែល​កើតឡើង​ដោយសារ​អាកាសធាតុ​ក្តៅស្ងួត​ហួតហែង អស់ជាច្រើនឆ្នាំ នៅ​រដ្ឋ​កាលីហ្វ័នី កាលពី​ខែ​សីហា​ឆ្នាំ ២០២០
ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ព្យាយាម​ពន្លត់ភ្លើងឆេះព្រៃ សន្ធោសន្ធៅ ដែល​កើតឡើង​ដោយសារ​អាកាសធាតុ​ក្តៅស្ងួត​ហួតហែង អស់ជាច្រើនឆ្នាំ នៅ​រដ្ឋ​កាលីហ្វ័នី កាលពី​ខែ​សីហា​ឆ្នាំ ២០២០ AP - Noah Berger
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍ ចេញផ្សាយ នៅ​ដើម​ខែ​ធ្នូ កន្លងទៅ អង្គការ​ឧតុនិយម​អន្តរជាតិ ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​ចេញ សេចក្តី សន្និដ្ឋាន​ហើយថា ឆ្នាំ ២០២០ ស្ថិតក្នុង​ចំណាត់ថ្នាក់​ឆ្នាំ ដែល​ផែនដី​មាន​អាកាសធាតុ​ក្តៅខ្លាំង ដូចឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩។ ប៉ុន្តែ អ្វី​ដែល​បណ្តាញ អឺរ៉ុប  Copernicus​ដែល​តាមដាន​ការប្រែប្រួល​អាកាសធាតុ បាន​កត់សំគាល់​ឃើញ​ថ្មី គឺ ឆ្នាំ ២០២០ ផែនដី នៅតែ​មាន​អាកាសធាតុ​ក្តៅខ្លាំងដូច ជា​ឆ្នាំ ២០១៦ បើទោះបីមាន បាតុភូត La Nina ជួយ​ធ្វើ​ឲ្យ​អាកាសធាតុ​ចុះ​ត្រជាក់។

គេ​វាយតម្លៃថា នៅ​ឆ្នាំ ២០១៦ ឆ្នាំ ដែល​ផែនដី​មាន​អាកាសធាតុក្តៅខ្លាំង មិនធ្លាប់មាន គឺ​ធ្លាប់​កើតមាន បាតុភូត El Nino ដែល​គេ​វាយតម្លៃថា បាន​ជួយ​បន្ថែម ធ្វើ​ឲ្យ​កំដៅ លើ​ផែនដី កើនឡើង ០,១ ឬ ០,២​អង្សា។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា បើសិន ជា​គ្មាន​បាតុភូត ធម្មជាតិ ទាំងពីរ El Nino និង​La Nina ទេ កំដៅ​នៅលើ​ផែនដី នៅ ឆ្នាំ ២០២០ គឺ​ក្តៅ ជាងឆ្នាំណាៗ​ទាំងអស់។ ផែនដី​ឡើង​កម្តៅ ខ្លាំង នៅ​ឆ្នាំ ២០២០ អាច​បណ្តាល​ជាលទ្ធផល​នៃ​ការឡើងកំដៅ បន្តិចម្តងៗ នៅ​ប៉ុន្មាន​ទសវត្សរ៍ ចុងក្រោយនេះ។ បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ អាកាសធាតុ នៃ​វិទ្យាស្ថាន Breakthrough ចាប់តាំង​ពី​ឆ្នាំ ១៩៧៩ ផែនដី​ឡើងកំដៅ ប្រមាណ ០,២អង្សា ក្នុង​មួយទសវត្សរ៍។

នៅ​ទឹកដី អឺរ៉ុប​ដែល​រងគ្រោះ​ដោយសារ​រលកកំដៅ មិនធ្លាប់​មាន​នៅ​ឆ្នាំ ២០២០ សីតុណ្ហភាព បានកើនឡើង​ប្រមាណ ០,៤អង្សា បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៩ ឬ ២,២អង្សារ បើប្រៀបធៀប​នឹង​រយៈពេល បុរេឧស្សាហកម្ម។

សម្រាប់​ប្រធាន​បណ្តាញ អឺរ៉ុប  Copernicus​ដែល​តាមដាន​ការប្រែប្រួល​អាកាសធាតុ វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ដែល​ផែនដី​ឡើងកម្តៅ​កាន់តែ ខ្លាំង ​នៅ ប៉ុន្មានទសវត្សរ៍​ចុងក្រោយ​នេះ។ វា​ក៏ជា​សញ្ញា​ដាស់តឿន​ផងដែរ ឲ្យ​គេ​ចាត់វិធានការ​បន្ទាន់ និង​សំខាន់​បំផុត ក្នុងការ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ដើម្បីទប់ស្កាត់​គ្រោះមហន្តរាយ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។

កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ២០១៥​ បាន​កំណត់​នូវ​គោលដៅ​រួមមួយ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​របស់​យើង​កើនឡើង លើសពី ២អង្សា ឬ​បើ​អាច​ធ្វើ​ទៅរួច កម្រិត​ឲ្យ​បាន​ត្រឹមយ៉ាងច្រើន ១,៥អង្សា។ ប៉ុន្តែ នៅពេល​កំដៅ នៅលើ​ផែនដី កើនឡើង ប្រមាណ ១,១​អង្សា មនុស្ស​លើ​ផែនដី​បាន​ជួបរងគ្រោះ បណ្តើរៗរួចទៅហើយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដែល​មាន​តាំង​ពី​គ្រោះមហន្តរាយ​ធម្មជាតិ ទឹកភ្លៀង ទឹកជំនន់ ព្យុះ សង្ឃរានៅ​តំបន់ការ៉ាអ៊ីប ភាពរាំងស្ងួត ភ្លើងឆេះព្រៃនៅ តំបន់ស៊ីបេរី និងនៅ​រដ្ឋកាលីហ្វ័នី ដោយសារ​អាកាសធាតុ ក្តៅខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ