អានតួអត្ថបទ
អ.ស.ប.-ស្រីលង្កា

ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនសង្រ្គាមក្នុងប្រទេសស្រីលង្កា

លោកស្រី​​មីស្ហែល បាស្ហឺឡេ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ​លើ​ជម្លោះ​រវាង​ចលនា​ឧទ្ទាម​ផ្តាច់ទឹកដីនិយម​តាមូល និង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ស្រីលង្កា។ សំណើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​កម្រាស់ ១៧ទំព័រ​ដែល AFP ទទួល​បាន​នៅ​មុន​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ នៅ​ក្នុង​របាយការណ៍​ដដែល លោកស្រី​បាស្ហឺឡេ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ជនជាប់ចោទ​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ស្ថិត​ក្នុង​ជួរ​កងទ័ព និង​នៅ​ខាង​ចលនា​ឧទ្ទាម​តាមូល។

លោកស្រីមីស្ហែល បាស្ហឺឡេ ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ
លោកស្រីមីស្ហែល បាស្ហឺឡេ ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ស្រីលង្កា សង្រ្គាម​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​ផ្តាច់ទឹកដី​និយម​តាមូល​មាន​រយៈពេល ៣៧ឆ្នាំ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១០០ ០០០នាក់។ គឺ​ទើប​នៅ​ជាង ១០ឆ្នាំ​មុន​នេះ​ទេ ពោល​ក្នុង​ខែ​ឧសភា ឆ្នាំ ២០០៩ ដែល​ជម្លោះ​មួយ​នេះ​បាន​បិទបញ្ចប់។ តែ​នៅ​ប៉ុន្មាន​ខែ​មុន​ការ​បិទបញ្ចប់ មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម​រវាង​ភាគី​ទាំង​ពីរ ពិសេស​ការ​សម្លាប់​រង្គាល​លើ​ពួក​ឧទ្ទាម​តាមូល និង​ជនស៊ីវិល​តាមូល​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​ជំនាន់​នោះ។ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោកស្រី​បាស្ហឺឡេ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ កម្មវត្ថុ​ដែល​លោកស្រី​បាស្ហឺឡេ​ចង់​បាន គឺ​អូស ក ក្រុម​ជន​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋកម្មសង្រ្គាម​ទៅ​កាត់ទោស ទោះ​ជា​ស្ថិត​ក្នុង​ជួរ​កងទ័ព ឬ​ក្នុង​ចលនា​ឧទ្ទាម​តាមូល។

តាម​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស មាន​ជនស៊ីវិល​តាមូល​យ៉ាង​តិច ៤០ ០០០នាក់​ត្រូវ​បាន​ទ័ពរដ្ឋាភិបាល​សម្លាប់​នៅ​ប៉ុន្មាន​ខែ​មុន​សង្រ្គាម​បិទបញ្ចប់។ តែ​តួលេខ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ស្រីលង្កា​ច្រាន​ចោល។ របាយការណ៍​ជា​ច្រើន​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចោទ​ទ័ពរដ្ឋាភិបាល​ស្រីលង្កា​ពី​បទ​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​ខ្លួន​ប្រជាជន​តាមូល​ជា​ច្រើន​ពាន់នាក់ ទម្លាក់​គ្រាប់បែក​លើ​តំបន់​តាមូល​គ្រប់ទីកន្លែង វាយប្រហារ​លើ​មន្ទីរពេទ្យ និង​សម្លាប់​ពួក​ឧទ្ទាម​តាមូល​ដែល​បាន​ចុះចូល។ គួរ​រម្លឹក​ថា​នៅ​ក្រោយ​បិទបញ្ចប់​សង្រ្គាម រដ្ឋាភិបាល​ស្រីលង្កា​ជំនាន់​នោះ​បាន​សន្យា​ពី​ការ​ផ្សះផ្សាជាតិ និង​វែក​មុខ​រក​ជនដៃដល់​ទៅ​កាត់ទោស។ តែ​ពាក្យ​សន្យា​នេះ​មាន​តែ​នៅ​លើ​ក្រដាស។

បន្ទាប់​មក លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​ដែល​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៩ បាន​លុបចោល​ការ​សន្យា​មួយ​ចំនួន​របស់​រដ្ឋាភិបាល​មុន និង​សន្យា​មិន​តាម​កាត់ទោស​ទាហាន​ដែល​បាន​សម្លាប់​ពួក​ឧទ្ទាម​តាមូល​ទេ។ គួរ​បញ្ជាក់​ថា លោក​រ៉ាយ៉ាប៉ាក់សា​ជា​អតីត​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​ក្នុង​រដ្ឋាភិបាល​ចាស់​ដែល​បាន​វាយ​ឈ្នះ​ពួក​ឧទ្ទាម​តាមូល។ នៅ​ក្នុង​របាយការណ៍ លោកស្រី​បាស្ហឺឡេ​បាន​ស្នើ​ជា​លើកទី១ ឲ្យ​មាន​ការ​បញ្ជូន​សំណុំរឿង​ស្រីលង្កា​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​អំពាវនាវ​ឲ្យ​​មាន​វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋជនសង្រ្គាម​ដោយ​រាប់​បញ្ចូល​ពួក​ឧទ្ទាម​តាមូល​ផង។

ទន្ទឹម​គ្នា​នេះ លោកស្រី​បាស្ហឺឡេ​ក៏​បាន​ស្នើ​ឲ្យ​មាន​ទណ្ឌកម្ម​ផ្ទាំងស៊ីប​ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ ឬ​ការ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ដែន​របស់​ក្រុមជនជាប់​សង្ស័យ​ក្នុង​រឿង​រំលោភសិទ្ធិមនុស្ស។ សូម​បញ្ជាក់​ថា ស្រីលង្កា​មិនមែន​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។ តែ​លោកស្រី​បាស្ហឺឡេ​បាន​អះអាង​ថា បើ​រដ្ឋ​សមាជិក​មិន​អាច​បញ្ចូន​រដ្ឋ​មិន​សមាជិក​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន អង្គការ​សហប្រជាជាតិ​មាន​សិទ្ធិ​ពេញទី​ដើម្បី​ធ្វើ​កិច្ចការ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ